មីយ៉ាន់ម៉ា កាន់សន្ដឹកអាត់ដ៏សំខាន់បំផុត ធ្វើឲ្យមហាអំណាចពិភពលោកប្រជែងគ្នា
S
Sinuon Nop
•
3 ម៉ោងមុន

រដ្ឋធានីណៃពិដោរ៖ ស្របពេលបណ្ដាប្រជាជាតិ នៅតំបន់អាស៊ីអាគ្នេយ៍ ភាគច្រើនបំផុត និងសហគមន៍អន្ដរជាតិ បានថ្កោល ចំពោះអំពើហិង្សា នៅក្នុងប្រទេសមីយ៉ាន់ម៉ា និងការធ្វើឲ្យបាក់មុខមាត់ដល់ប្លុកអាស៊ាននេះ ចាប់តាំងពីក្រោយអំពើរដ្ឋប្រហារយោធា នៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១រហូតមក ប៉ុន្ដែបច្ចុប្បន្ននៅតែមានប្រទេសមួយចំនួន រួមទាំងមហាអំណាចសេដ្ឋកិច្ចលេខ១ និងលេខ២របស់ពិភពលោក រួមទាំងមហាយក្សអាស៊ីខាងត្បូងផងដែរ កំពុងតែប្រជែងគ្នា ទោរទន់ទៅរបបសឹករបស់ប្រទេសនេះ ដោយសារតែរបបសឹកនៅអាស៊ានមួយនេះ កំពុងតែកាន់សន្លឹកអាត់ដ៏សំខាន់បំផុត នៅក្នុងដៃ។

ប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ និងសមភាគីចិន លោក ស៊ី ជិនពីង
ប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ និងសមភាគីចិន លោក ស៊ី ជិនពីង

សារព័ត៌មានរបស់ភូមា The Irrawaddy បានផ្សាយ កាលពីព្រឹក ថ្ងៃសៅរ៍ ទី២៤ ខែតុលា ថា ថ្វីដ្បឹតតែចិន ជាប្រទេសមានធនធានរ៉ែកម្រដ៏ច្រើនជាងគេបំផុត រហូតដល់៤៤លានតោន ឬស្មើនឹងប្រហែលចន្លោះពី៤៨-៤៩ភាគរយ នៃរ៉ែកម្របម្រុងធនធានធម្មជាតិរបស់ពិភពលោកយ៉ាងណាក្ដី ប៉ុន្ដែប្រទេសមហាអំណាចសេដ្ឋកិច្ចលំដាប់ទី២របស់ពិភពលោកមួយនេះ បាននិងកំពុងតែធ្វើអាជីវកម្មយ៉ាងសកម្ម នៅក្នុងប្រទេសមីយ៉ាន់ម៉ា។ បើតាមទិន្នន័យ ពីទីផ្សារលោហធាតុសៀងហៃ (Shanghai Metals Market) បានឲ្យដឹងថា ប្រទេសចិន បាននាំចូលសារធាតុរ៉ែកម្រ កើនឡើងរហូតដល់ ៥ ០២១តោន កាលពីខែកញ្ញា ដោយកើនឡើង រហូតដល់២៣ភាគរយ បើធៀបនឹងខែសីហា។

លោក ស៊ី ជិនពីង និងប្រធានាធិបតីមីយ៉ាន់ម៉ា លោក មីន អ៊ោងហ្លាំង
លោក ស៊ី ជិនពីង និងប្រធានាធិបតីមីយ៉ាន់ម៉ា លោក មីន អ៊ោងហ្លាំង

ការនាំចូលពីប្រទេសមីយ៉ាន់ម៉ា កើតឡើង សរុប៧០ភាគរយ ខណៈការនាំចូលពីប្រទេសឡាវបានធ្លាក់ចុះ មកនៅត្រឹម ១ ៣៦៩ តោន។ ការនាំចូលសរុប សម្រាប់រយៈពេល ចាប់ពីខែមករា ដល់ខែកញ្ញា បានកើនឡើង១៤ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២៥។

ប្រធានាធិបតីមីយ៉ាន់ម៉ា លោក មីន អ៊ោងហ្លាំង និងនាយករដ្ឋមន្រ្ដីឥណ្ឌា លោក ម៉ូឌី
ប្រធានាធិបតីមីយ៉ាន់ម៉ា លោក មីន អ៊ោងហ្លាំង និងនាយករដ្ឋមន្រ្ដីឥណ្ឌា លោក ម៉ូឌី

ស្របគ្នានេះដែរ ឧស្ម័នធម្មជាតិរបស់ប្រទេសមីយ៉ាន់ម៉ា ប្រហែលចន្លោះពី៧០-៨០ភាគរយ បាននាំទៅកាន់ប្រទេសចិន និងថៃ។ មួយវិញទៀត ដោយសារតែប្រទេសចិន កំពុងតែធ្វើអាជីវកម្មរ៉ែកម្រ នៅក្នុងប្រទេសអាស៊ានមួយនេះ ហើយគួបផ្សំនឹងសហរដ្ឋអាម៉េរិក កំពុងតែលែងចង់ពឹងផ្អែក ទៅលើរ៉ែកម្ររបស់ចិន ផងនោះ រដ្ឋាភិបាលទីក្រុងវ៉ាស៊ីន ក្រោមការដឹកនាំរបស់លោកប្រធានាធិបតិ ដូណាល់ ត្រាំ ក៏ចាប់ផ្ដើម ផ្លាស់ប្ដូរនូវគោលនយោបាយការបរទេសរបស់ខ្លួន ផ្ដោតទៅលើប្រទេសមីយ់ាន់ម៉ា ដោយបានងាកមកពង្រឹងទំនាក់ទំនងឡើងវិញ ជាមួយនឹងរដ្ឋាភិបាលទីក្រុងណៃពិដោ (Naypyitaw) តាមរយៈការចរចាយ៉ាងសម្ងាត់ជាច្រើនឡើងច្រើនសា ទាំងនៅក្នុងរដ្ឋធានីរបស់ប្រទេសមីយ៉ាន់ម៉ា និងនៅរាជធានីតូក្យូ នៃប្រទេសជប៉ុន កាលពីពេលថ្មីៗកន្លងទៅនេះ។

ការផ្លាស់ប្ដូរគោលនយោបាយការបរទេស នៃរដ្ឋការរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ បានធ្វើឲ្យក្រុមអ្នកវិភាគ និងក្រុមអ្នកនយោបាយ ដាក់ការសន្និដ្ឋានថា ការប្រកួតប្រជែងទៅលើធនធានរ៉ែកម្រ (Rare Earth) គឺជាកត្តាជំរុញឱ្យរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន កែសម្រួលនូវគោលនយោបាយរបស់ខ្លួន ថ្វីបើរដ្ឋការមុនរបស់ប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ចូ បៃដិន (Joe Biden) បានដាក់ទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរ លើរបបយោធាមីយ៉ាន់ម៉ា និងបុគ្គលពាក់ព័ន្ធ ក្រោយការធ្វើរដ្ឋប្រហារយោធា នៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១យ៉ាងណាក្ដី។

បច្ចុប្បន្ន ក្រុមអ្នកគាំទ្ររបបយោធាមីយ៉ាន់ម៉ា កំពុងតែអួតអាងថា របបយោធាមីយ៉ាន់ម៉ា កំពុងតែកាន់សន្លឹកអាត់ដ៏សំខាន់បំផុត នៅក្នុងដៃ គឺ«រ៉ែកម្រ» ដើម្បីប្រើប្រាស់ នៅក្នុងគោលបំណងស្វែងរកការទទួលស្គាល់ពីអន្តរជាតិ។ អ្វីដែលរបបយោធា កាន់តែមានអំណួតកាន់តែខ្លាំងឡើងបន្ថែមទៀត ក្រៅពីសហរដ្ឋអាម៉េរិក ជាមហាអំណាចកំពូល ចិនជាមហាអំណាចសេដ្ឋកិច្ចទី២របស់ពិភពលោក និងបណ្ដាប្រទេសមួយចំនួនទៀត រួមមាន៖ ឥណ្ឌា ដែលជាមហាយក្សអាស៊ីខាងត្បូង កំពុងតែមានចំណាប់អារម្មណ៍ស្រដៀងគ្នា ទៅនឹងប្រទេសមហាអំណាចសេដ្ឋកិច្ចកំពូលរបស់ពិភពលោកផងដែរ។

ទោះជាយ៉ាងណាក៏ដោយ ថ្វីបើប្រទេសមីយ៉ាន់ម៉ា មានទីតាំងអណ្តូងរ៉ែដីកម្រ (Rare Earth Mines) ប្រហែលជាង៦០០កន្លែង ដោយផ្ដល់អាទិភាពផ្គត់ផ្គង់ខ្សែច្រវាក់ សម្រាប់ប្រទេសចិនយ៉ាងក៏ដោយ ក៏អណ្តូងរ៉ែទាំងនោះ ស្ទើរតែទាំងអស់ ស្ថិតក្រៅតំបន់គ្រប់គ្រងរបស់របបយោធាមីយ៉ាម៉ា។

តើមូលហេតុអ្វីទើបបណ្ដាឲ្យមហាអំណាចពិភពលោក និងប្រទេសអ្នកមានសេដ្ឋកិច្ច ឬបច្ចេកវិទ្យាជឿនលឿន ចង់បានរ៉ែកម្រខ្លាំង? តើរ៉ែកម្រនោះមានសារៈសំខាន់ដល់កម្រិតណា ទើបត្រូវការខ្លាំងដល់ម្លឹង?

ធាតុដីកម្រ (Rare earth elements ឬ REEs) ជាសារធាតដ៏មានសារៈសំខាន់បំផុត សម្រាប់ឧស្សាហកម្មបច្ចេកវិទ្យាជឿនលឿន ដោយដើរតួជាវត្ថុធាតុដើម សម្រាប់ផលិតម៉ាញេទិក ដែលប្រើប្រាស់ក្នុងវិស័យយានយន្តអគ្គិសនី ទួរប៊ីនខ្យល់ ទូរស័ព្ទឆ្លាតវៃ និងប្រព័ន្ធការពារជាតិ ។ល។ និង ។ល។

ចន្លោះពីឆ្នាំ២០១៧ និង២០២៤ ប្រទេសមីយ៉ាន់ម៉ា បានផ្គត់ផ្គង់យ៉ាងតិច រហូតដល់៦០ភាគរយ នៃការនាំចូលរ៉ែកម្ររបស់ចិន ដោយមានទឹកប្រាក់ រហូតដល់១,៤ពាន់លានដុល្លារ នៅក្នុងឆ្នាំ២០២៣។

កាលពីដើមខែតុលាកន្លងទៅនេះ មន្ត្រីអាមេរិកបានជួបពិភាក្សាជាមួយតំណាងរបបមីយ៉ាន់ម៉ា នៅទីក្រុងតូក្យូ ដែលជាកិច្ចប្រជុំលើកទីពីរ ចាប់តាំងពីពាក់កណ្តាលខែកញ្ញារហូតមក។ អ្នកវិភាគ បានបង្ហាញអំពីកត្តាពីរដែលជំរុញឱ្យសហរដ្ឋអាម៉េរិក បន្ធូរបន្ថយទំនាក់ទំនងការទូត រួមមាន៖ កិច្ចខិតខំប្រឹងប្រែងប្រយុទ្ធប្រឆាំងនឹងប្រតិបត្តិការបោកប្រាស់ប្រព័ន្ធអនឡាញ ដែលដំណើរការដោយកងជីវពលដែលមានសម្ពន្ធភាពជាមួយរបបយោធា ដែលបានបោកប្រាស់ជនជាតិអាម៉េរិក អស់រាប់ពាន់លានដុល្លារ និងការប្រញាប់ប្រញាល់ ដើម្បីធានាឲ្យបាននូវធនធានរ៉ែដ៏កម្រ។

ស្របគ្នានេះដែរ ប្រទេសឥណ្ឌាក៏បានចូលរួមនៅក្នុងការរត់ប្រណាំងប្រជែង សម្រាប់រ៉ែដ៏កម្ររបស់មីយ៉ាន់ម៉ាផងដែរ ខណៈការប្រកួតប្រជែងខ្សែសង្វាក់ផ្គត់ផ្គង់សកល កំពុងតែកើនឡើង។ កាលពីខែកក្កដា ឯកអគ្គរដ្ឋទូតឥណ្ឌា ប្រចាំនៅប្រទេសមីយ៉ាន់ម៉ា លោក អាប់ហាយ ថាគូរ ( Abhay Thakur) បានគូសបញ្ជាក់ អំពីកិច្ចសហប្រតិបត្តិការទ្វេភាគី ដែលកំពុងកើនឡើង នៅក្នុងអំឡុងពេលវេទិការុករករ៉ែ រៀបចំដោយស្ថានទូតឥណ្ឌា នៅទីក្រុងម៉ាន់ដាឡៃ (Mandalay) ប្រទេសមីយ៉ាន់ម៉ា ជាកន្លែងដែលមន្ត្រីមកពីភាគីទាំងពីរបានពិភាក្សា អំពីការបណ្តាក់ទុនរួមគ្នា និងឱកាសវិនិយោគ។ កិច្ចពិភាក្សានេះបានឆ្លុះបញ្ចាំងពីចំណាប់អារម្មណ៍ កាន់តែខ្លាំងឡើងរបស់ទីក្រុងញូវដេលី ចំពោះរ៉ែកម្ររបស់មីយ៉ាន់ម៉ា ដែលជាផ្នែកមួយ នៃយុទ្ធសាស្ត្រ «ធ្វើសកម្មភាពទៅទិសខាងកើត» ដ៏ទូលំទូលាយរបស់ខ្លួន និងការជំរុញរបស់ឥណ្ឌា ដើម្បីបង្វែរខ្សែសង្វាក់ផ្គត់ផ្គង់រ៉ែកម្រ ចេញពីប្រទេសចិន។

ស្របគ្នានេះដែរ ក្រុមអ្នកគាំទ្រយោធាមីយ៉ាន់ម៉ា បានអះអាងថា រ៉ែដ៏កម្រផ្តល់នូវបន្ទះឈីបចរចាដ៏សំខាន់ សម្រាប់របបឯកោ ដែលកំពុងប្រឈមមុខនឹងបញ្ហា។ យ៉ាងណាក៏ដោយ ការប្រកួតប្រជែងរ៉ែដ៏កម្រ កំពុងតែផ្លាស់ប្តូរគោលនយោបាយការបរទេសរបស់មហាអំណាចពិភពលោក ប្រឈមមុខនឹងភាពផ្ទុយគ្នាយ៉ាងខ្លាំង នៅក្នុងការទាក់ទាញរបបយោធា ខណៈរបបយោធា ស្ទើរតែមិនគ្រប់គ្រងរ៉ែណាមួយនោះឡើយ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត