
រដ្ឋធានីវ៉ាស៊ីនតោន៖ លោកប្រធានាធិបតីសហរដ្ឋអាម៉េរិក ដូណាល់ ត្រាំ បានប្រកាសកាលពីថ្ងៃទី៣សីហា ឆ្នាំ២០២៦ ថា ការចរចាជាមួយប្រទេសអ៊ីរ៉ង់កំពុងបន្តធ្វើឡើង ទោះបីជារដ្ឋធានីតេហេរ៉ង់ចេញមុខបដិសេធក៏ដោយ ដោយលោកបានសង្កត់ធ្ងន់ថា នេះគឺជា «ឱកាសចុងក្រោយ» សម្រាប់សាធារណរដ្ឋឥស្លាមមួយនេះ មុនពេលឈានដល់ការវាយប្រហារកម្ទេច...។

ថ្លែងទៅកាន់អ្នកសារព័ត៌មាននៅសេតវិមាន លោក ត្រាំ បានបញ្ជាក់ថា លោកបានយល់ព្រមបន្តស្វែងរកការចរចាជាមួយអ៊ីរ៉ង់ តាមការស្នើសុំពីសំណាក់ប្រទេសអារ៉ាប៊ីសាអូឌីត អេមីរ៉ាត់អារ៉ាប់រួម កាតា និងបណ្តាប្រទេសដទៃទៀត។ លោកបានបន្ថែមថា៖«នេះគឺជាឱកាសចុងក្រោយសម្រាប់ពួកគេ ក្នុងការចុះហត្ថលេខាលើឯកសារកិច្ចព្រមព្រៀង។ ខ្ញុំចង់ផ្តល់ឱកាសចុងក្រោយដល់ពួកគេ មុនពេលឈានដល់ការកម្ទេច»។

ការចរចានេះ មានគោលបំណងសំខាន់លើការបើកច្រកសមុទ្ទហ័រមូស្សឡើងវិញ និងការលុបបំបាត់កម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់។ គួររំឭកផងដែរថា សហរដ្ឋអាម៉េរិក និងអ៊ីស្រាអែល បានបើកការវាយប្រហារភ្លាមៗលើអ៊ីរ៉ង់កាលពីថ្ងៃទី២៨ ខែកុម្ភៈ ហើយថ្វីបើមានការចរចាការទូតជាបន្តបន្ទាប់យ៉ាងណាក៏ដោយ អ៊ីរ៉ង់នៅតែមានសមត្ថភាពបាញ់ប្រហារមីស៊ីល និងដ្រូនសំដៅលើគោលដៅទីតាំងយោធាសហរដ្ឋអាម៉េរិក និងសម្ព័ន្ធមិត្តនៅក្នុងតំបន់ដដែល។

យ៉ាងណាមិញ ភាគីអ៊ីរ៉ង់ បានបដិសេធថា ខ្លួនមិនបានចរចាដោយផ្ទាល់ជាមួយសហរដ្ឋអាម៉េរិកនោះឡើយ ដោយអ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក អ៊ីស្ម៉ាអែល បាហ្គេអ៊ី (Esmail Baghaei) បញ្ជាក់ថា ការចរចារបស់អ៊ីរ៉ង់ គឺធ្វើឡើងជាមួយប្រទេសអូម៉ង់ ក្នុងគោលបំណងធានាសុវត្ថិភាពនៃការធ្វើដំណើរឆ្លងកាត់ច្រកសមុទ្ទហ័រមូស្សតែប៉ុណ្ណោះ៕



