
រាជធានីបាងកក៖ នាពេលថ្មីៗនេះ កងទ័ពអាកាសភូមិន្ទថៃ បានប្រកាសពីផែនការធ្វើទំនើបកម្មយោធារយៈពេល១០ឆ្នាំ ក្នុងចំណោមនោះរួមមាន៖ ការបញ្ជាទិញយន្តហោះចម្បាំង Gripen ដំណាក់កាលទី២ ប្រព័ន្ធការពារអាកាស Barak MX ការបំពាក់ដ្រូនប្រយុទ្ធ និងអាវុធប្រហារគោលដៅចម្ងាយឆ្ងាយជាដើម...។

អគ្គមេបញ្ជាការកងទ័ពអាកាសភូមិន្ទថៃ លោក សេកសាន់ កន្ថា (เสกสรรค์ คันธา) បានគូសបញ្ជាក់ថា កម្មវិធីធ្វើទំនើបកម្មនេះ មានគោលបំណងពង្រឹងសមត្ថភាពការពារជាតិ និងអធិបតេយ្យភាពដែនអាកាសរបស់ថៃ ប្រឆាំងនឹងការគំរាមកំហែងនានាដែលអាចកើតមានឡើងក្នុងករណីមានសង្គ្រាម។ ប៉ុន្តែយ៉ាងណា ការអះអាងរបស់មេទ័ពអាកាសថៃរូបនេះ ហាក់ផ្ទុយពីការពិតទាំងស្រុង ព្រោះកន្លងមក យោធាថៃបានប្រើប្រាស់យន្តហោះចម្បាំងធុនធ្ងន់ៗ និងអាវុធសាហាវៗមកឈ្លានពានទន្ទ្រានទឹកដីកម្ពុជា និងបន្តកាន់កាប់ដែនដីកម្ពុជាដោយខុសច្បាប់ បើទោះបីជាមានកិច្ចព្រមព្រៀងបទឈប់បាញ់ក៏ដោយ។ ភាគីថៃ បានប្រកាសថា ថវិកាសម្រាប់ការទិញយន្តហោះចម្បាំង Gripen ដំណាក់កាលទី២ នឹងត្រូវបញ្ចូលទៅក្នុងកញ្ចប់ថវិការដ្ឋសម្រាប់ឆ្នាំសារពើពន្ធ២០២៧ ហើយការប្រគល់យន្តហោះ ត្រូវបានរំពឹងថា នឹងធ្វើឡើងនៅក្នុងឆ្នាំ២០២៩។

លើសពីនេះ លោក សេកសាន់ បញ្ជាក់ថា យន្តហោះចម្បាំងនៅតែជាកត្តាសំខាន់ មិនអាចខ្វះបានសម្រាប់កម្លាំងយោធាថៃ។ សូមរំឭកថា កិច្ចសន្យាដំបូងដែលត្រូវបានប្រកាសកាលពីខែធ្នូ ឆ្នាំ២០២៥ មានតម្លៃ៣,៤៤ពាន់លានបាត ឬប្រមាណជាង១០០លានដុល្លារ សម្រាប់ប្រព័ន្ធការពារដែនអាកាស Barak MX ចំនួន១ឈុត រួមមាន៖ រ៉ាដា ប្រព័ន្ធបញ្ជាការ ប្រព័ន្ធបាញ់មីស៊ីល និងយានយន្តសម្រាប់ដឹក។ ឈុតនេះ ត្រូវបានគេរំពឹងប្រគល់ជូនថៃនៅឆ្នាំ២០២៩។ លើសពីនេះ អគ្គមេបញ្ជាការកងទ័ពអាកាសរូបនេះ បានស្នើឱ្យមានការបញ្ជាទិញបន្ថែមទៀត តែលោកមិនទាន់បានទម្លាយពីតម្លៃ ឬចំនួនពិតប្រាកដនៅឡើយទេ៕







