
រដ្ឋធានីវ៉ាស៊ីនតោន៖ ប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ បានសម្រេចបញ្ជូនកងទ័ពបន្ថែមប្រមាណ៩ពាន់នាក់ ទៅកាន់តំបន់មជ្ឈិមបូព៌ា បន្ទាប់ពីលោកបានចេញសារព្រមានដ៏ខ្លាំងក្លាជាថ្មីថា ការវាយប្រហារតាមអាកាសប្រឆាំងនឹងប្រទេសអ៊ីរ៉ង់ អាចនឹងកើតឡើងនាពេលឆាប់ៗខាងមុខនេះ…។

ជាមួយគ្នា លោក ដូណាល់ ត្រាំ ក៏បានទទួលស្គាល់របាយការណ៍ ដែលថា អាម៉េរិកអាចនឹងបើកការទម្លាក់គ្រាប់បែកបន្ថែមទៀតលើអ៊ីរ៉ង់ មុនពេលការបោះឆ្នោតពាក់កណ្តាលអាណត្តិនៅអាម៉េរិកមកដល់នាខែវិច្ឆិកាខាងមុខ។ លោកបានបញ្ជាក់ទៀតថា អ៊ីរ៉ង់ ទំនងជាមានការពាក់ព័ន្ធទៅនឹងការព្យាយាមប្លន់យន្តហោះដឹកអ្នកដំណើរឆ្ពោះទៅកាន់ប្រទេសអ៊ីស្រាអែល កាលពីពេលថ្មីៗនេះ។ ប្រធានាធិបតីមហាអំណាចរូបនេះ បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានដោយព្រមានចំៗថា ប្រសិនបើមានភស្តុតាងច្បាស់លាស់ថា អ៊ីរ៉ង់ នៅពីក្រោយខ្នងមែននោះ កុំបារម្ភ! អាមេរិកនឹងវាយបកវិញយ៉ាងធ្ងន់ធ្ងរបំផុត។

ដោយឡែក ពាក់ព័ន្ធនឹងការចរចាបញ្ចប់សង្គ្រាម មេដឹកនាំរដ្ឋធានីវ៉ាស៊ីនតោនរូបនេះ បានប្រកាសអាសន្នថា អ៊ីរ៉ង់ ត្រូវតែយល់ព្រមចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព បើពុំនោះទេ ប្រទេសនេះ នឹងលែងមានវត្តមាន[លើពិភពលោក]តទៅទៀតហើយ។ ការប្រកាសនេះ កើតឡើងបន្ទាប់ពីទីរដ្ឋធានីតេហេរ៉ង់ បញ្ជាក់ថា ខ្លួនបានទទួលលិខិតឆ្លើយតបពីសហរដ្ឋអាម៉េរិក ជុំវិញសំណើបញ្ចប់សង្គ្រាម។ យោងតាមការបញ្ជាក់ពីអ្នកនាំពាក្យរដ្ឋាភិបាលអ៊ីរ៉ង់ អ្នកស្រី ហ្វាតេមេ មូហាជេរ៉ានី (Fatemeh Mohajerani) បានឱ្យដឹងថា រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក អាប់បាស់ អារ៉ាឈី (Abbas Araghchi) បានយកលិខិតឆ្លើយតបរបស់អាម៉េរិក ទៅប្រគល់ជូនប្រធានាធិបតីខ្លួន គឺលោក ម៉ាស៊ូត ប៉េស៊ីស្គៀន (Masoud Pezeshkian) រួចរាល់ហើយ។ ទោះជាយ៉ាងណា មន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ បានគូសបញ្ជាក់ថា ភាគីទាំងពីរនៅតែមានទស្សនៈខុសគ្នាខ្លាំង លើកាលវិភាគនៃការអនុវត្តកិច្ចព្រមព្រៀងនេះ៕



