សាធារណជនមួយចំនួនចោទជាសំណួរ៖ តើ «កូនខ្លា» អាចប្រឈមនឹងទោសទណ្ឌដែរឬទេ ក្រោយលេចធ្លាយរូបបន្លំពាក់បណ្ណសម្គាល់ខ្លួនជាប៉ូលិស និងដេញចាប់ពលរដ្ឋ?
ហាក់ អ៊ីឌី
•
4 ម៉ោងមុន

រាជធានីភ្នំពេញ៖ អ្នកលេងបណ្តាញសង្គមមួយចំនួន កំពុងមានការចាប់អារម្មណ៍ និងពិភាក្សាយ៉ាងក្ដៅគគុក បន្ទាប់ពីមានការលេចធ្លាយរូបភាព និងសកម្មភាពរបស់បុរសម្នាក់ ដែលមហាជនប្រសិទ្ធនាមថា «កូនខ្លា» បានពាក់បណ្ណសម្គាល់ខ្លួនជានគរបាល និងធ្វើសកម្មភាពដេញចាប់ពលរដ្ឋដោយបើកចំហ.....។

ករណីនេះ បានធ្វើឱ្យសាធារណជនជជែកដេញដោលអំពីទិដ្ឋភាពច្បាប់ និងការទទួលខុសត្រូវរបស់សាម៉ីខ្លួន ព្រមទាំងអ្នកពាក់ព័ន្ធ។ បុគ្គលរូបនេះ បានចូលរួមក្នុងប្រតិបត្តិការបង្ក្រាប ដោយពាក់កាតសម្គាល់ខ្លួននៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ (CID) ប្រើប្រាស់សញ្ញា (Logo) នគរបាលជាតិ រហូតឈានដល់ការកាន់កាប់ និងប្រើប្រាស់អាវុធទៀត។ យោងតាមក្រមនីតិវិធីព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា មន្ត្រីនគរបាលយុត្តិធម៌ (នគរបាលជាតិ) គឺជាបុគ្គលដែលមានក្របខ័ណ្ឌផ្លូវការ ឆ្លងកាត់ការបណ្ដុះបណ្ដាល និងទទួលបានការតែងតាំងដោយផ្លូវច្បាប់ ដើម្បីអនុវត្តភារកិច្ចស្រាវជ្រាវ បង្ក្រាប ពាក់ឯកសណ្ឋាន កាន់កាប់អាវុធ និងប្រើប្រាស់បណ្ណសម្គាល់ខ្លួន។ផ្ទុយទៅវិញ ជនស៊ីវិល គ្មានសិទ្ធិ ឬដែនសមត្ថកិច្ចណាមួយក្នុងការពាក់បណ្ណនគរបាល ឬបណ្ណនៃស្ថាប័ននគរបាល កាន់កាប់អាវុធ ឬចុះប្រតិបត្តិការល្បាតស្ទាក់ចាប់ពលរដ្ឋស្មើនឹងមន្ត្រីនគរបាលជាតិនោះឡើយ។

ករណីលើកលែងតែមួយគត់តាម មាត្រា៨៧ នៃក្រមនីតិវិធីព្រហ្មទណ្ឌ គឺជនស៊ីវិលមានសិទ្ធិចាប់ខ្លួនបុគ្គលម្នាក់បាន តែក្នុងករណី «បទល្មើសជាក់ស្តែង»។ ឧទាហរណ៍ថា ឃើញចោរឆក់ ឬប្លន់នៅនឹងភ្នែក ហើយបន្ទាប់ពីឃាត់ខ្លួនបាន ត្រូវតែប្រគល់ខ្លួនជននោះទៅឱ្យមន្ត្រីនគរបាលយុត្តិធម៌ដែលនៅជិតបំផុតភ្លាមៗ ដោយគ្មានសិទ្ធិពាក់កាតសមត្ថកិច្ច ឬកាន់អាវុធធ្វើសកម្មភាពជំនួសសមត្ថកិច្ចឡើយ។ ទោះយ៉ាងណា រំលងបានមួយថ្ងៃក្រោយផ្ទុះករណី កូនខ្លា នេះ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានចេញសារតាមបណ្ដាញសង្គម ប្រកាសចាត់វិធានការក្ដៅលើក្រុមជនស៊ីវិលក្លែងបន្លំធ្វើជាសមត្ថកិច្ច ក្រោមរូបភាពក្លែងឯកសារសាធារណៈ ឯកសណ្ឋាន ឬបណ្ណសម្គាល់ខ្លួនជាសមត្ថកិច្ច ដើម្បីធ្វើសកម្មភាពឃាត់សាកសួរ ឆែកឆេរ សំឡុតគំរាមកំហែង ឬចាប់ពលរដ្ឋណាម្នាក់ គឺជាបទល្មើសព្រហ្មទណ្ឌ។

លោកឧបនាយករដ្ឋមន្ត្រី ស សុខា
លោកឧបនាយករដ្ឋមន្ត្រី ស សុខា

តើទង្វើរបស់បុគ្គលរហស្សនាមកូនខ្លា អាចចាត់ចូលជាល្មើសច្បាប់ព្រហ្មទណ្ឌ ប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយស វិន័យនគរបាលជាតិ ប៉ះពាល់ដល់ជំនឿទុកចិត្តរបស់សាធារណជនមកលើអង្គភាពនគរបាលព្រហ្មទណ្ឌ និងកងកម្លាំងនគរបាលជាតិទាំងមូលដែរឬទេ? បច្ចុប្បន្ន មហាជនកំពុងរង់ចាំមើលវិធានការផ្លូវការ និងការបញ្ជាក់ច្បាស់លាស់ពីអគ្គស្នងការដ្ឋាននគរបាលជាតិ ក៏ដូចជានាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃក្រសួងមហាផ្ទៃ ដើម្បីចាត់វិធានការលើកូនខ្លា និងអ្នកនៅពីក្រោយខ្នងទៅតាមនីតិវិធីច្បាប់ជាធរមាន។ ជាមួយគ្នា ការីនិពន្ធអង្គភាព SBM News នៅព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៦ បានពាំនាំចម្ងល់ខាងលើរបស់មហាជន ដើម្បីសុំការបំភ្លឺបន្ថែមពី លោក ទូច សុខៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ ប៉ុន្តែមិនទាន់មានការឆ្លើយតបនៅឡើយគិតត្រឹមម៉ោងផ្សាយនេះ៕ 

លោក ទូច សុខៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ
លោក ទូច សុខៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ
អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត