
រដ្ឋធានីវ៉ាស៊ីនតោន៖ សហរដ្ឋអាម៉េរិក បានចេញមុខរិះគន់ និងព្រមានយ៉ាងធ្ងន់ៗថា សកម្មភាពយោធាតាមផ្លូវសមុទ្ទរបស់ចិននៅភាគខាងកើតកោះតៃវ៉ាន់ គឺជាការបំផ្លាញស្ថិរភាពយ៉ាងធ្ងន់ធ្ងរ និងធ្វើឱ្យស្ថានការណ៍កាន់តែតានតឹង បន្ទាប់ពីមានការប្រទះឃើញទូកឈ្លបរបស់ចិន លេចមុខជាលើកដំបូងនៅក្នុងដែនទឹកដ៏សំខាន់នេះ។

ចាប់តាំងពីខែមិថុនាមក ប្រទេសចិនបានបង្កើនការល្បាតឆ្នេរសមុទ្ទជាប្រចាំ នៅភាគខាងកើតកោះតៃវ៉ាន់។ មន្ត្រីជាន់ខ្ពស់របស់តៃវ៉ាន់ជឿជាក់ថា រដ្ឋធានីប៉េកាំងកំពុងហ្វឹកហាត់យុទ្ធសាស្ត្របិទខ្ទប់ផ្លូវសមុទ្ទ ដោយប្រើប្រាស់កម្លាំងចម្រុះរវាងកងទ័ពជើងទឹក កងឆ្មាំឆ្នេរសមុទ្ទ និងទូកឈ្លបស៊ីវិល។ ដែនទឹកភាគខាងកើតនេះ ត្រូវគេចាត់ទុកជាខ្សែជីវិតសំខាន់បំផុតសម្រាប់តៃវ៉ាន់ ក្នុងការទទួលជំនួយ និងសម្ភារយោធាពីមហាអំណាចសម្ព័ន្ធមិត្ត (ដូចជាអាម៉េរិក) ប្រសិនបើសង្គ្រាម ឬការបិទខ្ទប់កើតឡើងមែននោះ។

អ្នកនាំពាក្យក្រសួងការបរទេសអាម៉េរិកបានគូសបញ្ជាក់ថា៖«ចិនកំពុងព្យាយាមគ្រប់គ្រងដែនទឹកដែលតៃវ៉ាន់បានគ្រប់គ្រងដោយសន្តិវិធីជាង៧០ឆ្នាំមកហើយ។ សកម្មភាពនេះមានតែបង្កើនកម្តៅសង្គ្រាម និងបំផ្លាញដំណោះស្រាយដោយសន្តិវិធីប៉ុណ្ណោះ»។ អាម៉េរិកបានអំពាវនាវឱ្យរដ្ឋធានីប៉េកាំង បញ្ឈប់ការគាបសង្កត់លើតៃវ៉ាន់ ហើយងាកមកបើកកិច្ចសន្ទនាដោយស្មោះត្រង់វិញ។

ថ្វីបើប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ មិនទាន់បានអនុម័តកញ្ចប់អាវុធតម្លៃ១៤ពាន់លានដុល្លារអាម៉េរិកថ្មីសម្រាប់តៃវ៉ាន់ក៏ដោយ ប៉ុន្តែអាម៉េរិកនៅតែជាខ្នងបង្អែកការពារជាតិដ៏ធំបំផុតរបស់ទីក្រុងតៃប៉ិ។ លើសពីនេះ ប្រទេសមហាអំណាចអឺរ៉ុប រួមមាន អង់គ្លេស បារាំង និងអាល្លឺម៉ង់ ក៏បានសម្ដែងការព្រួយបារម្ភជាទម្ងន់ចំពោះសកម្មភាពចិននៅភាគខាងកើតតៃវ៉ាន់ ដោយចាត់ទុកថាជាការគំរាមកំហែងដល់សេរីភាពនៃការធ្វើនាវាចរណ៍ និងស្ថិរភាពសកលលោកទាំងមូល៕




