
ខេត្តកំពង់ស្ពឺ៖ កម្ពុជា បានប្រារព្ធខួប២០ឆ្នាំ នៃការបញ្ជូនកងកម្លាំងនៃកងយោធពលខេមរភូមិន្ទ ឬកងកម្លាំងមួកខៀវ ទៅចូលរួមបំពេញបេសកកម្មរក្សាសន្តិភាពតាមបណ្តាប្រទេសនានា ក្រោមឆត្រអង្គការសហប្រជាជាតិ ដោយក្នុងរយៈពេលពីរទសវត្សរ៍កន្លងមកនេះ កម្ពុជាបានបញ្ជូនកងកម្លាំងសរុបជាង១០៧០០នាក់ ទៅបំពេញបេសកកម្មនៅក្នុងប្រទេសចំនួន១០...។

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចូលរួមធ្វើជាអធិបតីក្នុងពិធីអបអរសាទរខួបដ៏មានសារសំខាន់នេះ ព្រមទាំងសម្ពោធសមិទ្ធផលនានា នៅសាលាហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាពពហុជាតិ ដើម្បីរួមចំណែកលើកកម្ពស់សមត្ថភាពហ្វឹកហ្វឺន និងត្រៀមលក្ខណៈសម្រាប់ការបំពេញបេសកកម្មរក្សាសន្តិភាពអន្តរជាតិ។ ពិធីនេះ ប្រព្រឹត្តទៅនៅសាលាហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាពពហុជាតិ ក្នុងខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៦។ សម្តេចធិបតី មានប្រសាសន៍ថា រយៈពេល២០ឆ្នាំ នៃការចូលរួមរបស់កម្ពុជា ក្នុងបេសកកម្មរក្សាសន្តិភាពក្រោមឆត្រអង្គការសហប្រជាជាតិ បានបង្ហាញពីការផ្លាស់ប្ដូរដ៏សំខាន់របស់កម្ពុជា ពីប្រទេសដែលធ្លាប់រងការបំផ្លិចបំផ្លាញដោយសារសង្គ្រាម និងត្រូវបានគេស្គាល់ថា ជាវាលពិឃាត តំបន់អសន្តិសុខ និងចម្ការមីន មកជាប្រទេសដែលមានសន្តិភាព និងបានចូលរួមចំណែកយ៉ាងសកម្មក្នុងការរក្សាសន្តិភាព និងសន្តិសុខអន្តរជាតិ។ សម្តេច បន្តថា ក្នុងអំឡុងពេលបំពេញបេសកកម្ម កងកម្លាំងមួកខៀវកម្ពុជាបានប្រឈមនឹងបញ្ហាជាច្រើន រួមមាន៖ ស្ថានភាពសន្តិសុខមិនអំណោយផល ជម្លោះប្រដាប់អាវុធ ជំងឺឆ្លង និងគ្រោះធម្មជាតិ ។ល។ ប្រមុខរាជរដ្ឋាភិបាល សង្កត់ធ្ងន់ថា បញ្ហាប្រឈមទាំងនេះទាមទារឱ្យកម្ពុជាបន្តពង្រឹងសមត្ថភាព ជំនាញវិជ្ជាជីវៈ និងការធ្វើនវានុវត្តន៍ ដើម្បីធានាថាកងកម្លាំងអាចបំពេញភារកិច្ចប្រកបដោយប្រសិទ្ធភាព និងសុវត្ថិភាព។

ជោគជ័យក្នុងការចូលរួមបេសកកម្មរក្សាសន្តិភាពនេះ ក៏ត្រូវបានភ្ជាប់ទៅនឹងដំណើរការស្តារ និងកសាងប្រទេសឡើងវិញ បន្ទាប់ពីកម្ពុជាសម្រេចបានសុខសន្តិភាពពេញលេញទូទាំងប្រទេស តាមរយៈការអនុវត្ត «នយោបាយឈ្នះ-ឈ្នះ» របស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា។ ការបញ្ជូនកងកម្លាំងទៅបំពេញបេសកកម្មនៅក្រៅប្រទេស មិនត្រឹមតែបង្ហាញពីការរីកចម្រើននៃសមត្ថភាពរបស់កងយោធពលខេមរភូមិន្ទប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្ហាញពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការចូលរួមជាមួយសហគមន៍អន្តរជាតិ ដើម្បីការពារជនស៊ីវិល គាំទ្រដល់ការរក្សាស្ថិរភាព និងលើកកម្ពស់សន្តិភាពនៅតាមតំបន់ដែលរងផលប៉ះពាល់ដោយជម្លោះ។ ទាំងនេះ ជាការលើកឡើងរបស់សម្តេចនាយករដ្ឋមន្រ្តីដដែល ហើយរំលេចឱ្យឃើញទៀតថា ខួប២០ឆ្នាំនេះ គឺជាសក្ខីភាពនៃការខិតខំប្រឹងប្រែង និងការលះបង់របស់កងកម្លាំងមួកខៀវកម្ពុជា ព្រមទាំងជាឱកាសសម្រាប់បន្តពង្រឹងសមត្ថភាព និងលើកកម្ពស់តួនាទីរបស់កម្ពុជា ក្នុងបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ដើម្បីរួមចំណែកកសាងពិភពលោកមួយដែលមានសន្តិភាព ស្ថិរភាព និងសុវត្ថិភាពកាន់តែប្រសើរ៕













