
ខេត្តបាត់ដំបង៖ កម្លាំងសមត្ថកិច្ចខេត្តបាត់ដំបង ចុះបង្ក្រាបបទល្មើសជលផលក្នុងភូមិសាស្ត្រ (អតីតឡូត៍នេសាទលេខ២) ស្រុកឯកភ្នំ ខេត្តបាត់ដំបង ដកហូតបានសាច់មងប្រវែង៥២០០ម៉ែត្រ ព្រមទាំងវត្ថុតាងមួយចំនួន និងលែងត្រីចម្រុះប្រមាណ១០០គីឡូក្រាមចូលទន្លេ។

សមត្ថកិច្ចបានឱ្យដឹងថា កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤ កម្លាំងគណៈបញ្ជាការឯកភាពស្រុកឯកភ្នំ បានសហការជាមួយកម្លាំងនៃស្នងការដ្ឋាននគរបាលខេត្ត កម្លាំងកងរាជអាវុធខេត្ត កម្លាំងភូមិភាគ៥ កម្លាំងសឹករងខេត្ត កម្លាំងស៊ើបការមណ្ឌល៥ កម្លាំងបរិស្ថាន កម្លាំងជលផល និងកម្លាំងសហគមន៍នេសាទ បានបន្តចុះបង្ក្រាបបទល្មើសធនធានធម្មជាតិ នៅចំណុចតំបន់រ៉ាមសារព្រែកទាល់ ស្ថិតក្នុងឃុំកោះជីវាំង ស្រុកឯកភ្នំ ខេត្តបាត់ដំបង។ វត្ថុតាងដែលដកហូតបានរួមមាន៖ សាច់មងប្រវែង៥២០០ម៉ែត្រ ឡុកចំនួន១៥ឡុក បង្គោលបណរ៉ាវ ចំនួន៨០០ដើម ចំពោះវត្ថុតាងទាំងនេះកម្លាំងជំនាញបានកាប់បំផ្លាញ និងដុតចោលនៅនឹងកន្លែងតែម្ដងព្រមទាំងបានលែងត្រីចម្រុះប្រមាណ១០០គីឡូក្រាម ។ សមត្ថកិច្ចបានឱ្យដឹងបន្តទៀតថា ពលរដ្ឋ ឈ្មោះ រ៉ើន បូ បានប្រគល់ឧបករណ៍នេសាទខុសច្បាប់(អាំងវ៉ិចទ័រ)ចំនួន១គ្រឿង និងពលរដ្ឋសរុបចំនួន៣២នាក់ផ្សេងទៀត បានមកធ្វើកិច្ចសន្យាផ្តិចមេដៃដើម្បីបញ្ឈប់ដាក់ បណរ៉ាវ ក្នុងភូមិសាស្រ្តឃុំកោះជីវាំង ស្រុកឯកភ្នំ៕
រាយការដោយភ្នាក់៖ខេត្ត បាត់ដំបង






