
រាជធានីភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម ព្យាករថា ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ តំបន់មួយចំនួននៅកម្ពុជា អាចមានភ្លៀងធ្លាក់លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ខណៈតំបន់មាត់សមុទ្ទអាចមានរលកសមុទ្ទខ្ពស់រហូតដល់ ១,៧៥ម៉ែត្រ..។

ក្រសួងបញ្ជាក់ថា ស្ថានភាពធាតុអាកាសនេះ គឺដោយសារទទួលឥទ្ធិពលពីព្យុះទី៣០ ឈ្មោះ ចម្ពី (Champi) និងព្យុះទី៣១ ឈ្មោះ អ៊ីនហ្វា (In-fa) ដែលមានឥទ្ធិពលលើរបបខ្យល់មូសុងឦសាន និងតំបន់សមុទ្ទនានា រួមទាំងអាងទន្លេមេគង្គ។ ទោះជាយ៉ាងណា កម្ពុជាមិនស្ថិតនៅក្នុងគន្លងផ្លូវដើររបស់ព្យុះទាំងពីរនេះទេ។ ប៉ុន្តែធ្វើឱ្យ តំបន់វាលទំនាប រួមមាន ខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង សៀមរាប កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង កណ្តាល តាកែវ ស្វាយរៀង និងរាជធានីភ្នំពេញ អាចមានភ្លៀងធ្លាក់ជាមួយខ្យល់កន្ត្រាក់ និងផ្គររន្ទះ គ្របដណ្ដប់លើផ្ទៃដីប្រមាណ ៣០ភាគរយ។

ដោយឡែក តំបន់ខ្ពង់រាប រួមមាន ខេត្តកំពង់ស្ពឺ ប៉ៃលិន ឧត្តរមានជ័យ ព្រះវិហារ ក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ព្រមទាំងជួរភ្នំដងរែក និងជួរភ្នំក្រវាញ អាចមានភ្លៀងធ្លាក់ លាយឡំដោយខ្យល់កន្ត្រាក់ និងផ្គររន្ទះ គ្របដណ្ដប់លើផ្ទៃដីប្រមាណ ២០ភាគរយ។ រីឯតំបន់មាត់សមុទ្ទ រួមមាន ខេត្តកោះកុង ព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោ អាចមានភ្លៀងធ្លាក់ជាមួយខ្យល់កន្ត្រាក់ និងផ្គររន្ទះ គ្របដណ្ដប់លើផ្ទៃដីប្រមាណ ៣០ភាគរយ។ រលកសមុទ្ទ មានកម្ពស់មធ្យមអប្បបរមា ០,៥០ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា ១,៧៥ម៉ែត្រ។ ក្នុងន័យនេះ ក្រសួង អំពាវនាវដល់ប្រជាពលរដ្ឋឱ្យបង្កើនការប្រុងប្រយ័ត្នចំពោះបាតុភូតភ្លៀង ផ្គររន្ទះ និងខ្យល់កន្ត្រាក់ ជាពិសេសអ្នកធ្វើដំណើរតាមផ្លូវគោក និងផ្លូវទឹក ដើម្បីជៀសវាងគ្រោះថ្នាក់ដែលអាចកើតមាន៕




