រដ្ឋាភិបាលយោធាភូមា បន្តដាក់ច្បាប់អាជ្ញាសឹក៩០ថ្ងៃទៀត ខណៈតំបន់សំខាន់ៗភាគច្រើនស្ថិតក្រោមដៃក្រុមបះបោរ
N
Nary Vann
•
2 ម៉ោងមុន

រដ្ឋធា​នីណៃពិដោ៖ លោកប្រធានាធិបតីភូមា មីន អ៊ុងឡាំង (Min Aung Hlaing) បានសម្រេចប្រកាសពន្យារពេលការអនុវត្តច្បាប់អាជ្ញាសឹក នៅក្នុងទីក្រុង-ស្រុកចំនួន៥៥ទូទាំងប្រទេស សម្រាប់រយៈពេល៩០ថ្ងៃបន្ថែមទៀត​ ព្រមទាំងបានផ្លាស់ប្ដូរ និងផ្ទេរអំណាចរដ្ឋបាល និងអំណាចប្រតិបត្តិទាំងអស់ ទៅឱ្យលោកឧត្តមសេនីយ៍ យ៉េ វីនអ៊ូ (Ye Win Oo) អគ្គមេបញ្ជាការនៃកងកម្លាំងប្រដាប់អាវុធ។ នេះបើយោងតាមការចេញផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក។

ការសម្រេចចិត្តពន្យារពេលច្បាប់អាជ្ញាសឹកជាថ្មីនេះ ធ្វើឡើងបន្ទាប់ពីមានការកាត់បន្ថយចំនួនក្រុង-ស្រុក ក្រោមអាជ្ញាសឹកពី៥៨មកត្រឹម៥៥ក្រុង នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាគណបក្សប្រជាធិបតេយ្យ និងសាមគ្គីភាព កាលពីថ្ងៃទី១៤ ខែតុលា ដោយបានដកក្រុងចំនួន៣ចេញពីបញ្ជី។ ​គួរបញ្ជាក់ថា បទបញ្ជាអាជ្ញាសឹកដើមដំបូង ត្រូវបានដាក់ចេញកាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦ ភ្លាមៗបន្ទាប់ពីលោក មីន អ៊ុងឡាំង ឡើងកាន់តំណែងជាប្រធានាធិបតី ដោយកាលណោះបានប្រកាសអាសន្ន និងដាក់អាជ្ញាសឹកលើ៦០ក្រុង-ស្រុក ក្នុងរដ្ឋ និងតំបន់ចំនួន៩។

តំបន់ទាំង៥៥ក្រុង-ស្រុក ដែលបន្តស្ថិតក្រោមអាជ្ញាសឹកគ្របដណ្ដប់លើរដ្ឋ និងតំបន់យុទ្ធសាស្ត្រសំខាន់ៗ ដោយភាគច្រើននៃទីក្រុង ដែលស្ថិតក្រោមអាជ្ញាសឹកទាំងនេះ គឺស្ថិតក្រោមការគ្រប់គ្រង ឬការវាយលុកកាន់កាប់ដោយកងកម្លាំងប្រដាប់អាវុធជនជាតិភាគតិច និងកងកម្លាំងតស៊ូមតិប្រឆាំងរបបយោធា រួមមាន៖ កងទ័ពរំដោះជាតិតាអាង Ta'ang, កងទ័ពសម្ព័ន្ធមិត្តប្រជាធិបតេយ្យជាតិភូមា, កងទ័ពរដ្ឋ UWSA និងកងទ័ពសម្ព័ន្ធមិត្តប្រជាធិបតេយ្យជាតិ ជាដើម ដែលធ្វើឱ្យរដ្ឋាភិបាលយោធាភូមា ពិបាកក្នុងការគ្រប់គ្រងសន្តិសុខទាំងស្រុង៕

លោក មីន អ៊ោងឡាំង
លោក មីន អ៊ោងឡាំង
អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត