
ក្រុងសៀមរាប៖ កំពែងទី៣ជ្រុងខាងលិចផ្នែកខាងជើងនៃប្រាសាទតាព្រហ្ម ដែលមានប្រវែង២៧ម៉ែត្រ ពេលនេះរួចរាល់ជាស្ថាពរហើយបន្ទាប់ពីចំណាយពេលប្រមាណ៦ខែក្នុងការជួសជុល ពោលគឺគិតចាប់ពីដើមខែកុម្ភៈរហូតដល់ដើមខែសីហា ។ នេះបើយោងតាមការឱ្យដឹងពី អាជ្ញាធរជាតិអប្សរា នារសៀលថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៥។

អាជ្ញាធរជាតិអប្សរា បានគូសបញ្ជាក់ថា ក្រោយពីចំណាយពេល៦ខែ កំពែងបានរឹងមាំឡើងវិញដោយមានសុវត្ថិភាព មានសោភ័ណភាព បង្កើនវង់ទស្សនា និងលើកតម្លៃនៃរចនាសម្ព័ន្ធមួយចំណុចទៀតរបស់ប្រាសាទតាព្រហ្ម ដែលធ្លាប់តែរងការខូចខាតជាយូរមកហើយ ឱ្យមានភាពរឹងមាំយូរអង្វែងបន្តទៀត។ អាជ្ញាធរជាតិអប្សរា បន្ថែមថា ក្នុងគម្រោងជួសជុលកំពែងទី៣ របស់ប្រាសាទតាព្រហ្ម ត្រូវបានជួសជុលពង្រឹងឡើងវិញ២ចំណុច ដោយចំណុចទី១មានប្រវែង១០ម៉ែត្រ និងចំណុចទី២ប្រវែង១៧ម៉ែត្រ។ ការខូចខាតរបស់កំពែងទាំងនេះ បណ្តាលមកពីកត្តាអាយុកាល កង្វះការថែទាំយូរអង្វែង និងរុក្ខជាតិដុះចាក់ឬស ដែលធ្វើឱ្យកំពែងនេះដួលរលំ និងផ្នែកខ្លះផ្អៀងមិនមានលំនឹងត្រូវការជួសជុលឡើងវិញ ឱ្យស្របទៅតាមអនុសាសន៍អាយស៊ីស៊ី- អង្គរ និងសំបូរព្រៃគុក។

សូមជម្រាបថា ប្រាសាទតាព្រហ្ម កសាងឡើងក្នុងរជ្ជកាលព្រះមហាក្សត្រមួយអង្គព្រះនាមជ័យវរ្ម័នទី៧ នៅចុងសតវត្សទី១២ក្នុងអំឡុងឆ្នាំ១១៨៦ ដើម្បីឧទ្ទិសថ្វាយដល់ព្រះមាតារបស់ព្រះអង្គក្រោមរូបភាពជាប្រាជ្ញាបរមិតា។ ប្រាសាទតាព្រហ្ម គឺជាប្រាសាទបែបព្រះពុទ្ធសាសនាមហាយាន មានប្រាង្គចំនួន៣៩ ហ៊ុព័ទ្ធទៅដោយកំពែងថ្មបាយក្រៀម៥ជាន់ កំពែងខាងក្រៅបង្អស់មានប្រវែង១០០០ម៉ែត្រគុណ៧០០ម៉ែត្រ មានគោបុរៈនៅគ្រប់ទិសទាំង៤ អមដោយព្រហ្មមុខ៤ ប៉ុន្តែនៅសល់តែទិសខាងលិច និងខាងជើងប៉ុណ្ណោះ។ ប្រាសាទតាព្រហ្ម ស្ថិតនៅក្នុងវង់តូចចន្លោះប្រាសាទតាកែវ និងប្រាសាទបន្ទាយក្តី ឡោមព័ទ្ធដោយព្រៃឈើខ្ពស់ៗខៀវស្រងាត់នៅខែវស្សា នៅពេលព្រឹកព្រលឹម និងពេលល្ងាច មានហ្វូងបក្សាបក្សីយំរំពងនៅលើដើមឈើដែលដុះនៅលើប្រាសាទជាពិសេសគឺ សត្វសេក និងសត្វរៃ ដែលធ្វើឱ្យអារម្មណ៍របស់អ្នកទេសចរអន្លង់អន្លោចជាពន់ពេក៕






