
(រាជធានីភ្នំពេញ) ៖ ថ្លែងក្នុងឱកាសបើកសន្និសីទបាត បូកសរុបការងារយុត្តិធម៌ ឆ្នាំ២០២១ និងលើកទិសដៅការងារ ឆ្នាំ២០២២ នៅព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០២២ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានបញ្ជាឱ្យត្រួតពិនិត្យមន្ត្រីថា តើមន្ត្រីណាខ្លះមកធ្វើការ មន្ត្រីណាខ្លះមិនមកធ្វើការ ខណៈក្រសួង ក៏កំពុងអភិវឌ្ឍការកែទម្រង់ស្ថាប័ន ។

ឯកឧត្តមកើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានបញ្ជាក់ច្បាស់ៗថា « ចាប់ពីចប់សន្និបាតនេះទៅ ឆ្នាំនេះជាឆ្នាំវិន័យក្នុងវិស័យយុត្តិធម៌។ ខ្ញុំបានណែនាំឱ្យចាប់ផ្តើមធ្វើការយកចិត្តទុកដាក់ ការត្រួតពិនិត្យមន្ត្រី តើមន្ត្រីណាខ្លះមកធ្វើការ មន្ត្រីណាខ្លះមិនមកធ្វើការ។ ក្រសួងយុត្តិធម៌ ក៏កំពុងអភិវឌ្ឍការកែទម្រង់ស្ថាប័ន អ្នកខ្លះមួយខែមកធ្វើការឃើញមុខម្ដង!»។
ឯកឧត្តមរដ្ឋមន្ត្រីបន្តថា ឥឡូវចាប់ពីនេះទៅ គឺឆ្នាំវិន័យ ដែលមានន័យថា ពង្រឹងខាងវិន័យ។ មន្ត្រីខ្លះមិនមកកន្លែងធ្វើការកន្លះឆ្នាំឯណោះ ដែលត្រូវចាត់វិធានការតាមផ្លូវច្បាប់។ យើងនិយាយពីប្រសិទ្ធភាពការងារយ៉ាងម៉េច បើមន្ត្រីអត់មកធ្វើការ»។

ឯកឧត្តមរដ្ឋមន្ត្រីថ្លែងថា ផ្អែកតាមលទ្ធផលរបាយការណ៍ក្នុងវិស័យយុត្តិធម៌ សម្រាប់ឆ្នាំ២០២១ គឺក្រសួងយុត្តិធម៌ និងសាលាក្ដីគ្រប់ជាន់ថ្នាក់ បានអនុវត្តន៍ការងារប្រកបដោយស្មារតីទទួលខុសត្រូវ ដោយសម្រេចបានសមិទ្ធផលធំៗជាច្រើន ជាអាទិ៍ ការរៀបចំសេចក្ដីព្រាងច្បាប់សំខាន់ៗ ក្នុងវិស័យយុត្តិធម៌ ការពិនិត្យ និងផ្តល់យោបល់ ផ្នែកទោសទណ្ឌ លើបញ្ញត្តិ និងបទដ្ឋានគតិយុត្តិ ដែលរៀបចំដោយក្រសួង/ស្ថាប័ននានា ការពង្រឹង និងបណ្តុះបណ្តាលសមត្ថភាពក្នុងវិស័យយុត្តិធម៌ ការដាក់ឱ្យដំណើរការសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តកែប ការរៀបចំកសាងហេដ្ឋារចនាសម្ព័ន្ធ និងភាពខ្វះខាត ដែលបម្រើវិស័យយុត្តិធម៌ សម្តៅលើកកម្ពស់ និងប្រសិទ្ធភាព ការផ្ដល់សេវាយុត្តិធម៌ និងការពង្រឹង និងការពង្រីកផ្នែកច្បាប់ ជាមួយអន្តរជាតិ៕





