
រាជធានីភ្នំពេញ៖ មន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ ប្រកាសផ្អាកដំណើរការគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជនទាំងអស់ក្នុងរាជធានីភ្នំពេញ រយៈពេល២ថ្ងៃ គឺនៅចន្លោះថ្ងៃសៅរ៍ទី១៤ និងចន្ទថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្នុងអំឡុងពេលកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍អន្តរជាតិ«សន្និសីទថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនីលើកទី៤៨ និងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០»នៅរាជធានីភ្នំពេញ។ ចំណែកថ្ងៃទី១៥វិច្ឆិកា ចំថ្ងៃអាទិត្យ។

យោងតាមលិខិតចេញនៅថ្ងៃទី២៤តុលា មន្ទីរអប់រំ បញ្ជាក់ថា ការសម្រេចនេះ គឺ ដើម្បីចៀសវាងការកកស្ទះចរាចរណ៍។ ជាមួយគ្នា មន្ទីរ ក្រសួងបានស្នើឱ្យថ្នាក់ដឹកនាំគ្រឹះស្ថានសិក្សាទាំងអស់ សហការគ្នាផ្សព្វផ្សាយឱ្យបានទូលំទូលាយដល់បុគ្គលិកអប់រំ មាតាបិតា និងអ្នកអាណាព្យាបាលសិស្សគ្រប់រូប ដើម្បីឱ្យបានជ្រាបជាព័ត៌មាន និងត្រៀមរៀបចំផែនការសមស្របក្នុងអំឡុងពេលផ្អាកដំណើរការគ្រឹះស្ថានសិក្សា។

គួរជ្រាបថា កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៅរាជធានីភ្នំពេញ នឹងប្រមូលផ្តុំប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាលនៃបណ្តាប្រទេសដែលប្រើប្រាស់ភាសាបារាំងរួមគ្នា ដើម្បីពិភាក្សាលើបញ្ហាប្រឈមសំខាន់ៗរបស់ពិភពលោក ជាពិសេសកិច្ចសហប្រតិបត្តិការអន្តរជាតិ ពហុភាគីនិយម និងការអភិវឌ្ឍប្រកបដោយចីរភាព។ កិច្ចប្រជុំកំពូលនេះ នឹងក្លាយជាវេទិកាដ៏សំខាន់មួយសម្រាប់ពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងសមាជិកនៃអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី (OIF) ព្រមទាំងបង្ហាញពីតួនាទី និងការចូលរួមរបស់កម្ពុជាកាន់តែសកម្មនៅក្នុងសហគមន៍ហ្វ្រង់កូហ្វូនី។ ក្រៅពីការពិភាក្សាលើបញ្ហាអន្តរជាតិ កិច្ចប្រជុំនេះក៏រំពឹងថា នឹងមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទ្វេភាគីជាច្រើន ដើម្បីពង្រឹងទំនាក់ទំនង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងបណ្តាប្រទេសជាសមាជិក។ ការធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី គឺជាឱកាសសម្រាប់កម្ពុជា ក្នុងការពង្រឹងទំនាក់ទំនងអន្តរជាតិ ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យនានា និងលើកកម្ពស់ការផ្លាស់ប្ដូរភាសា និងវប្បធម៌ក្នុងសហគមន៍ហ្វ្រង់កូហ្វូនី៕



