កងកម្លាំងថៃ បន្តរំលោភបំពានចូលដែនអធិបតេយ្យ, ប្រមាណ១០ថ្ងៃក្រោយ កម្ពុជាចេញតវ៉ា
Mao Sopha
•
មួយម៉ោងមុន

បញ្ហាព្រំដែន៖ ទោះកម្ពុជា តវ៉ាយ៉ាងណាក៏ដោយ ថៃ នៅតែបន្តរំលោភបំពានមិនព្រមឈប់ទាល់តែសោះ។ ករណីរំលោភបំពានថ្មីបន្ថែមទៀត! កងកម្លាំងប្រដាប់អាវុធថៃ បានប្រើប្រាស់គ្រឿងចក្រធុនធ្ងន់ ឈូសឆាយដី និងសាងសង់ផ្លូវនៅតំបន់តាទុំ នៅចន្លោះបង្គោលព្រំដែនលេខ៩ លេខ១០ និងលេខ១១ ស្ថិតក្នុងស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦។ បន្ទាប់មក នៅថ្ងៃទី១៧ ខែតុលា កងកម្លាំងប្រដាប់អាវុធថៃ ក៏បានបាញ់ថ្នាំពណ៌ក្រហមលើដើមឈើ នៅចន្លោះបង្គោលព្រំដែនលេខ១០ និងលេខ១១ ដើម្បីត្រៀមសាងសង់ផ្លូវបន្ថែមទៀត នៅតំបន់នេះដដែល។ 

គិតពីថ្ងៃទី១៥ មកដល់ទី២៤ មានរយៈពេលប្រមាណ១០ រាជរដ្ឋាភិបាលកម្ពុជា ក៏ប្រកាសតវ៉ាយ៉ាងខ្លាំងក្លា ចំពោះការរំលោភបំពានជាបន្តបន្ទាប់របស់ថៃ មកលើអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជានៅតាមបណ្តោយព្រំដែន។ ការតវ៉ានេះ ធ្វើឡើងតាមរយៈសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស ដែលចុះកាលបរិច្ឆេទនៅថ្ងៃទី២៣ និងត្រូវបានផ្សព្វផ្សាយនៅថ្ងៃទី២៤។

រាជរដ្ឋាភិបាលកម្ពុជា ចាត់ទុកសកម្មភាពខាងលើរបស់កងកម្លាំងថៃ ថាជាការរំលោភបំពានយ៉ាងច្បាស់លើអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា ដែលបានកំណត់ក្នុងផែនទីខ្នាត១/២០០ ០០០ (១លើ២០០ពាន់) ផលិតដោយគណៈកម្មការកំណត់ព្រំដែនឥណ្ឌូចិន-សៀម អនុលោមតាមអនុសញ្ញាបារាំង-សៀមឆ្នាំ១៩០៤ និងសន្ធិសញ្ញាឆ្នាំ១៩០៧។

សកម្មភាពទាំងនេះ ក៏រំលោភបំពានផងដែរ លើអនុស្សរណៈយោគយល់គ្នារវាងកម្ពុជា-ថៃ ស្តីពីការវាស់វែងព្រំដែនគោកឆ្នាំ២០០០ ឬហៅខ្លីថា MoU ឆ្នាំ២០០០ ហើយថែមទាំងរំលោភបំពានសេចក្តីប្រកាសរួមនៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ដែលចុះហេត្ថលេខារួមគ្នា នៅចុងឆ្នាំ២០២៥។

ដូចរាល់ដង រាជរដ្ឋាភិបាលកម្ពុជា ប្រកាសមិនទទួលស្គាល់ដាច់ខាតនូវរាល់ការទាមទារទឹកដីជាឯកតោភាគីដោយភាគីថៃ ហើយទាមទារឱ្យប្រទេសនេះ បញ្ឈប់រាល់សកម្មភាពខុសច្បាប់ និងត្រូវចូលរួមបន្ធូរបន្ថយភាពតានតឹង។ កម្ពុជា ក៏ទាមទារផងដែរ ឱ្យថៃចូលរួមលើកកម្ពស់ទំនុកចិត្តគ្នាទៅវិញទៅមក រក្សាសន្តិភាព និងភាពជាអ្នកជិតខាងល្អ នៅតាមបណ្តោយព្រំដែនរវាងប្រទេសទាំង២។

មិនខុសពីលើកមុនៗ កម្ពុជា នៅតែបង្ហាញការប្តេជ្ញាចិត្តដោះស្រាយបញ្ហាព្រំដែនជាមួយថៃ ក៏ដូចជាជាមួយប្រទេសជិតខាងទាំងអស់ ដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងទ្វេភាគីដែលមានស្រាប់ ព្រមទាំងប្រកាន់ខ្ជាប់នូវជំហរថា ខ្សែបន្ទាត់ព្រំដែនមិនត្រូវផ្លាស់ប្តូរដោយកម្លាំងនោះឡើយ៕ 

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត