
ខេត្តកណ្តាល៖ សមត្ថកិច្ចជលផល និងកម្លាំងគណៈបញ្ជាការឯកភាពស្រុកពញាឮ បានចុះបង្ក្រាបបទល្មើសជលផល ក្នុងឃុំកំពង់អុស ពីរថ្ងៃជាប់គ្នាកាលពីថ្ងៃទី០១ និងទី២តុលា ឆ្នាំ២០២៣ ដកហូតបានរបាំងស្បៃមុង១៣៦៩៦ម៉ែត្រ និងលែងកូនត្រីប្រមាណ២០០គីឡូក្រាម ចូលក្នុងទន្លេវិញ...។

ប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា នៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៣ សមត្ថកិច្ចជលផល នៃអធិការដ្ឋានរដ្ឋបាលជលផលចតុមុខ ខណ្ឌរដ្ឋបាលជលផលកណ្តាល សហការជាមួយកម្លាំងគណៈបញ្ជាការឯកភាពស្រុកពញាឮ បានចុះប្រតិបត្តិការត្រួតពិនិត្យ និងបង្ក្រាបបទល្មើសនេសាទក្នុងឃុំកំពង់អុស ស្រុកពញាឮ ខេត្តកណ្តាល។ ជាលទ្ធផលបានរុះរើរបាំងស្បៃមុង២១ខ្សែ ប្រវែងសរុប ៣៥១០ បង្គោលឫស្សី៥២០ដើម និងលូស្បៃម៉ុង២១មាត់ ព្រមទាំងបានចាក់លែងកូនត្រីចូលក្នុងទន្លេវិញប្រមាណ៥០គីឡូក្រាម និងនៅថ្ងៃ០២តុលា សមត្ថកិច្ចបន្តចុះបង្ក្រាបបានរុះរើរបាំងស្បៃមុងប្រវែងសរុប ១០១៨៦ម៉ែត្រ បង្គោលឫស្សី៧៥០ដើម និងលូស្បៃមុង១៥០មាត់ និងបានចាក់លែងកូនត្រីចូលក្នុងទន្លេ ប្រមាណ១៥០គីឡូក្រាម។ ចំពោះវត្ថុតាងដែលបានរឹបអូសត្រូវដុតបំផ្លាញចោលនៅនឹងកន្លែងតែម្ដង។ គួរបញ្ជាក់ផងដែថា ករណីនេះសមត្ថកិច្ចជលផល និងកម្លាំងគណៈបញ្ជាការឯកភាពស្រុកធ្វើការទប់ស្កាត់ និងបង្រ្កាបជាបន្តបន្ទាប់ដើម្បីថែរក្សា ការពារ និងអភិរក្សធនធានជលផលឱ្យមាននិរន្តរភាព៕






