តើអាចទៅរួចដែរឬទេ..? ត្រាំ កំពុងចរចាជាមួយរុស្ស៊ី និងចិន ដើម្បីលុបបំបាត់អាវុ.ធប្រល័យលោក
ហៀប ស៊ីថេត
•
16 តុលា 2026 02:32 PM

រដ្ឋធានីវ៉ាស៊ីនតោន៖ លោកប្រធានាធិបតីអាម៉េរិក ដូណាល់ ត្រាំ (Donald Trump) បានអះអាងកាលពីថ្ងៃព្រហស្បតិ៍ទី១៥ ខែតុលាថា រដ្ឋធានីវ៉ាស៊ីនតោន កំពុងរៀបចំការពិភាក្សាជាមួយរដ្ឋធានីម៉ូស្គូ និងរដ្ឋធានីប៉េកាំង ក្នុងគោលបំណងលុបបំបាត់អាវុធនុយក្លេអ៊ែ នៃបណ្តាប្រទេស ដែលមានស្តុកអាវុធនុយក្លេអ៊ែរធំបំផុត...។

លោក ដូណាល់ ត្រាំ
លោក ដូណាល់ ត្រាំ

យោងតាមវិទ្យាស្ថានស្រាវជ្រាវសន្តិភាពអន្តរជាតិស្តុកខូលម៍ (SIPRI) រុស្ស៊ី មានក្បាលគ្រាប់នុយក្លេអ៊ែរស្តុកទុក ច្រើនជាងគេ បន្ទាប់មក គឺសហរដ្ឋអាម៉េរិក និងចិន។ យ៉ាងណាក៏ដោយ សហរដ្ឋអាម៉េរិកមានចំនួនក្បាលគ្រាប់នុយក្លេអ៊ែរដែលបានដាក់ពង្រាយច្រើនជាងរុស្ស៊ី។ ក្នុងអំឡុងពេលសម្ភាន៍ជាមួយប្រព័ន្ធផ្សព្វផ្សាយ Newsmax លោក ត្រាំ អះអាងថា លោករំពឹងថា ចិននឹងតាមទាន់សហរដ្ឋអាម៉េរិកក្នុងរយៈពេល ៥ឆ្នាំខាងមុខទៀត។ លោក ត្រាំ បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយនោះថា៖«រឿងទាំងនេះ ជារឿងគួរឱ្យសោកស្ដាយ ពីព្រោះខ្ញុំចង់លុបបំបាត់អាវុធនុយក្លេអ៊ែរ ប្រសិនបើអាចធ្វើទៅបាន ហើយពិតណាស់យើងកំពុងចរចាជាមួយរុស្ស៊ី អំពីរឿងនោះ ហើយយើងក៏កំពុងនិយាយជាមួយចិន អំពីការលុបបំបាត់អាវុធនុយក្លេអ៊ែរនេះដែរ»។

ប្រព័ន្ធផ្សព្វផ្សាយ Newsmax បានរាយការណ៍ថា លោក ត្រាំ បានពិភាក្សាជាមួយប្រធានាធិបតីចិន លោក ស៊ី ជីនពីង អំពីការលុបបំបាត់អាវុធនុយក្លេអ៊ែរ។ ការកត់សម្គាល់របស់លោក ត្រាំ បានកើតឡើងប៉ុន្មានខែ បន្ទាប់ពីសន្ធិសញ្ញាកាត់បន្ថយអាវុធនុយក្លេអ៊ែរ New START ផុតកំណត់កាលពីដើមឆ្នាំនេះ។ សូមជម្រាបថា សន្ធិសញ្ញា New START ដែលបានចុះហត្ថលេខាក្នុងឆ្នាំ២០១០ ត្រូវបានព្រមព្រៀងដោយអតីតប្រធានាធិបតី ចូ បៃឌិន (Joe Biden) និងប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) រយៈពេល៥ឆ្នាំ។ ប្រសិនបើចង់បន្ត គឺតម្រូវឱ្យមានការសម្រេចចិត្តពីថ្នាក់ដឹកនាំប្រតិបត្តិ ដើម្បីបន្តកម្រិតកំណត់នៃសន្ធិសញ្ញានេះ ដោយស្ម័គ្រចិត្ត និងជាក់ស្តែង៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត