
វ៉ាស៊ីនតោន៖ កាសែតឈានមុខគេរបស់អាម៉េរិក The New York Times កាលពីថ្ងៃទី២កក្កដាម្សិលមិញ បានចុះផ្សាយរបាយការណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដោយផ្អែកលើការទម្លាយពីមន្ត្រី និងអតីតមន្ត្រីសហរដ្ឋអាម៉េរិក ថា រដ្ឋធានីវ៉ាស៊ីនតោន ធ្លាប់មានការសង្ស័យ និងព្រួយបារម្ភយ៉ាងខ្លាំងថា ប្រទេសអ៊ីស្រាអែល ប្រហែលជាបានរៀបចំផែនការសម្ងាត់ ដើម្បីធ្វើឃាតក្រុមអ្នកចរចាកំពូលៗរបស់អ៊ីរ៉ង់ ក្នុងអំឡុងពេលនៃការចរចាបទឈប់បាញ់ដ៏រសើប កាលពីចន្លោះខែមីនា-ឧសភាកន្លងទៅ។

ប្រភពព័ត៌មានបានឱ្យដឹងថា រដ្ឋាភិបាលរបស់លោក ដូណាល់ ត្រាំ បានសម្ដែងការព្រួយបារម្ភជាខ្លាំង ថា រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក អាបាស អារ៉ាក់ឈី (Abbas Araghchi) និងប្រធានសភា លោក ម៉ូហាម៉ាត់ បាឃើ ហ្កាលីបាហ្វ (Mohammad Bagher Ghalibaf) អាចនឹងក្លាយជាគោលដៅវាយប្រហាររបស់អ៊ីស្រាអែល នៅពេលដែលកិច្ចចរចាបានឡើងកម្ដៅខ្លាំងក្នុងខែមេសា។ ភាពភ័យខ្លាចនេះ បានបង្ខំឱ្យសហរដ្ឋអាម៉េរិក សុំអន្តរាគមន៍ពីបណ្តាប្រទេសដទៃទៀតនៅក្នុងតំបន់ ឱ្យជួយផ្តល់ដំណឹងព្រមានជាបន្ទាន់ ទៅកាន់រដ្ឋធានីតេហេរ៉ង់ ព្រោះវ៉ាស៊ីនតោនយល់ថា ប្រសិនបើមានការប៉ុនប៉ងធ្វើឃាតណាមួយកើតឡើង នោះកិច្ចចរចាសន្តិភាពទាំងអស់នឹងត្រូវរលាយសាបសូន្យ ហើយភ្លើងសង្រ្គាមនឹងផ្ទុះឡើងជាថ្មីកាន់តែសាហាវ។

របាយការណ៍ដដែលបានលាតត្រដាងទៀតថា អាម៉េរិក បានដឹងថា យ៉ាងហោចណាស់ក៏លោក ហ្កាលីបាហ្វ ម្នាក់ដែរ ដែលត្រូវបានបញ្ជូនឈ្មោះចូលក្នុង «បញ្ជីខ្មៅមរណៈ» របស់អ៊ីស្រាអែល ធ្វើឱ្យអាម៉េរិកត្រូវចេញមុខហាមឃាត់អ៊ីស្រាអែលដាច់ខាតមិនឱ្យធ្វើសកម្មភាពនេះ។ កាសែតដដែល ក៏បានរំលឹកពីព្រឹត្តិការណ៍កាលពីខែមេសា ដែលយន្តហោះដឹកលោក ហ្កាលីបាហ្វ ត្រឡប់មកពីប្រទេសប៉ាគីស្ថាន ត្រូវបង្ខំចិត្តបង្វែរទិសដៅទៅចុះចតនៅទីក្រុង Mashhad វិញ ក្រោយប្រព័ន្ធសន្តិសុខអ៊ីរ៉ង់ រកឃើញថា យន្តហោះចម្បាំងអ៊ីស្រាអែល២គ្រឿង បានហោះចូលដែនអាកាសរបស់ខ្លួន។ ទោះជាយ៉ាងណា មន្ត្រីស្ថានទូតអ៊ីស្រាអែលប្រចាំរដ្ឋធានីវ៉ាស៊ីនតោន បានបដិសេធមិនផ្តល់ការអត្ថាធិប្បាយ ជុំវិញរឿងនេះទេ ខណៈមន្ត្រីអាម៉េរិកម្នាក់បានអះអាងថា លោក ដូណាល់ ត្រាំ នៅតែចង់ឱ្យដំណើរការសន្តិភាពរវាងអាម៉េរិក និងអ៊ីរ៉ង់ បន្តទៅមុខទៀតដដែល៕



