
រាជធានីភ្នំពេញ៖ តំណាងក្រសួងយុត្តិធម៌នៃព្រះរាជាណាចក្រកម្ពុជា និងតំណាងក្រសួងយុត្តិធម៌នៃសាធារណរដ្ឋកូរ៉េ បានចុះអនុស្សរណៈៈយោគយល់គ្នា (MoU) បង្កើនកិច្ចសហប្រតិបត្តិការរួមគ្នា ដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃយន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការនៅកម្ពុជា...។

ក្រសួងយុត្តិធម៌ បានឱ្យដឹងកាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៦ ថា អនុស្សរណៈយោគយល់គ្នានេះ ត្រូវបានចុះហត្ថលេខាដោយ លោក ជិន ម៉ាលីន រដ្ឋលេខាធិការប្រចាំការក្រសួងយុត្តិធម៌ និងជាអនុប្រធានប្រចាំការអាជ្ញាធរដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ដ.ក.) និង លោក កាង ជុនហា (Kang Junha) អនុរដ្ឋមន្រ្តីយុត្តិធម៌សាធារណរដ្ឋកូរ៉េ។ ពិធីចុះហត្ថលេខានេះ ធ្វើឡើងក្នុងឱកាសលោក ជិន ម៉ាលីន អញ្ជើញដឹកនាំគណៈប្រតិភូចំនួន២៥រូប ទៅបំពេញទស្សនកិច្ចសិក្សានៅសាធារណរដ្ឋកូរ៉េ នាថ្ងៃទី២២-២៣ ខែតុលា។

ក្នុងដំណើរទស្សនកិច្ចរយៈពេល២ថ្ងៃ ក្រៅពីការចុះ MoU លោក ជិន ម៉ាលីន និងគណៈប្រតិភូនៃក្រសួងយុត្តិធម៌ និង អ.ដ.ក. ក៏បានជួបប្រជុំពិភាក្សាការងារជាមួយថ្នាក់ដឹកនាំនៃក្រសួងយុត្តិធម៌កូរ៉េ, Korean Commercial Arbitration Board (KCAB) និង United Nations Commission on International Trade Law (UNCITRAL) ប្រចាំតំបន់អាស៊ីនិងប៉ាស៊ីហ្វិក។ ក្នុងឱកាសនោះ លោកក៏បានស្នើដល់ភាគីកូរ៉េ ឱ្យបន្តគាំទ្រដល់ក្រសួងយុត្តិធម៌កម្ពុជា និង អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ តាមរយៈការរៀបចំដំណើរទស្សនកិច្ច និងការរៀបចំវគ្គបណ្ដុះបណ្ដាលពង្រឹងសមត្ថភាពប្រចាំឆ្នាំបន្ថែមទៀតសម្រាប់មន្ត្រីរាជការនៃក្រសួងយុត្តិធម៌ ដោយរួមបញ្ចូលទាំងមន្ត្រីសម្រុះសម្រួលវិវាទរបស់ អ.ដ.ក. ផងដែរ៕




