
បទបរិយាយ៖ កូរ៉េខាងជើង គឺជាប្រទេសកុម្មុយនីស្ដដ៏អាថ៌កម្បាំងមួយ ដែលស្ថិតនៅអមសងខាងដោយមហាអំណាចពិភពលោកធំៗ។ ទោះបីមានទំហំសេដ្ឋកិច្ចតូចតាច ប៉ុន្តែអាវុធនុយក្លេអ៊ែររបស់ប្រទេសនេះ ធ្វើឱ្យបណ្តាប្រទេសធំៗទូទាំងពិភពលោកព្រួយបារម្ភ និងខ្វល់ខ្វាយក្នុងចិត្ត។ ប៉ុន្តែបើទោះបីជាត្រូវរងទណ្ឌកម្មពីអន្តរជាតិ យ៉ាងណា ក៏របបដឹកនាំរបស់បុរសផ្តាច់ការ គីម ជុងអ៊ុន (Kim Jong Un) នៅតែបន្តមានអំណាច និងគ្មាននរណាចាប់ឈ្នះ ជាពិសេស ការពង្រីកសមត្ថភាពដ៏ខ្លាំងក្លាលើវិស័យការពារជាតិ និងការផលិតសព្វាវុធប្រល័យលោក ជាដើម។ល។

បច្ចុប្បន្ន រដ្ឋាភិបាលកូរ៉េខាងជើង មានជំហររឹងមាំជាងពេលណាៗទាំងអស់ ក្នុងរយៈពេល៣៥ឆ្នាំចុងក្រោយ។ ទណ្ឌកម្មដ៏ធ្ងន់ធ្ងររបស់អង្គការសហប្រជាជាតិ និងការបិទខ្ទប់ប្រទេសក្នុងអំឡុងពេលជំងឺរាតត្បាតកូវីដ-១៩ បានធ្វើឱ្យសេដ្ឋកិច្ចរបស់ប្រទេសកុម្មុយនីស្ដមួយនេះ ធ្លាក់ដុនដាបយ៉ាងគំហុក និងបង្កឱ្យមានវិបត្តិស្បៀងអាហារក្នុងប្រទេសផងដែរ។ ប៉ុន្តែនៅឆ្នាំ២០២៣ អ្វីៗត្រូវបានផ្លាស់ប្ដូរ ហើយរបបនេះ បានគ្រប់គ្រងការកើនឡើងយ៉ាងលឿនស្លេវនៃផលិតផលក្នុងស្រុកសរុប(GDP)។ ប្រភពចំណូល និងពាណិជ្ជកម្មរបស់កូរ៉េខាងជើង បានផ្លាស់ប្ដូរយ៉ាងខ្លាំង រហូតក្លាយជាការគំរាមកំហែងកាន់តែធំឡើងៗសម្រាប់ពិភពលោក ពិសេស បងធំសហរដ្ឋអាម៉េរិក។ កាលពីមុន ពិភពលោកមើលឃើញ លោក គីម ជុងអ៊ុន ត្រឹមជាមេដឹកនាំវ័យក្មេងធម្មតាៗ និងឯកោប៉ុណ្ណោះ ប៉ុន្តែសកម្មភាពចុងក្រោយរបស់លោក គីម បានបង្ហាញពីភាពផ្ទុយស្រឡះ ដោយរបបផ្តាច់ការមួយនេះ មានទាំងអំណាចសេដ្ឋកិច្ច យោធា និងជំហរនយោបាយខ្លាំងជាងពេលណាៗទាំងអស់។

រំហូរប្រាក់ចំណូលថ្មីៗ កំពុងផ្តល់ថវិកាសម្រាប់ការកសាងកម្លាំងយោធាយ៉ាងសន្ធឹកសន្ធាប់ និងការរៀបចំគ្រួសារត្រកូលគីម សម្រាប់បន្តវេនជំនាន់ក្រោយ ដែលអាចនឹងធ្លាក់ទៅក្នុងកណ្តាប់ដៃកូនស្រីវ័យក្មេងរបស់លោក។ តើប្រទេសដែលឯកោ និងរងទណ្ឌកម្មធ្ងន់ធ្ងរបំផុតមួយនេះ អាចធ្វើឱ្យសេដ្ឋកិច្ចស្ទុះងើប បានដោយរបៀបណា..? ជាក់ស្តែង របបព្យុងយ៉ាង មានសន្ទុះកើនឡើងនៃសេដ្ឋកិច្ចនាពេលថ្មីៗ ប្រជាជនមានរថយន្ត និងប្រើប្រាស់ទូរសព្ទឆ្លាតវៃ កាន់តែច្រើនជាងមុន។ នៅពេលយប់ កូរ៉េខាងជើង ធ្លាប់តែជាតំបន់ងងឹតចន្លោះមហាអំណាចសេដ្ឋកិច្ច២ គឺចិន និងកូរ៉េខាងត្បូង ប៉ុន្តែប៉ុន្មានឆ្នាំចុងក្រោយ ពន្លឺភ្លើងនៅរដ្ឋធានីព្យុងយ៉ាង និងទីក្រុងធំៗមួយចំនួន កំពុងជះពន្លឺឡើងជាបណ្តើរ។ ចាប់ពីឆ្នាំ២០២២ មក របបផ្តាច់ការកូរ៉េខាងជើង បានជួបប្រទះនូវរំហូរប្រាក់ចំណូលយ៉ាងច្រើនសន្ធឹកសន្ធាប់ពីប្រទេសចិន និងរុស្ស៊ី។ ចំណូលរូបិយបណ្ណបរទេសដែលរបបនេះទទួលបាន កើនឡើងជិត៦០ភាគរយក្នុងឆ្នាំបន្ទាប់ពីវិបត្តិកូវីដ-១៩ បើធៀបនឹងកម្រិតមុនពេលរងទណ្ឌកម្ម។

យោងតាមការវិភាគរបស់ Bloomberg Economics រវាងឆ្នាំ២០២២ និង២០២៥ កូរ៉េខាងជើង រកចំណូលបានពីបរទេសរហូតដល់២២ពាន់លានដុល្លារ ច្រើនជាង៩ឆ្នាំមុន ជិត៤ដង។ ទោះជាយ៉ាងណា ប្រទេសផ្តាច់ការមួយនេះ នៅតែត្រូវបានចាត់ថ្នាក់ជាប្រទេសក្រីក្របំផុតមួយ ក្នុងពិភពលោក ដោយធនាគារកណ្តាលកូរ៉េខាងត្បូង គណនា ថា GDP របស់កូរ៉េខាងជើង មានប្រមាណ៣០ពាន់លានដុល្លារ តូចជាងសេដ្ឋកិច្ចកូរ៉េខាងត្បូង(១,៩ពាន់ពាន់លានដុល្លារ) ដល់ទៅ៦០ដងឯណោះ។ ក្រៅពីនេះ បរិបទភូមិសាស្ត្រនយោបាយ។ របត់នយោបាយដ៏សំខាន់មួយ កើតឡើងនៅឆ្នាំ២០១៩ កំលុងនៃជំនួបកំពូលនៅរដ្ឋធានីហាណូយ រវាង លោក គីម ជុងអ៊ុន និងលោកប្រធានាធិបតីសហរដ្ឋអាម៉េរិក ដូណាល់ ត្រាំ។ ការចរចាដោះដូរលើការលើកលែងទណ្ឌកម្ម ជាមួយនឹងការលុបបំបាត់កម្មវិធីនុយក្លេអ៊ែរ ត្រូវបរាជ័យ ដោយសារសហរដ្ឋអាម៉េរិក មិនអាចលើកលែងទណ្ឌកម្មទាំងនោះបាន។ លោក គីម បានចាកចេញទាំងខកចិត្ត និងជួបវិបត្តិសេដ្ឋកិច្ចភ្លាមៗ។

បន្ទាប់ពីជំនួបនោះ លោក គីម បានពន្លឿនការផលិតអាវុធនុយក្លេអ៊ែរ ដើម្បីដំឡើងសាច់ដុំរបស់ខ្លួន ឱ្យកាន់តែខ្លាំងក្លាបន្ថែមទៀត រហូតដល់ប៉ុន្មានឆ្នាំចុងក្រោយ ស្ថានការណ៍ បានផ្លាស់ប្ដូរស្ទើរតែទាំងស្រុង។ បច្ចុប្បន្ន លោក គីម ជុងអ៊ុន បានបង្ហាញវត្តមាន អមដោយលោកប្រធានាធិបតីចិន ស៊ី ជីនពីង និងលោកប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន នៅក្នុងក្បួនព្យុហយាត្រាយោធាថ្នាក់ជាតិធំៗ។ នេះបង្ហាញពីសមត្ថភាពយុទ្ធសាស្ត្ររបស់លោក គីម ក្នុងការរៀបចំជំហរភូមិសាស្ត្រនយោបាយរបស់ខ្លួនឡើងវិញ ដោយសូម្បីតែលោក ត្រាំ ក៏រៀបចំគម្រោងទៅផឹកតែក្ដៅជាមួយលោក គីម ក្នុងវិមានលេខ៥៥ ឬវិមានរ្យុងសុងនៃរដ្ឋធានីព្យុងយ៉ាងផងដែរ។

តើប្រទេសឯកោមួយនេះ មានប្រភពថវិកាមកពីណាឱ្យពិតប្រាកដ ទើបអាចទ្រទ្រង់សេដ្ឋកិច្ចជាតិបាន..?
ប្រភពចំណូលទី១ បានមកពីការលួចប្រាក់តាមអ៊ីនធឺណិត។ អង្គការសហប្រជាជាតិ និងអ្នកស្រាវជ្រាវឯកជនបញ្ជាក់ថា កូរ៉េខាងជើង បានបង្កើតក្រុមហេគឃ័រ (Hackers) ឧបត្ថម្ភដោយរដ្ឋដ៏ធំបំផុត ដោយផ្តោតលើរូបិយបណ្ណឌីជីថល ឬ(Crypto)។ នៅឆ្នាំ២០២៥ ការលួចនេះ បានកើនឡើងរហូតដល់ជាង២ពាន់លានដុល្លារក្នុងមួយឆ្នាំ។ កាលពីឆ្នាំ២០១៧ ក្រុមហេគឃ័រកូរ៉េខាងជើង ក្តោបក្តាប់នៃការលួចលុយគ្រីពតូ ប្រមាណ៣០ភាគរយ នៅទូទាំងពិភពលោក ប៉ុន្តែ បច្ចុប្បន្នត្រូវបានគេប៉ាន់ប្រមាណថា កើនឡើងលើស៧០ភាគរយ។ ប្រាក់ទាំងនោះ ត្រូវបានប្តូរទៅជាប្រាក់អឺរ៉ូ ដុល្លារ ឬយ័ន ដើម្បីទិញទំនិញចូលប្រទេស។

ក្រៅពីនេះ ប្រទេសចិន នៅតែជាខ្នងបង្អែកសេដ្ឋកិច្ចដ៏សំខាន់បំផុត ដោយក្តោបក្តាប់ពាណិជ្ជកម្ម៩៨ភាគរយរបស់កូរ៉េខាងជើង។ ចិន ជាទីផ្សារនាំចេញ និងនាំចូលលេខ១ ព្រមទាំងផ្គត់ផ្គង់ថាមពលដ៏សំខាន់។ រដ្ឋធានីប៉េកាំង ជួយជ្រោមជ្រែងកូរ៉េខាងជើង ក្នុងកម្រិតមួយ ដែលទណ្ឌកម្មអនុញ្ញាត ព្រោះចិនមិនចង់ឃើញសេដ្ឋកិច្ចកូរ៉េខាងជើង ដួលរលំ ដែលអាចបង្កឱ្យមានវិបត្តិជនភៀសខ្លួន និងអស្ថិរភាពតាមបណ្តោយព្រំដែនក្បែរក្លៀកខ្លួនឡើយ។ ក្រៅពីនេះ ប្រភពចំណូលថ្មីធំបំផុតរបស់របបលោក គីម គឺបានមកពីសង្គ្រាមនៅអ៊ុយក្រែន ព្រោះថា រុស្ស៊ីត្រូវការគ្រាប់ជាច្រើន ហើយកូរ៉េខាងជើង ជាប្រទេសមួយក្នុងចំណោមប្រទេសតិចតួច ដែលមានសេសសល់គ្រាប់យ៉ាងច្រើនក្នុងឃ្លាំង ព្រមទាំងមានសមត្ថភាពផលិតបន្ថែមថែមទៀតផង។ មជ្ឈមណ្ឌលសិក្សាយុទ្ធសាស្ត្រ និងអន្តរជាតិ (CSIS) ប៉ាន់ប្រមាណថា កូរ៉េខាងជើងរកប្រាក់បានរហូតដល់ ១២,៨ពាន់លានដុល្លារ ពីកិច្ចព្រមព្រៀងលក់អាវុធឱ្យរុស្ស៊ី។

ក្រៅពីសាច់ប្រាក់ កូរ៉េខាងជើងក៏ទទួលបានទំនិញ និងបច្ចេកវិទ្យាយោធាពីរុស្ស៊ីផងដែរ ដូចជា បច្ចេកវិទ្យាការពារអាកាសសម្រាប់នាវាចម្បាំងស៊េរីថ្មីរបស់ខ្លួន។ លើសពីនេះ សង្គ្រាមនៅអ៊ុយក្រែន បានជួយឱ្យកូរ៉េខាងជើងសាកល្បង និងអភិវឌ្ឍអាវុធរបស់ខ្លួន ឱ្យកាន់តែទំនើបថែមមួយកម្រិតទៀត នៅក្នុងសមរភូមិជាក់ស្តែង ខណៈប្រទេសផ្តាច់ការមួយនេះ តែងរមាស់ដៃបាញ់សាកល្បងមីស៊ីល និងអាវុធថ្មីៗបណ្តាក់គ្នាដូចខ្យង។ សម្រាប់មេដឹកនាំកូរ៉េខាងជើង យល់ថា៖«អាវុធនុយក្លេអ៊ែរ គឺជាវិធីតែមួយគត់ដែលស្វែងរកសន្តិសុខ និងការរស់រានមានជីវិតរបស់របបដឹកនាំរបស់ពួកគេបាន ប្រសិនបើពួកគេបោះបង់អាវុធនុយក្លេអ៊ែរ ពួកគេនឹងត្រូវរលាយសាបសូន្យជាក់ជាមិនខាន»៕


