ប្រាសាទតាព្រហ្ម ជាសាក្សីប្រវត្តិសាស្ត្រនៃមណ្ឌលអប់រំសាសនា និងសេដ្ឋកិច្ចដ៏រុងរឿងនាសម័យបុរាណ
S
Sreyleak Yith
•
4 ម៉ោងមុន

ក្រុងអង្គរ៖ ប្រាសាទតាព្រហ្ម ស្ថិតនៅលើផ្លូវវង់តូច តាមទិសដៅផ្លូវទ្វារជ័យ បន្ទាប់ពីប្រាសាទតាកែវ ប្រហែលមួយគីឡូម៉ែត្រ និងមានកំពែងជាប់កំពែងប្រាសាទបន្ទាយក្ដីនៅទិសពាយ័ព្យ។ នេះបើតាមការបញ្ជាក់ពីអាជ្ញាធរជាតិអប្សរា...។

អាជ្ញាធរជាតិអប្សរា គូសបញ្ជាក់ថា ប្រាសាទតាព្រហ្ម មានឈ្មោះដើមថា រាជវិហារ កសាងឡើងក្នុងឆ្នាំ១១៨៦ នៃគ្រិស្តសករាជ ក្នុងរជ្ជកាលព្រះបាទជ័យវម៌ទី៧ តាមរចនាបថបាយ័ន ដើម្បីឧទ្ទិសថ្វាយព្រះមាតារបស់ព្រះអង្គ ក្រោមរូបភាពជាព្រះពោធិសត្វប្រាជ្ញាបារមី ជាព្រះតំណាងឱ្យប្រាជ្ញាញាណ និងគតិបណ្ឌិតនៃពុទ្ធសាសនាមហាយាន ដោយមានរូបព្រះបដិមា តម្កល់នៅក្ដីកណ្តាល។ ក្រៅពីមានតួនាទីជាសំណង់សាសនាដ៏ធំមហិមា ប្រាសាទនេះ បើតាមអ្នកស្រាវជ្រាវយល់ថា ក៏ជាមណ្ឌលអប់រំបណ្ដុះបណ្ដាល ដែលមានវិសាលភាពប្រៀបបាននឹងសាកលវិទ្យាល័យដ៏ធំសម្បើមមួយ ស្ថិតក្រោមការគ្រប់គ្រងផ្ទាល់របស់ព្រះមហាក្សត្រីឥន្ទ្រទេវី។ ផ្នែកស្ថាបត្យកម្ម ប្រាសាទនេះ ត្រូវបានកសាងឡើងពីថ្មភក់ និងថ្មបាយក្រៀម មានកំពែង៥ជាន់ និងប្រាសាទរណបចំនួន៣៩ នៅលើផ្ទៃដីប្រមាណ៦០ហិកតា ដោយកំពែងខាងក្រៅ មានទំហំ៧០០គុណ១០០០ម៉ែត្រ។

ផ្អែកតាមការស្រាវជ្រាវរបស់លោកបណ្ឌិតស្ថាបត្យជនជាតិបារាំង លោក អូលីវីយ៉េ គូនីន (Olivier CUNIN) យល់ថា ប្រាសាទតាព្រហ្ម សាងសង់ឡើងចំនួន៦ដំណាក់កាល ដោយដំណាក់កាលទី១ កសាងក្ដីកណ្តាល និងរោងទងទី១ខាងក្នុង។ ដំណាក់កាលបន្ទាប់ ត្រូវបានបន្ថែម និងកែប្រែដោយព្រះមហាក្សត្រជំនាន់ក្រោយៗ រហូតមានរចនាសម្ព័ន្ធធំទូលាយ និងធំធេង។ ក្នុងនោះ នៅចំពីមុខខ្លោងទ្វារខាងកើតនៃកំពែងទី៣ មានអគារខ្វែង ដែលហៅថា សាលរបាំ។ នៅផ្នែកខាងជើង និងភាគខាងត្បូង នៅក្នុងកំពែងទី៣នេះ មានសំណង់អគារជាច្រើន កសាងសម្រាប់ឧទ្ទិសថ្វាយដល់ព្រះគ្រូ និងព្រះរាមរបស់ព្រះរាជា។ លើសពីនេះ ផ្អែកតាមភស្តុតាងប្រវត្តិសាស្ត្រដ៏សំខាន់ គឺសិលាចារឹកតាព្រហ្ម លេខបញ្ជី K.២៧៣ ជាភាសាសំស្ក្រឹត មានចំនួន១៤៧ស្លោក ចារក្នុងឆ្នាំ១១៨៦ ត្រូវបានសិក្សា និងប្រែសម្រួលដោយអ្នកប្រាជ្ញជនជាតិបារាំង លោក ហ្សកហ្សឺ គួដេស (George Cœdès) បញ្ជាក់ថា តំបន់ប្រាសាទនេះ ប្រៀបដូចជាមណ្ឌលធំមួយ ដែលមានសកម្មភាពសេដ្ឋកិច្ច និងរដ្ឋបាលដ៏មានសារសំខាន់ នាសម័យអង្គរ។

សិលាចារឹកនេះ បានកត់ត្រាពីការគ្រប់គ្រងរដ្ឋបាលដែនដីចំនួន៣១៤០ភូមិ និងប្រជាជនទទួលបន្ទុក ថែទាំប្រាសាទរហូតដល់៧៩៣៦៥នាក់ រួមមាន៖ គ្រូចំនួន១៨នាក់ មន្ត្រីចំនួន២៧៤០នាក់ ជំនួយការ២២០២នាក់ និងអ្នករាំរបាំថ្វាយព្រះ ចំនួន៦១៥នាក់ ព្រមទាំងមានប្រជាជនរស់នៅក្នុងតំបន់ និងភូមិជុំវិញប្រមាណ៨ម៉ឺននាក់។ នៅក្នុងប្រាសាទ ក៏មានរក្សាទុកនូវទេវទ្រព្យមហាសាល រួមមាន៖ ចានមាសសរុបទម្ងន់ជាង៥០០គីឡូក្រាម ត្បូងពេជ្រចំនួន៣៥៣៥គ្រាប់ គុជខ្យងចំនួន៤០៦២០គ្រាប់ ត្បូងមានតម្លៃចំនួន៤៥៤០គ្រាប់ កំណាត់សូត្រចំនួន៥១២ផ្ទាំង ក្លស់៥២៣ ព្រមទាំងស្បៃដែលធ្វើពីកំណាត់នាំចូលពីប្រទេសចិន៨៧៦ផ្ទាំង៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត