ចុងឆ្នាំនេះ! រចនាសម្ព័ន្ធមុខព្រហ្មខ្លោងទ្វារខាងកើតប្រាសាទតាព្រហ្ម នឹងជួសជុលរួចរាល់
អ
អុន សម្ផស្ស
•
09 កញ្ញា 2024 03:30 PM

ខេត្តសៀមរាប៖ អាចនិយាយបានថា ជាដំណឹងល្អ​ កំពូលមុខព្រហ្មរបស់ខ្លោងទ្វារខាងកើតនៃប្រាសាទតាព្រហ្ម កំពុងទទួលបានការបន្តជួយសង្គ្រោះជួសជុលពីអ្នកជំនាញ ខណៈគម្រោងនឹងត្រូវបញ្ចប់នៅចុងឆ្នាំ២០២៤។ នេះបើតាមការចុះផ្សាយរបស់អាជ្ញាធរជាតិអប្សរា នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៤…។

ស្ថាប័នជំនាញមួយនេះបញ្ជាក់ថា អាជ្ញាធរជាតិអប្សរា តាមរយៈកិច្ចសហការជាមួយស្ថាប័នស្រាវជ្រាវបុរាណវិទ្យាឥណ្ឌា (ASI) បានបន្តជួសជុលកំពូលមុខព្រហ្មរបស់ខ្លោងទ្វារខាងកើតនៃប្រាសាទតាព្រហ្មជាបន្តទៀត បន្ទាប់ពីក្រុមអ្នកជំនាញការអាដហុកនៃគណៈកម្មាធិការអន្ដរជាតិសម្របសម្រួល កិច្ចគាំពារ និងអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ត្រអង្គរ និងសំបូរព្រៃគុក (ICC-Angkor/ Sambor Prei Kuk) បានអនុញ្ញាតឱ្យប្រើថ្មថ្មីមកជំនួសថ្មចាស់ដែលខូចខាត និងបាត់បង់ ដើម្បីអាចឱ្យខ្លោងទ្វារនេះមានរូបរាងពេញលេញឡើងវិញ។

លោកចិត្រានចន្ទ កុមារ Chitranjan Kumar ប្រធានគ្រប់គ្រងការដ្ឋានជួសជុលនៅប្រាសាទតាព្រហ្ម បានឱ្យដឹងថា ការងារជួសជុលខ្លោងទ្វារខាងកើតរបស់ប្រាសាទតាព្រហ្ម គឺសម្រេចបានតួខ្លោងទ្វារ រួមទាំងស្លាបសងខាង និងរចនាសម្ព័ន្ធដំបូល។ បច្ចុប្បន្ន ក្រុមការងារជួសជុលបន្តចាប់ពីរចនាសម្ព័ន្ធចង្ការនៃផ្ទៃមុខព្រហ្មឡើងទៅលើបន្ថែមទៀត តាមថ្មចាស់ដែលនៅសេសសល់ ដើម្បីឱ្យខ្លោងទ្វារនេះមានរូបរាងដូចដើមឡើងវិញ។ ក្រុមការងារមានការត្រេកអរដែលអ្នកជំនាញអាយស៊ីស៊ី-អង្គរ និងសំបូរព្រៃគុក បានអនុញ្ញាត ហើយខ្លោងទ្វារទាំងមូលនឹងបង្ហាញរូបរាងពេញលេញតាមលំនាំដើមក្នុងពេលឆាប់ៗខាងមុខ។ គម្រោងជួសជុលខ្លោងទ្វារខាងកើតនៃប្រាសាទតាព្រហ្មនេះ បានចាប់ផ្ដើមជួសជុលកាលពីដើមឆ្នាំ២០២២ ហើយគ្រោងនឹងបញ្ចប់នៅចុងឆ្នាំ២០២៤។

នៅមុនពេលជួសជុល ខ្លោងទ្វារខាងកើតនៃប្រាសាទតាព្រហ្ម មានសភាពទ្រុឌទ្រោមខ្លាំង គឺប្រាង្គកណ្ដាលផ្នែកខាងលើ និងថ្មដំបូលរលុះទាំងស្រុង គឺនៅសល់ផ្នែកខ្លះនៃស្លាបសងខាងប៉ុណ្ណោះ ភាពគ្មានលំនឹង ហែក ក្រៀកចេញពីគ្នាក្នុងស្ថានភាពហានិភ័យខ្ពស់។ គួរជម្រាបថា «ប្រាសាទតាព្រហ្ម» ជារមណីយដ្ឋានទេសចរណ៍បែបវប្បធម៌ប្រវត្តិសាស្ត្រ ស្ថិតនៅក្នុងបរិវេណឧទ្យានអង្គរ មានចំង្ងាយប្រមាណជា២៧គីឡូម៉ែត្រ ពីទីរួមខេត្តសៀមរាប នៅទីនេះមានសក្តានុពលទេសចរណ៍សំខាន់ៗដូចជាប្រវត្តិនៃការសាងសង់ ទីតាំង និងរចនាបទ ភ្ញៀវទេសចរអាចមកលម្ហែកម្សាន្ត មើលប្រាសាទ ចម្លាក់ក្បូរក្បាច់ ព្រៃព្រឹក្សា និងប្រវត្តិសាស្ត្រ។

ប្រាសាទតាព្រហ្ម មានឈ្មោះដើមថា «រាជវិហារ» ត្រូវបានកសាងឡើងនៅក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧ នៅសតវត្សរ៍ទី១២ ក្នុងឆ្នាំ១១៨៦ ដើម្បីឧទ្ទិសថ្វាយជូនព្រះមាតាព្រះនាម «ជយរាជចូឌាមណី» ក្នុងទម្រង់ជាព្រះពុទ្ធរូប ប្រាជ្ញាបារមី «ទេវធីតាចំណេះដឹង ឬទេពធីតាប្រកបដោយគតិបណ្ឌិត» និងជាសកលវិទ្យាល័យដ៏ធំមួយ ក្នុងសម័យអង្គរ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត