ជាង២សប្ដាហ៍ ប៉ូលិសក្រុងព្រះសីហនុ ចាប់ខ្លួនជនសង្ស័យ២៥នាក់ ក្នុងចំណោមបទល្មើស១៨ផ្សេងគ្នា
Chanmarady Chuon
•
5 ម៉ោងមុន

ក្រុងព្រះសីហនុ៖ កម្លាំងនគរបាលក្រុងព្រះសីហនុ បានបើកប្រតិបត្តិការស្រាវជ្រាវ និងបង្ក្រាបបទល្មើសផ្សេងៗ បានចំនួន១៨ករណី ឃាត់ខ្លួនជនសង្ស័យសរុប២៥នាក់ ត្រឹមរយៈពេលជាង២សប្ដាហ៍ប៉ុណ្ណោះ ពោលគឺចាប់ពីថ្ងៃទី០៣ ដល់ថ្ងៃទី១៨ ខែតុលា…។

ផ្អែកតាមរបាយការណ៍របស់មន្ត្រីសមត្ថកិច្ច បានឱ្យដឹងកាលពីរសៀលថ្ងៃសៅរ៍ទី២៤ ខែតុលាថា ជនសង្ស័យទាំង២៥នាក់ ត្រូវបានកសាងសំណុំរឿងបញ្ជូនទៅកាន់អយ្យការអមសាលាដំបូងខេត្តព្រះសីហនុ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ព្រមទាំងបន្តស្រាវជ្រាវ ស្វែងរកបក្ខពួកដែលកំពុងរត់គេចខ្លួន ដើម្បីយកមកផ្តន្ទាទោសបន្ថែមទៀត។ ក្នុងប្រតិបត្តិការខាងលើ សមត្ថកិច្ចនគរបាល បានបង្ក្រាបបទល្មើសជាច្រើនករណី រួមមាន៖ អំពើចោរកម្ម, រំលោភលើទំនុកចិត្ត, ប៉ុនប៉ងចោរកម្ម (លួចម៉ូតូ ខ្សែភ្លើង និងសម្ភារលោហៈ), អំពើហិង្សាដោយចេតនា និងករណីកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត។

ជាលទ្ធផល វត្ថុតាងដែលដកហូតបានរួមមាន៖ ទោចក្រយានយន្ត១២គ្រឿង,​ អាវុធខ្លី ១ដើម (ព្រមទាំងបង់ និងគ្រាប់រំសេវ២គ្រាប់), ទូរសព្ទដៃ, ខ្សែភ្លើង, សម្ភារលោហៈ, ឧបករណ៍កាត់ខ្សែ, កាំបិត, ទួណឺវីស និងសម្ភារពាក់ព័ន្ធមួយចំនួនទៀត។ ចំពោះសម្ភារ និងវត្ថុតាង ដែលជាផលនៃអំពើល្មើស ត្រូវបានសមត្ថកិច្ចនគរបាល ប្រគល់ជូនម្ចាស់ដើមវិញ។ គូសបញ្ជាក់ថា ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ប្តេជ្ញាបន្តពង្រឹងការល្បាត ស្រាវជ្រាវ និងបង្ក្រាបបទល្មើសគ្រប់ប្រភេទ ដើម្បីធានាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សង្គម ជូនដល់ប្រជាពលរដ្ឋ ភ្ញៀវទេសចរ ព្រមទាំងវិនិយោគិនទាំងអស់ក្នុងខេត្តព្រះសីហនុ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត