
រដ្ឋធានីវ៉ាស៊ីនតោន៖ ស្របពេលលស្ថានការណ៍ កំពុងតែឡើងកម្ដៅ កាន់តែខ្លាំងឡើង បន្ថែមពីលើភាពតានតឹងដែលមានស្រាប់ រវាងរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេហ៊ីរ៉ង់ (Tehran)នោះ ប្រេសិតពិសេសមួយរូបរបស់សហរដ្ឋអាម៉េរិក លោក Tom Barrack បានអះអាង កាលពីថ្ងៃសុក្រ ក្រោយពេលសហរដ្ឋអាម៉េរិក និងអ៊ីស្រាអែល បានបង្កើនការគំរាមកំហែងនោះថា សហរដ្ឋអាម៉េរិក អាចនឹងវាយប្រហារ ទៅលើប្រទេសអ៊ីរ៉ង់ នៅចុងសប្ដាហ៍នេះ។ នេះបើតាមបណ្ដាញទូរទស្សន៍របស់អារ៉ាប៊ីសាអូឌីត Al Arabiya News បានផ្សាយ កាលពីព្រឹក ថ្ងៃសៅរ៍ ទី២៤ ខែតុលា។

ប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ ក៏បានបញ្ជាក់ កាលពីថ្ងៃសុក្រ ផងដែរ ថា រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន អាចនឹងបើកប្រតិបត្ដិការយោធាជាថ្មី ប្រឆាំងនឹងប្រទេសអ៊ីរ៉ង់ ខណៈសង្គ្រាមនេះ បានអូសបន្លាយ អស់រយៈពេលជិត៨ខែកន្លងមកហើយ។ តម្លៃប្រេងឥន្ធនៈ ឡើងថ្លៃ ក៏កំពុងតែជះឥទ្ធិពលយ៉ាងខ្លាំង ដល់ការបោះឆ្នោតពាក់កណ្តាលអាណត្តិ នៅសហរដ្ឋអាម៉េរិកផងដែរ។

លោកប្រធានាធិបតី ដូណាល់ ត្រាំ បានថ្លែង នៅក្នុងអំឡុងមានការជួបជុំគ្នាមួយ នៅក្នុងរដ្ឋផ្លរីដា (Florida) នៅចុងទិសអាគ្នេយ៍បំផុត នៃសហរដ្ឋអាម៉េរិក ថា៖«យើងអាចនឹងបើកប្រតិបត្តិការ Epic Fury (អេភីក ហ៊្វួរី)ជាថ្មី ខណៈលោកប្រធានាធិបតី កំពុងតែនិយាយអំពីសង្គ្រាមនេះ។ ប៉ុន្ដែលោកប្រធានាធិបតី ត្រាំ មិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមទៀតនោះឡើយ។

ប្រតិបត្ដិការយោធា«Epic Fury» ជាឈ្មោះដែលកងទ័ពសហរដ្ឋអាម៉េរិក ប្រើប្រាស់ សម្រាប់សង្គ្រាមរបស់ខ្លួន ប្រឆាំងនឹងប្រទេសអ៊ីរ៉ង់។ ទន្ទឹមគ្នានេះដែរ លោកប្រធានាធិបតី ដូណាល់ ត្រាំ កាលពីថ្ងៃសុក្រ ក៏បានសង្កត់ធ្ងន់ថា សហរដ្ឋអាម៉េរិក អាចបញ្ចប់នឹងសង្គ្រាមនេះយ៉ាងឆាប់រហ័ស ប៉ុន្តែលោកបានចោទជាសំណួរថា តើរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន គួរតែស្វែងរកការបញ្ចប់សង្គ្រាមនេះភ្លាមៗ ឬមួយគួរទុកឱ្យជម្លោះនេះ ថមថយទៅវិញបន្តិចម្តងៗ។ លោកប្រធានាធិបតី ដូណាល់ ត្រាំ កាលពីពេលកន្លងទៅនេះ ធ្លាប់កំណត់ពេលវេលា សម្រាប់សង្គ្រាមនេះជាច្រើនលើកច្រើនសារួចមកហើយ ជាមួយនឹងការអះអាង កាលពីដើមខែតុលាថា សហរដ្ឋអាម៉េរិក នឹងមិនបើកការវាយប្រហារទៅលើប្រទេសអ៊ីរ៉ង់ នៅមុនការបោះឆ្នោតពាក់កណ្តាលអាណត្តិ ដែលជាការប្រកួតប្រជែងដណ្តើមអំណាចគ្រប់គ្រងសភាអាម៉េរិកនោះឡើយ។

ការវាយប្រហាររបស់សហរដ្ឋអាម៉េរិក និងអ៊ីស្រាអែល ប្រឆាំងនឹងប្រទេសអ៊ីរ៉ង់ ចាប់តាំងពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦រហូតមក ព្រមទាំងការវាយប្រហាររបស់អ៊ីស្រាអែល ទៅលើប្រទេសលីបង់ បានសម្លាប់មនុស្ស រាប់ពាន់នាក់ និងធ្វើឱ្យមនុស្ស រាប់លាននាក់ ត្រូវរត់ភៀសខ្លួន ចេញពីលំនៅឋានរបស់ពួកគេ៕





