
ខេត្តត្បូងឃ្មុំ៖ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ នៅព្រឹកថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៣នេះបានផ្តាំផ្ញើជូនដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់នៃខេត្តត្បូងឃ្មុំ ត្រូវពង្រឹងប្រសិទ្ធភាពការងារ និងយកចិត្តទុកដាក់ក្នុងការអនុវត្តច្បាប់ប្រកបដោយតម្លាភាព សុចរិតភាព និងត្រូវប្រកាន់ខ្ជាប់នូវអនាគតិធម៌ទាំង៤ និងសុគតិធម៌ទាំង៥ នៅពេលជំនុំជម្រះក្ដី និងអភិក្រមដ៏ថ្លៃថ្លាទាំង៥របស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជាគឺ៖ ឆ្លុះកញ្ចក់ ងូតទឹក ដុះក្អែល ព្យាបាល និងវះកាត់...។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ថ្លែងបែបនេះ ក្នុងពិធីប្រកាសចូលកាន់តំណែងថ្មីរបស់ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តត្បូងឃ្មុំ ដោយលោក ងិន ពេជ ជំនួសលោក ឡុង ហុកម៉េង ដែលនឹងត្រូវផ្ទេរទៅជាព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តរតនគិរី។ ពិធីនេះ ក៏មានការអញ្ជើញចូលរួមពីសមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម, អគ្គលេខាធិការនៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម, រដ្ឋលេខាធិការ, អនុរដ្ឋលេខាធិការ, ថ្នាក់ដឹកនាំនៃសាលាឧទ្ធរណ៍ និងមហាអយ្យការអមសាលាឧទ្ធរណ៍ត្បូងឃ្មុំ រួមទាំងមន្ត្រីរាជការនៃរដ្ឋបាលខេត្តត្បូងឃ្មុំ និងប្រធានមន្ទីរ-អង្គភាពជុំវិញខេត្តផងដែរ។ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់ជូនថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃសាលាជម្រះក្ដីគ្រប់ជាន់ថ្នាក់ និងមន្ត្រីអនុវត្តច្បាប់ពាក់ព័ន្ធទាំងអស់ត្រូវមានការយកចិត្តទុកដាក់ខ្ពស់ លើការកែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌ ស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ នៃប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា សំដៅដល់យន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ពន្លឿនការដោះស្រាយសំណុំរឿង និងភាពមិនប្រក្រតីតាមតុលាការជាដើម។

បន្ថែមលើនេះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់ផងដែរលើការពង្រឹងសាមគ្គីភាពផ្ទៃក្នុង និងយកចិត្តទុកដាក់ដល់ការអភិវឌ្ឍសមត្ថភាពធនធានមនុស្ស ចំពោះថ្នាក់ដឹកនាំ ក៏ដូចមន្ត្រីរាជការក្រោមឱវាទទាំងផ្នែកបច្ចេកទេស សំដៅដល់ការបំពេញកាតព្វកិច្ច លើកកម្ពស់យុត្តិធម៌សង្គម ធ្វើខ្លួនជាឪពុកម្តាយ ជាបង្អែក ផ្តល់ភាពកក់ក្ដៅ ផ្តល់ជំនឿទុកចិត្តដល់បងប្អូនប្រជាពលរដ្ឋលើវិស័យយុត្តិធម៌នៅកម្ពុជា ជាពិសេសខេត្តត្បូងឃ្មុំនេះផ្ទាល់តែម្ដង។ចុងបញ្ចប់នៃកម្មវិធី គណៈអធិបតី បានធ្វើការបំពាក់មេដាយ ដល់អ្នកមានស្នាដៃក្នុងការបំពេញការងារនាពេលកន្លងមក និងផ្តល់កិត្តិយសថតរូបទុកជាអនុស្សាវរីយ៍ផងដែរ៕






