
រដ្ឋធានីណៃពិដោ៖ ប្រទេសភូមា ឬមីយ៉ាន់ម៉ា បានទទួលពិន្ទុត្រឹមតែ៩លើ១០០ នៅក្នុងសន្ទស្សន៍សេរីភាពអ៊ីនធឺណិត (Internet Freedom Index) សម្រាប់ឆ្នាំ២០២៦ នេះ ដែលជាការជាប់ចំណាត់ថ្នាក់អាក្រក់បំផុតលើលោក សម្រាប់អ្នកប្រើប្រាស់អ៊ីនធឺណិត រយៈពេល៣ឆ្នាំជាប់ៗគ្នា ខណៈរបបយោធាបន្តបង្កើនការបង្ក្រាបយ៉ាងចាស់ដៃ លើសេរីភាពសារព័ត៌មាន និងការបញ្ចេញមតិលើបណ្តាញសង្គម។ នេះបើយោងតាមរបាយការណ៍របស់អង្គការសិទ្ធិមនុស្ស Freedom House ដែលមានមូលដ្ឋាននៅសហរដ្ឋអាម៉េរិក...។

របាយការណ៍បានបង្ហាញថា ពិន្ទុរបស់ភូមាបានធ្លាក់ចុះយ៉ាងគំហុកពី៣៦ក្នុងឆ្នាំ២០១៩ មកត្រឹម១៧ ក្នុងឆ្នាំ២០២១ បន្ទាប់ពីរដ្ឋប្រហារយោធា និងបានធ្លាក់មកត្រឹម៩ពិន្ទុចាប់ពីឆ្នាំ២០២៤ ដល់ឆ្នាំ២០២៦នេះ។ យោងតាមក្រុមឃ្លាំមើល Data for Myanmar គិតត្រឹមខែកញ្ញា មានពលរដ្ឋ និងអ្នកប្រើប្រាស់បណ្តាញសង្គមជាង២០០០នាក់ ត្រូវបានចាប់ខ្លួន ពីបទរិះគន់របបសឹក ឬគាំទ្រចលនាប្រឆាំងនៅលើហ្វេសប៊ុក ដោយភាគច្រើន ត្រូវចោទប្រកាន់ក្រោមមាត្រា៥០៥A នៃក្រមព្រហ្មទណ្ឌ (បទញុះញង់) និងច្បាប់ប្រឆាំងភេរវកម្ម។

នៅឆ្នាំ២០២៦នេះ អាជ្ញាធរបានពង្រីកវិសាលភាពនៃការចាប់ខ្លួន ដោយតម្រង់ទិសដៅលើបុគ្គលណា ដែលបានបញ្ចេញទស្សនៈនយោបាយផ្ទាល់ខ្លួន តាមអនឡាញ ដោយមិនចាំបាច់ទាល់តែជាបុគ្គលដែលបង្កការគំរាមកំហែងដល់សន្តិសុខធ្ងន់ធ្ងរនោះឡើយ។ យោងតាមអង្គការ Athan ក្រុង-ស្រុកចំនួន១៤០ក្នុងចំណោម៣៥៨ កំពុងប្រឈមមុខនឹងការកាត់ផ្តាច់សេវាអ៊ីនធឺណិត និងបណ្តាញទំនាក់ទំនងទាំងស្រុង ដែលភាគច្រើនជាតំបន់កំពុងមានការប៉ះទង្គិចគ្នា យ៉ាងក្ដៅគគុក។ ទន្ទឹមនោះ របបយោធា បានចាត់ទុកការប្រើប្រាស់បណ្តាញ VPN ជាបទល្មើសព្រហ្មទណ្ឌ ដើម្បីរារាំងពលរដ្ឋមិនឱ្យចូលប្រើប្រាស់បណ្តាញសង្គមល្បីៗ ដូចជា ហ្វេសប៊ុកជាដើម។

អ្នកវិភាគសិទ្ធិឌីជីថលបានលើកឡើងថា សម្រាប់ប្រជាជនភូមា អ៊ីនធឺណិតមិនមែនគ្រាន់តែជាកន្លែងកម្សាន្តនោះទេ ប៉ុន្តែជា «រឿងរស់ ឬស្លាប់» ព្រោះពួកគេត្រូវពឹងផ្អែកលើបណ្តាញទំនាក់ទំនង ដើម្បីទទួលបានព័ត៌មានអាសន្ន អំពីការវាយប្រហារតាមអាកាស ព្រមទាំងការផ្ទេរប្រាក់ និងសេវាសុខាភិបាលជាមូលដ្ឋាន៕


