
រដ្ឋធានីសេអ៊ូល៖ កូរ៉េខាងជើង បានធ្វើតេស្តសាកល្បងក្រោមទឹកនូវប្រព័ន្ធអាវុធតូពែដូ (Torpedo) ថ្មីមួយបំពាក់ដោយបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ខណៈការសាកល្បងនេះទទួលបានជោគជ័យ និងជាជំហានដ៏សំខាន់មួយក្នុងការអភិវឌ្ឍវិស័យជើងទឹករបស់ប្រទេសឯកោមួយនេះ។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA រាយការណ៍ថា ការសាកល្បងនេះ បានបង្ហាញឱ្យឃើញពីបច្ចេកវិទ្យារុញច្រាន ដែលត្រូវបានអភិវឌ្ឍតាមរយៈការធ្វើតេស្តជាង១៨០លើកក្នុងរយៈពេល៥ឆ្នាំកន្លងមក។ ប្រភពដដែល បានបន្ថែមថា បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ត្រូវបានយកមកប្រើប្រាស់សម្រាប់ការស្វែងរកគោលដៅ និងការនាំផ្លូវនៅក្នុងគ្រាប់តូពែដូ។ ការសាកល្បងនេះ គឺជាសកម្មភាពចុងក្រោយបង្អស់នៃការបាញ់សាកល្បងអាវុធរបស់កូរ៉េខាងជើង ខណៈស្ថានការនៅលើឧបទ្វីបកូរ៉េកំពុងឡើងកម្តៅ ដោយសារប្រទេសកូរ៉េទាំង២ ប្រជែងគ្នាក្នុងការអភិវឌ្ឍអាវុធដែលអាចគេចផុតពីប្រព័ន្ធការពារដែនអាកាស។

KCNA បានបញ្ជាក់ថា ការសាកល្បងនេះ ជាផ្នែកមួយនៃសកម្មភាពស្រាវជ្រាវការពារជាតិជាទៀងទាត់ ក្នុងគោលបំណងកែលម្អប្រព័ន្ធអាវុធរបស់ប្រទេស ហើយវាបានបង្ហាញពីការកើនឡើងនូវប្រសិទ្ធភាពកម្លាំងរុញច្រាន និងសមត្ថភាពនៃប្រព័ន្ធរ៉ុក្កែតរុញច្រានរបស់គ្រាប់តូពែដូ។ ការសាកល្បងចុងក្រោយនេះ បានធ្វើឡើងបន្ទាប់ពីកូរ៉េខាងជើងបានប្រកាសថា ខ្លួនបានធ្វើតែស្តសាកល្បងមីស៊ីលតម្រង់ទិសយុទ្ធសាស្ត្របាញ់ចេញពីនាវាមុជទឹកចំនួន២ ប្រភេទកាលពីថ្ងៃពុធ ដើម្បីផ្ទៀងផ្ទាត់សមត្ថភាពបេសកកម្មរបស់កងទ័ពជើងទឹក និងភាពជឿជាក់នៃប្រព័ន្ធរារាំងសង្គ្រាមរបស់ខ្លួន។ សូមជម្រាបថា រដ្ឋធានីព្យុងយ៉ាង បាននិងកំពុងខិតខំអភិវឌ្ឍនាវាមុជទឹកបំពាក់មីស៊ីលទំនើបៗ រួមជាមួយមីស៊ីលបាលីស្ទីក និងមីស៊ីតម្រង់ទិស៕




