តៃវ៉ាន់ ទន្ទឹងរង់ចាំអាម៉េរិក លក់អាវុធតម្លៃ១៤ពាន់លានដុល្លារ យកមកទប់ទល់ចិន
S
Sinuon Nop
•
23 តុលា 2026 05:30 PM

ទីក្រុងតៃប៉ិ៖ អស់រយៈពេលជាច្រើនខែកន្លងមកនេះ តៃវ៉ាន់ កំពុងទន្ទឹងរង់ចាំយ៉ាងអន្ទះសា ចំពោះសហរដ្ឋអាម៉េរិក អនុម័តលើការលក់អាវុធ និងបរិក្ខារយោធា មានតម្លៃ១៤ពាន់លានដុល្លារអាម៉េរិក ដែលអាជ្ញាធរដែនកោះគ្រប់គ្រងដោយខ្លួនឯង តាមបែបលទ្ធិប្រជាធិបតេយ្យមួយនេះ យកមកប្រើប្រាស់ ត្រៀមខ្លួនទុកជាមុន នៅក្នុងការបង្ការហានិភ័យ ចំពោះការវាយប្រហារណាមួយពីកងទ័ពរំដោះប្រជាជនចិន។ នេះបើតាមការផ្សាយរបស់សារព័ត៌មាន The Japan Times ។

ប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ និងសមភាគីចិន លោក ស៊ី ជិនពីង
ប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ និងសមភាគីចិន លោក ស៊ី ជិនពីង

រដ្ឋាភិបាលរដ្ឋធានីវ៉ាស៊ីនតោន ជាអ្នកគាំទ្រដ៏សំខាន់បំផុត សម្រាប់សន្ដិសុខរបស់តៃវ៉ាន់ ដោយបានលក់គ្រឿងសព្វាវុធទំនើបៗ មានតម្លៃរាប់សិបពាន់លានដុល្លារអាម៉េរិក ទៅឱ្យដែនកោះមួយនេះ។ ស្របគ្នានេះដែរ កាលពីខែធ្នូ ឆ្នាំ២០២៥ តៃវ៉ាន់បានបំបែកកំណត់ត្រាមួយ លើកញ្ចប់ថវិការហូតដល់១១,១ពាន់លានដុល្លារ សម្រាប់ការទិញអាវុធ។ ដោយឡែក ប្រទេសចិន តែងតែប្រឆាំងនឹងការគាំទ្រយោធារបស់សហរដ្ឋអាម៉េរិក សម្រាប់កោះតៃវ៉ាន់ តាមអ្វីដែលរដ្ឋាភិបាលរដ្ឋធានីប៉េកាំង តែងអះអាងថា ជាទឹកដីរបស់ខ្លួន។ ជាមួយគ្នា ប្រទេសចិន គំរាមនឹងរឹបអូសដែនកោះមួយនេះ យកមកគ្រប់គ្រងវិញ តាមរយៈការប្រើប្រាស់កម្លាំងយោធា។

ប្រធានាធិបតីតៃវ៉ាន់ លោក ឡៃ ឈីង-ថេ (កណ្ដាល) និងមន្រ្ដីជាន់ខ្ពស់របស់គាត់
ប្រធានាធិបតីតៃវ៉ាន់ លោក ឡៃ ឈីង-ថេ (កណ្ដាល) និងមន្រ្ដីជាន់ខ្ពស់របស់គាត់

បច្ចុប្បន្ន ថ្វីបើសហរដ្ឋអាម៉េរិក និងសម្ព័ន្ធមិត្តរបស់រដ្ឋធានីប៉េកាំង មិនមានទំនាក់ទំនងការទូតជាមួយនឹងតៃវ៉ាន់ យ៉ាងណាក្ដី ប៉ុន្ដែរដ្ឋធានីវ៉ាស៊ីនតោន បានព្រមានអំពីការផ្លាស់ប្ដូរស្ថានការណ៍បច្ចុប្បន្ន ដោយឯកតោភាគី តាមរយៈការប្រើប្រាស់កម្លាំងយោធា។ ទន្ទឹមគ្នា នាយករដ្ឋមន្រ្ដីជប៉ុន លោកស្រី សេណេអេ តាកៃឈិ ក៏ធ្លាប់ព្រមានជាសាធារណៈរួចមកហើយដែរថា ប្រសិនបើវិបត្ដិផ្ទុះនៅតៃវ៉ាន់ រដ្ឋាភិបាលរាចធានីតូក្យូ នឹងធ្វើអន្ដរាគមន៍យោធាដោយផ្ទាល់។ លោកស្រី ជានាយករដ្ឋមន្រ្ដីជប៉ុន លើកដំបូងបង្អស់ ហ៊ានថ្លែងជាចំហ ទៅកាន់ប្រទេសចិន រហូតធ្វើឱ្យទំនាក់ទំនងការទូត រវាងប្រទេសមហាអំណាចសេដ្ឋកិច្ចកំពូល នៅទ្វីបអាស៊ីទាំង២នេះ ធ្លាក់ចុះយ៉ាងខ្លាំង៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត