
ក្រុងតៃប៉ិ៖ រដ្ឋមន្ត្រីក្រសួងការពារជាតិរដ្ឋបាលកោះតៃវ៉ាន់ លោក វែលលីងតុន គូ (Wellington Koo) បានថ្លែងនៅថ្ងៃចន្ទទី១២ ខែតុលានេះថា កងទ័ពកោះតៃវ៉ាន់កំពុងតាមដានយ៉ាងយកចិត្តទុកដាក់លើសកម្មភាពសមយុទ្ធបាញ់គ្រាប់ពិតរបស់ប្រទេសចិន ដែលបាននិងកំពុងប្រព្រឹត្តទៅនៅតាមបណ្តោយឆ្នេរសមុទ្ទនៃប្រទេសចិន នាខែនេះ។

ចាប់ពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុនមក អាជ្ញាធរសុវត្ថិភាពនាវាចរណ៍ចិន បានចេញបម្រាមហាមឃាត់នាវាចរណ៍នៅតំបន់ចំនួន៥ ដែលលាតសន្ធឹងចាប់ពីសមុទ្ទចិនខាងត្បូង រហូតដល់ខេត្តលាវនីង (Liaoning) ភាគឦសាននៃប្រទេសចិន។ លោក គូ បានបញ្ជាក់ថា នេះហាក់ដូចជាសមយុទ្ធបាញ់គ្រាប់ពិតរបស់កងទ័ពការពារឆ្នេរ និងអង្គភាពពាក់ព័ន្ធរបស់ចិន ប៉ុន្តែកោះតៃវ៉ាន់នៅតែប្រកាន់គោលការណ៍ត្រៀមខ្លួនជាស្រេច និងតាមដានគ្រប់សកម្មភាពទាំងអស់។ សមយុទ្ធនេះ កើតឡើងបន្ទាប់ពីមានការថ្លែងសារនយោបាយតានតឹងរវាងភាគីចិន និងតៃវ៉ាន់។

ជាក់ស្តែង នៅក្នុងទិវាការពារជាតិកាលពីថ្ងៃសៅរ៍សប្តាហ៍មុន ប្រធានាធិបតីតៃវ៉ាន់ លោក ឡៃ ឈីងតេ (Lai Ching-te) បានថ្លែងថា តៃវ៉ាន់ស្រឡាញ់សន្តិភាព ប៉ុន្តែនឹងមិនបោះបង់សេរីភាពឡើយ ហើយសិទ្ធិរស់រានមានជីវិតរបស់ប្រជាជនតៃវ៉ាន់ ត្រូវតែទទួលបានការគោរព។ យ៉ាងណា ប្រទេសចិន ដែលចាត់ទុកតៃវ៉ាន់ជាដែនដីរបស់ខ្លួន បានថ្កោលទោសសម្ដីរបស់លោក ឡៃ ភ្លាមៗ ដោយចោទប្រកាន់លោកថា ជា«អ្នកបំបែកខ្លួនដ៏គ្រោះថ្នាក់ និងព្យាយាមស្វែងរកឯករាជ្យតាមរយៈកម្លាំងយោធា»។ លើសពីនេះ ចិនបានបញ្ជាក់ថា សមយុទ្ធ និងការហ្វឹកហ្វឺនជាទៀងទាត់ជុំវិញកោះតៃវ៉ាន់ គឺដើម្បីទប់ស្កាត់ចលនាឯករាជ្យតៃវ៉ាន់ និងការជ្រៀតជ្រែកពីខាងក្រៅ។ ជាចុងក្រោយ លោក ឡៃ បានសង្កត់ធ្ងន់ឡើងវិញថា មានតែប្រជាជនតៃវ៉ាន់ប៉ុណ្ណោះដែលមានសិទ្ធិសម្រេចជោគវាសនាខ្លួន ហើយរដ្ឋធានីប៉េកាំងគ្មានសិទ្ធិមកទាមទារដែនកោះនេះជាដែនដីរបស់ខ្លួនឡើយ៕





