ឃាត់ខ្លួនមនុស្សប្រុស-ស្រី៦នាក់ ក្រោយបន្លំជា «កាយឫទ្ធិកម្ពុជ» រៃអង្គាសប្រាក់បានជាង៣០០លានរៀល
Chanmarady Chuon
•
2 ម៉ោងមុន

រាជធានីភ្នំពេញ៖ កម្លាំងសមត្ថកិច្ចជំនាញ បានបើកប្រតិបត្តិការបង្ក្រាបទីតាំងសង្ស័យប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាចំនួន២កន្លែង ក្នុងរាជធានីភ្នំពេញ ដោយបានឃាត់ខ្លួនជនសង្ស័យប្រុស-ស្រីចំនួន៦នាក់ កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ ក្រោយធ្វើសកម្មភាពក្លែងបន្លំជាកាយឫទ្ធិកម្ពុជា រៃអង្គាសប្រាក់ជំនួយបានជាង៣០០លានរៀល ឬជាង៧,៣ម៉ឺនដុល្លារអាមេរិក…។ ពួកគេ ក៏លួចបើកល្បែងអនឡាញខុសច្បាប់ផងដែរ។

ប្រតិបត្តិការបោសសម្អាតនេះ ធ្វើឡើងបន្ទាប់ពីសមត្ថកិច្ចស្រាវជ្រាវស៊ើបអង្កេតយ៉ាងហ្មត់ចត់អស់រយៈពេលជាច្រើនសប្ដាហ៍។ ដោយមានការអនុញ្ញាតពីព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កម្លាំងជំនាញពីនាយកដ្ឋានប្រតិបត្តិការ និងនីតិវិធី នៃមជ្ឈមណ្ឌលជាតិបច្ចេកវិទ្យាព័ត៌មាន បានសហការជាមួយគណៈបញ្ជាការឯកភាពខណ្ឌមានជ័យ និងខណ្ឌបឹងកេងកង ចុះឆែកឆេរទីតាំងចំនួន២កន្លែង រួមមាន៖ ទីតាំងទី១ នៅភូមិក្បាលទំនប់ សង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ និងទីតាំងទី២ នៅភូមិ៣ សង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង។

ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានរកឃើញក្រុមឧក្រិដ្ឋជនកំពុងធ្វើសកម្មភាពឆបោកដោយបន្លំធ្វើជាក្រុមការងារកាយឫទ្ធិកម្ពុជា រៃអង្គាសប្រាក់ឧបត្ថម្ភជួយជនរងគ្រោះដោយទឹកជំនន់ និងឆបោកក្រោមរូបភាពផ្តល់សេវាភ្នាល់ល្បែងស៊ីសងអនឡាញខុសច្បាប់ ដែលបានកេងប្រវ័ញ្ចប្រាក់ពីជនរងគ្រោះសរុបជាង៣០០លានរៀល។ កម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនមុខសញ្ញាសង្ស័យចំនួន៦នាក់ (ស្រី៤នាក់)។ 

ជាមួយគ្នានេះ សមត្ថកិច្ចដកហូតបានវត្ថុតាងជាច្រើន រួមមាន៖ ម៉ាស៊ីនកុំព្យូទ័រ (CPU) ១គ្រឿង, ម៉ូនីទ័រ ១គ្រឿង, កុំព្យូទ័រយួរដៃ (Laptop) ៦គ្រឿង, ទូរសព្ទដៃ ១៣គ្រឿង, iPad ២គ្រឿង, Tablet ១គ្រឿង, iPod ១គ្រឿង, ដុំរ៉ោតទ័រ និងដុំ Wi-Fi, ស៊ីមកាត ៦៩កាត, លិខិតឆ្លងដែន ២ក្បាល, កាមេរ៉ាសុវត្ថិភាព ២គ្រឿង, សៀវភៅកត់ត្រាចំណូលចំណាយ, ឯកសារពាក់ព័ន្ធមួយចំនួន និងម៉ូតូ ៥គ្រឿង។ បច្ចុប្បន្ន ជនសង្ស័យទាំង៦នាក់ រួមទាំងវត្ថុតាងទាំងអស់ ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញបញ្ជូនទៅរក្សាទុក និងកំពុងរៀបចំកសាងសំណុំរឿង ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត