ព្យុះ «ចម្ពី» បោកបក់កាត់កោះតៃវ៉ាន់ ផ្តា.ច់ជី.វិតមនុស្សម្នាក់ និងជាង៥០០នាក់រងរបួ.សទាំងព្រឹកព្រលឹម ខណៈជើងហោះហើររាប់រយ នៅបន្តផ្អាក
ហៀប ស៊ីថេត
•
4 ម៉ោងមុន

ក្រុងតៃប៉ិ៖ ព្យុះទីហ្វុងឈ្មោះ ចម្ពី បានបោកបក់រំលងកោះតៃវ៉ាន់នៅថ្ងៃសៅរ៍ទី២៤ ខែតុលានេះ ដោយបានសម្លាប់មនុស្សម្នាក់ និងបង្កឱ្យមនុស្សជាង៥០០នាក់ផ្សេងទៀតរងរបួស ព្រមទាំងបានផ្តួលរលំដើមឈើ និងកាត់ផ្តាច់ប្រព័ន្ធអគ្គិសនី ខណៈព្យុះនេះកំពុងបន្តចុះខ្សោយកម្លាំង និងប្តូរទិសដៅឆ្ពោះទៅជើង តម្រង់ទៅរកឆ្នេរសមុទ្ទនៃប្រទេសចិន។

នាយកដ្ឋានឧតុនិយមកណ្តាលតៃវ៉ាន់ (CWA) បង្ហាញថា ទោះបីជាកំពុងចុះថយឥទ្ធិពលក្ដី តែព្យុះចម្ពី ដែលធ្លាប់ជាមហាព្យុះសង្ឃរា និងជាព្យុះដ៏ខ្លាំងក្លាបំផុតមួយនៅមហាសមុទ្ទប៉ាស៊ីហ្វិកក្នុងឆ្នាំ២០២៦ នៅតែមានល្បឿនខ្យល់បោកបក់ប្រហែល ១២៦គីឡូម៉ែត្រក្នុងមួយម៉ោង។ CWA បានបន្ថែមទៀតថា ព្យុះនេះស្ថិតនៅចម្ងាយប្រហែល១៥០គីឡូម៉ែត្រខាងកើតកោះតៃវ៉ាន់ បន្ទាប់ពីបានបោកបក់ប៉ះឆ្នេរសមុទ្ទភាគខាងជើងនៃកោះនេះនៅព្រលឹមស្រាងៗនាថ្ងៃសៅរ៍ ទី២៤តុលា។ ការព្យាករ បង្ហាញទៀតថា ឥឡូវនេះ វាកំពុងបង្វែរទិសដៅទៅជើងឆ្ពោះទៅរកឆ្នេរសមុទ្ទចិន ហើយជាចុងក្រោយនឹងផ្លាស់ទីចូលទៅភាគខាងត្បូងនៃប្រទេសជប៉ុន។

នាយកដ្ឋានពន្លត់អគ្គិភ័យរបស់តៃវ៉ាន់ បានឱ្យដឹងថា មានបុរសម្នាក់ស្លាប់ ដោយសាររលកសមុទ្ទកកួចយកទៅ ហើយមនុស្ស៥២៧នាក់ផ្សេងទៀតបានរងរបួស អំឡុងពេលមានខ្យល់បក់បោកខ្លាំង និងភ្លៀងធ្លាក់យ៉ាងគំហុក។ ក្រុមហ៊ុនអគ្គិសនី Taipower បានអះអាងថា ផ្ទះជាង១,៦សែនខ្នង បានដាច់ចរន្តអគ្គិសនី ប៉ុន្តែភាគច្រើនត្រូវបានតភ្ជាប់ឡើងវិញហើយ។ ក្រសួងដឹកជញ្ជូនបានបញ្ជាក់ថា ជើងហោះហើរចំនួន២៤២ ត្រូវបានលុបចោល ប៉ុន្តែវាមានភាពល្អប្រសើរជាងកាលពីថ្ងៃសុក្រទី២៣តុលា ដែលជើងហោះហើរជិត១ពាន់ ត្រូវបានលុបចោល៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត