ក្នុងអង្គការសហប្រជាជាតិ តំណាងកម្ពុជា ប្រកាសគាំទ្រការហាមឃាត់មីនប្រឆាំងមនុស្សជាតិ ខណៈកន្លងមក ថៃធ្លាប់ទម្លាក់លើភូមិឋានប្រជាជនស្លូតត្រង់កម្ពុជា
អ
អុន សម្ផស្ស
•
3 ម៉ោងមុន

ទីក្រុងញូវយ៉ក៖ មន្រ្តីកម្ពុជាប្រចាំអង្គការសហប្រជាជាតិ (UN) ប្រកាសពីការប្តេជ្ញាចិត្តគាំទ្រយ៉ាងមុតមាំចំពោះអនុសញ្ញាហាមឃាត់មីនប្រឆាំងមនុស្ស ក្នុងកិច្ចពិភាក្សាគណៈកម្មាធិការទី១ ទទួលបន្ទុកការរំសាយសព្វាវុធ និងសន្តិសុខអន្តរជាតិ របស់អង្គការសហប្រជាជាតិ នៅទីក្រុងញូវយ៉ក សហរដ្ឋអាម៉េរិក នៅថ្ងៃទី២២ ដែលត្រូវនឹងថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ នៅកម្ពុជា។

ក្នុងឱកាសនោះ លោក យោង ចាន់សុភារ តំណាងអចិន្ត្រៃយ៍រងកម្ពុជាប្រចាំអង្គការសហប្រជាជាតិ សង្កត់ធ្ងន់លើសារសំខាន់នៃការពង្រឹងសកម្មភាពមីន និងការជួយសង្គ្រោះជនរងគ្រោះ ដើម្បីកាត់បន្ថយផលប៉ះពាល់ពីសំណល់ជាតិផ្ទុះ និងធានាសុវត្ថិភាពដល់ប្រជាពលរដ្ឋ។ លោកលើកឡើងថា ប្រជាពលរដ្ឋកម្ពុជា នៅតាមភូមិមួយចំនួននៅតែបន្តរងផលប៉ះពាល់ពីគ្រាប់កាំភ្លើងធំ និងគ្រាប់បែកចង្កោមមិនទាន់ផ្ទុះ ព្រមទាំងសំណល់គ្រាប់បែកចង្កោម ដែលបង្កការគំរាមកំហែងដល់សុវត្ថិភាព និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ បញ្ហាទាំងនេះក៏បានបង្កឧបសគ្គដល់ការវិលត្រឡប់ទៅកាន់លំនៅឋានវិញដោយសុវត្ថិភាពរបស់ជនភៀសសឹកផងដែរ។ ដូច្នេះ ការបន្តពង្រឹងសកម្មភាពមីន ការបោសសម្អាតសំណល់ជាតិផ្ទុះ និងការផ្ដល់ជំនួយដល់ជនរងគ្រោះ គឺជាកត្តាសំខាន់ក្នុងការការពារអាយុជីវិតប្រជាពលរដ្ឋ និងលើកកម្ពស់សុវត្ថិភាពសហគមន៍។

សូមរឭកថា សង្គ្រាមតាមបណ្តោយព្រំដែនក្នុងឆ្នាំ២០២៥​ ទាហានថៃបានប្រើប្រាស់គ្រាប់បែក ជាច្រើនប្រភេទ ដូចជា គ្រាប់បែកចង្កោម១៥៥មិល្លីម៉ែត្រ​ មានចំនួនប្រមាណ ១២ទៅ១៣ម៉ឺនគ្រាប់ ដែលមានផ្ទុកកូនគ្រាប់ចំនួនប្រមាណ៦ទៅ៧​លានគ្រាប់។ គ្រាប់បែកចង្កោមដែលថៃប្រើប្រាស់ប្រភេទ M42, M46 និង M85 ផលិតនៅប្រទេសអុីស្រាអ៊ែល​ ហើយគ្រាប់បែកចង្កោមនេះ​ ស្ថិតក្រោមការហាមឃាត់ប្រើប្រាស់នៃអនុសញ្ញាគ្រាប់បែកចង្កោមអន្តរជាតិអូស្លូ។ អគ្គនាយកស៊ីម៉ាក់ លោក ហេង រតនា ធ្លាប់បង្ហោះសារលើបណ្តាញសង្គមថា ការបាញ់ប្រហារគ្រាប់បែកចង្កោមរបស់ទាហានថៃនេះ​ មានយុទ្ធសាស្ត្រនិងយុទ្ធវិធីយោធាច្បាស់លាស់ និងមានគោលបំណងបង្កវិនាសកម្មសេដ្ឋកិច្ចសង្គមចំពោះប្រជាពលរដ្ឋខ្មែរ និងប្រទេសកម្ពុជាក្នុងរយៈពេលយូរអង្វែង។ លើសពីនេះ គ្រាប់ទាំងនោះ បានបង្កផលប៉ះពាល់លេីភូមិចំនួន៣៣៥ ស្ថិតតាមបណ្តោយព្រំដែន ដែលមានផ្ទៃដីរងផលប៉ះពាល់ជាង២៩ម៉ឺនហិកតា ខណៈភូមិចំនួន១៤ និងតំបន់តាមបណ្តោយខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ នៅមិនទាន់សិក្សាស្រាវជ្រាវបាន ដោយសារបញ្ហាសន្តិសុខ៕ 

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត