
ក្រុងសៀមរាប៖ ក្រោយពីបញ្ចប់ការជួសជុល រចនាសម្ព័ន្ធរោងទងទី៣ផ្នែកខាងលិចរបស់ប្រាសាទតាព្រហ្ម ភ្ញៀវទេសចរនឹងលែងមានបញ្ហាប្រឈម និងគ្រោះថ្នាក់ទៀតហើយ គឺមានតែធ្វើឱ្យកាន់តែមានសោភ័ណភាព និងទាក់ទាញបន្ថែមទៀត។ នេះបើតាមការបញ្ជាក់ឱ្យដឹងពីអាជ្ញាធរជាតិអប្សរា នារសៀលថ្ងៃទី២៦សីហា...។

លោក ចិត្រាចន្ទ កុមារ (Chitranjan Kumar) ប្រធានគ្រប់គ្រងការដ្ឋានជួសជុលនៅប្រាសាទតាព្រហ្ម បានឱ្យដឹងថា ការងារជួសជុលបានចាប់ផ្តើមតាំងពីខែមករា ឆ្នាំ២០២៥ និងបញ្ចប់នៅខែសីហានេះ។ មុនពេលជួសជុលរោងទងទី៣ មានបញ្ហាប្រឈម និងការខូចខាតធ្ងន់ធ្ងរ ដូចជាថ្មហែកចេញខ្លាំងនៅផ្នែកខឿន សសរ ជញ្ជាំង ដំបូល ធ្នឹម ទាមទារឱ្យធ្វើការជួសជុលពង្រឹងជាបន្ទាន់ ទៅតាមអនុសាសន៍របស់ គណៈកម្មាធិការអាយស៊ីស៊ី-អង្គរ និងសំបូរព្រៃគុក។ លោកប្រធានគ្រប់គ្រងការដ្ឋាន បន្ថែមថា ការជួសជុលតម្រូវឱ្យរុះរើថ្មមួយចំនួន ដែលហែកក្រផកមិនមានលំនឹងចេញ រួចហើយត្រូវរៀបបញ្ចូលទៅទីតាំងដើមឡើងវិញ។ លើសពីនេះ ថ្មដែលរលុះធ្លាក់មួយចំនួន ក៏ត្រូវបានយកទៅដាក់នៅទីតាំងដើមវិញ។ រីឯផ្នែកខ្លះត្រូវបានប្រើប្រាស់ថ្មថ្មីដើម្បីពង្រឹងរចនាសម្ព័ន្ធជំនួសថ្មចាស់។

គួរដឹងថា ប្រាសាទតាព្រហ្ម កសាងឡើងក្នុងរជ្ជកាលព្រះមហាក្សត្រមួយអង្គព្រះនាមជ័យវរ្ម័នទី៧ នៅចុងសតវត្សទី១២ ក្នុងអំឡុងឆ្នាំ១១៨៦ ដើម្បីឧទ្ទិសថ្វាយដល់ព្រះមាតារបស់ព្រះអង្គក្រោមរូបភាពជាប្រាជ្ញាបរមិតា។ ប្រាសាទតាព្រហ្ម គឺជាប្រាសាទបែបព្រះពុទ្ធសាសនាមហាយាន មានប្រាង្គចំនួន៣៩ ហ៊ុមព័ទ្ធទៅដោយកំពែងថ្មបាយក្រៀម៥ជាន់ កំពែងខាងក្រៅបង្អស់មានប្រវែង១០០០ម៉ែត្រគុណ៧០០ម៉ែត្រ មានគោបុរៈនៅគ្រប់ទិសទាំង៤អមដោយព្រហ្មមុខ៤ ប៉ុន្តែនៅសល់តែទិសខាងលិច និងខាងជើងប៉ុណ្ណោះ។ ប្រាសាទតាព្រហ្ម ស្ថិតនៅក្នុងវង់តូចចន្លោះប្រាសាទតាកែវ និងប្រាសាទបន្ទាយក្ដី ឡោមព័ទ្ធដោយព្រៃឈើខ្ពស់ៗខៀវស្រងាត់នៅខែវស្សា នៅពេលព្រឹកព្រលឹម និងពេលល្ងាច មានហ្វូងបក្សាបក្សីយំរំពងនៅលើដើមឈើដែលដុះនៅលើប្រាសាទ ជាពិសេសគឺ សត្វសេក និងសត្វរៃ ធ្វើឱ្យអារម្មណ៍របស់អ្នកទេសចរលន្លង់លន្លោចជាពន់ពេក៕





