អាជ្ញាធរខេត្តកណ្ដាល បង្ក្រាបបទល្មើសជលផលទ្រង់ទ្រាយធំក្នុងស្រុក-ក្រុងចំនួន៣ ដកហូតឧបករណ៍ខុសច្បាប់រាប់ម៉ឺនម៉ែត្រ
Chanmarady Chuon
•
មួយម៉ោងមុន

ក្រុងសំពៅពូន៖ កម្លាំងចម្រុះខេត្តកណ្ដាល បានចុះប្រតិបត្តិការយ៉ាងក្ដៅគគុកក្នុងការត្រួតពិនិត្យ និងការបង្ក្រាបបទល្មើសជលផលទ្រង់ទ្រាយធំ នៅតំបន់អតីតឡូតិ៍នេសាទចំនួន៣ទីតាំង ស្ថិតក្នុងភូមិសាស្ត្រ ស្រុកកោះធំ, ស្រុកលើកដែក, និងក្រុងសំពៅពូន កាលពីព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ ដោយបានកម្ទេចឧបករណ៍នេសាទខុសច្បាប់ជាច្រើន និងរំដោះកូនត្រីរាប់រយគីឡូក្រាមចូលទៅក្នុងធម្មជាតិវិញ...។

នៅក្នុងប្រតិបត្តិការបោសសម្អាតនេះ កម្លាំងជំនាញបានស្វែងរក និងរុះរើបំផ្លាញចោលនូវឧបករណ៍នេសាទខុសច្បាប់ជាច្រើនប្រភេទ ដែលក្រុមជនល្មើសបានលួចដាក់ដោយខុសច្បាប់។ ជាមួយគ្នា អាជ្ញាធរ ដកហូតស្បៃមុងមួយចំនួនធំ និងកូនត្រីចម្រុះមានទម្ងន់សរុប៦៧០គីឡូក្រាម ហើយត្រូវ​បាន​លែង​ចូល​ទៅ​ក្នុង​ប្រភព​ទឹក​ធម្មជាតិ​វិញ​ភ្លាមៗ។

ថ្លែងប្រាប់ SBM News នៅព្រឹកថ្ងៃសៅរ៍ ទី២៤ ខែតុលា ឆ្នាំ២០២៦ នេះ លោក នឿន ស៊ីណា មន្ត្រីរដ្ឋបាលខេត្តកណ្ដាល បានគូសបញ្ជាក់ថា៖«នេះជាការបង្ក្រាបក្នុងដំណាក់កាលដំបូងប៉ុណ្ណោះ។ ជំហានបន្ទាប់ យើងនឹងបន្តបោសសម្អាតឱ្យអស់ក្នុងតំបន់អតីតឡូតិ៍នេសាទនេះ ព្រោះក្រោយការចុះអនុវត្តជាក់ស្តែង យើងបានស៊ើបដឹងថា នៅមានសេសសល់ទីតាំងមួយចំនួនទៀតដែលកម្លាំងយើងមិនទាន់ទៅដល់»។ លោកបានបន្ថែមថា នៅក្នុងការបង្ក្រាបទ្រង់ទ្រាយធំនេះ សមត្ថកិច្ចពុំទាន់បានឃាត់ខ្លួនជនល្មើសនៅឡើយទេ ដោយសារពួកគេដឹងខ្លួនមុន និងបានរត់គេចខ្លួនបាត់ស្រមោល។ ទោះជាយ៉ាងណា អាជ្ញាធរនឹងមិនបោះបង់ឡើយ ដោយកំពុងបន្តស្រាវជ្រាវ និងវែកមុខយកជនល្មើសមកផ្តន្ទាទោសតាមផ្លូវច្បាប់ឱ្យខាងតែបាន។

ជាមួយគ្នានេះដែរ លោក ហាក់ សុខមករា អភិបាលរងខេត្តកណ្ដាល ដែលជាអ្នកដឹកនាំកម្លាំងបង្ក្រាបផ្ទាល់ បានចេញការព្រមានធ្ងន់ៗទៅកាន់ប្រជានេសាទខុសច្បាប់ទាំងអស់ ត្រូវបញ្ឈប់សកម្មភាពប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់គ្រប់ប្រភេទជាបន្ទាន់ ហើយត្រូវចូលរួមសហការជាមួយអាជ្ញាធរមានសមត្ថកិច្ច ដើម្បីថែរក្សា និងអភិរក្សពូជមច្ឆជាតិឱ្យបានគង់វង្សសម្រាប់កូនចៅជំនាន់ក្រោយ។ លោកអភិបាលរងខេត្តបានសង្កត់ធ្ងន់ថា ប្រតិបត្តិការនេះ មិនមែនធ្វើឡើងតែមួយគ្រានោះទេ ពោលគឺអាជ្ញាធរខេត្តនឹងបន្តយុទ្ធនាការត្រួតពិនិត្យ និងចុះរុករកឧបករណ៍នេសាទខុសច្បាប់ជាប្រចាំដូច «ភ្លៀងរលឹម» ដើម្បីធានាបាននូវការអភិរក្សធនធានមច្ឆជាតិ និងទប់ស្កាត់បទល្មើសនេសាទឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ខណៈសមត្ថកិច្ចកំពុងបន្តកំណត់អត្តសញ្ញាណអ្នកនៅពីក្រោយខ្នង ដើម្បីនាំខ្លួនមកផ្តន្ទាទោសតាមច្បាប់ជាធរមាន ដោយគ្មានការលើកលែងឡើយ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត