
ក្រុងសួង៖ កាលពីថ្ងៃទី២៦សីហា ឆ្នាំ២០២៦ កម្លាំងជំនាញខេត្តត្បូងឃ្មុំ បានចុះល្បាតត្រួតពិនិត្យ និងបង្ក្រាបបទល្មើសជលផល នៅក្នុងដែនទឹកស្ថិតក្នុងឃុំជីរោទិ៍ទី២ ស្រុកត្បូងឃ្មុំ…។

មន្ត្រីសមត្ថកិច្ចជំនាញជលផល បានឱ្យដឹងថា ប្រតិបត្តិការចុះបង្ក្រាប និងរំដោះកូនត្រីនេះ មានការចូលរួមពីកងកម្លាំងរដ្ឋបាលឃុំជីរោទិ៍ទី២, អធិការដ្ឋានរដ្ឋបាលជលផលមេគង្គ និងកម្លាំងយោធភូមិភាគទី២ ព្រមទាំងមានការសម្របសម្រួលនីតិវិធីពីអយ្យការអមសាលាដំបូងខេត្តត្បូងឃ្មុំផងដែរ។ មន្ត្រីកងកម្លាំង និងមន្ត្រីជំនាញជលផល បានចុះត្រួតពិនិត្យតាមចំណុចសំខាន់ៗមួយចំនួនរួមមាន៖ ចំណុចទឹកចេញ លួសអំបោះ និងតំបន់ក្រោយវត្តបុស្សល្ហុង។ ជាលទ្ធផល សមត្ថកិច្ចចម្រុះ បានចុះរុះរើ និងបំផ្លាញចោលឧបករណ៍នេសាទខុសច្បាប់ ប្រភេទលូស្បៃមុង១៦មាត់ របាំងស្បៃមុងប្រវែង៨០០ម៉ែត្រ និងបង្គោលចម្រឹង២៤០ដើម។

លើសពីនេះ មន្ត្រីជំនាញ បានចាក់លែងកូនត្រីចម្រុះទម្ងន់ប្រមាណ១១០គីឡូក្រាម ដែលមានចំនួនរាប់ម៉ឺនក្បាល ចូលទៅក្នុងដែនទឹកធម្មជាតិវិញ ដើម្បីរួមចំណែកការពារ និងស្តារធនធានជលផលឱ្យមាននិរន្តរភាព។ ជាមួយគ្នា សមត្ថកិច្ចជំនាញ ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ជាពិសេស ប្រជានេសាទ ត្រូវបញ្ឈប់ជាបន្ទាន់នូវការប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ និងចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋាន ក្នុងការការពារ និងថែរក្សាធនធានជលផលឱ្យបានគង់វង្ស សម្រាប់កូនចៅជំនាន់ក្រោយ៕ រាយការណ៍ដោយ៖ សារី ណែត




