
រាជធានីភ្នំពេញ៖ សេចក្តីព្រាងច្បាប់ស្តីពីថវិកាជាតិសម្រាប់ចំណាយឆ្នាំ២០២៧ ត្រូវបានអនុម័តក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ ក្រោមអធិបតីភាពសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត។ ថវិកាជាតិឆ្នាំ២០២៧ ផ្តល់អាទិភាពលើការពង្រឹងសមត្ថភាពការពារអធិបតេយ្យជាតិ បូរណភាពទឹកដី ការបន្តរក្សាលំនឹងសង្គម-សេដ្ឋកិច្ច ជីវភាពប្រជាជន និងការគាំទ្រការអនុវត្តអាទិភាពគោលនយោបាយសំខាន់ៗ។

ថវិកាឆ្នាំ២០២៧ ត្រូវបានប្រសិទ្ធនាមថាជា «ថវិកាដើម្បីការពារអធិបតេយ្យភាព បូរណភាពទឹកដី រក្សាលំនឹងជីវភាពប្រជាជន គាំពារកំណើនចំគោលដៅក្នុងបរិការណ៍នៃភាពមិនប្រាកដប្រជាខ្ពស់ ដោយធានាលទ្ធភាពឆ្លើយតបគ្រប់គ្រាន់ និងចីរភាពហិរញ្ញវត្ថុសាធារណៈ»។

ថវិកាថ្នាក់ជាតិឆ្នាំ២០២៧ គ្រោងចំណាយសរុបប្រមាណ៩,៧៤ពាន់លានដុល្លារអាម៉េរិក កើនឡើង ឬច្រើនជាងមុន៣,២ភាគរយ បើធៀបនឹងឆ្នាំ២០២៦។ រីឯថវិកាថ្នាក់ក្រោមជាតិឆ្នាំ២០២៧ គ្រោងចំណាយប្រមាណ១,២៤ពាន់លានដុល្លារអាម៉េរិក។ ថវិកាថ្នាក់ជាតិ និងថវិកាថ្នាក់ក្រោមជាតិ បូកបញ្ចូលគ្នាសម្រាប់ចាយនៅឆ្នាំ២០២៧ មានចំនួនជិត១១ពាន់លានដុល្លារអាម៉េរិក។

ជាមួយគ្នា រដ្ឋ ក៏មានផែនការរកចំណូលត្រឡប់មកវិញដូចរាល់ឆ្នាំដែរ (ទាំងចំណូលនៅថ្នាក់ជាតិ ទាំងចំណូលថ្នាក់ក្រោមជាតិ)។ ចំណូលថ្នាក់ជាតិ រដ្ឋគ្រោងរកឱ្យបាន ប្រមាណ៧,៩៣ពាន់លានដុល្លារអាម៉េរិក ហើយចំណូលថ្នាក់ក្រោមជាតិ រដ្ឋគ្រោងរកឱ្យបានប្រមាណ៦៩១លានដុល្លារអាម៉េរិក (សរុបចូលគ្នាប្រមាណ៨,៦ពាន់លានដុល្លារអាម៉េរិក)។ កិច្ចប្រជុំគណៈរដ្ឋមន្រ្តី បង្ហាញការវាយតម្លៃ និងការព្យាករថា សេដ្ឋកិច្ចកម្ពុជា នឹងបន្តកើនឡើង ពី៤ភាគរយក្នុងឆ្នាំ២០២៦នេះ ទៅ៤,៨ភាគរយក្នុងឆ្នាំ២០២៧។

គួរជម្រាបថា ចាប់តាំងពីថៃបង្កសង្គ្រាម និងបើកការឈ្លានពាន២លើកមក កម្ពុជា ក៏ចាប់ផ្តើមបង្កើនថវិកាជាតិ ហើយការចំណាយ ផ្តោតខ្លាំងលើវិស័យការពារជាតិ ទឹកដី និងដែនអធិបតេយ្យ។ នៅឆ្នាំ២០២៦ រាជរដ្ឋាភិបាលកម្ពុជា បង្កើនថវិកាជាតិច្រើនជាងឆ្នាំ២០២៥ ហើយឈានចូលឆ្នាំ២០២៧ ថវិកាជាតិ ក៏នឹងត្រូវកើនច្រើនជាងឆ្នាំ២០២៦។ ទោះចុះកិច្ចព្រមព្រៀងផ្អាកសង្គ្រាមនៅចុងឆ្នាំ២០២៥ក្តី តែស្ថានភាពជាក់ស្តែងនៅតាមព្រំដែន គេសង្កេតឃើញកងទ័ពថៃ មិនទាន់ឈប់រុកកួន និងការកាន់កាប់ទឹកដីកម្ពុជានោះទេ៕




