
រដ្ឋធានីហ្សាការតា៖ លោក ស៊ូីយូឌី អារីអូ សេតូ (Suyudi Ario Seto) ប្រធានស្នងការប៉ូលិសជាតិឥណ្ឌូណេស៊ី បានអះអាងនៅថ្ងៃសុក្រនេះថា អាជ្ញាធរឥណ្ឌូណេស៊ីបានរឹបអូសថ្នាំញៀនប្រភេទខេតាមីន (Ketamine) ទម្ងន់១១៦តោន នៅលើនាវាមួយដែលមានដោតទង់ជាតិម៉ុងហ្គោលី ធ្វើដំណើរចេញពីប្រទេសម៉ាឡេស៊ី នៅក្នុងដែនទឹកនៃខេត្តសូម៉ាត្រាខាងជើង នៅដើមសប្តាហ៍នេះ។

លោក សេតូ អះអាងថា អាជ្ញាធរឥណ្ឌូណេស៊ី រួមទាំងមន្ត្រីប៉ូលិស និងការិយាល័យគយ បានស្ទាក់ចាប់នាវាដឹកប្រេងនោះ នៅក្នុងដែនទឹកនៃតំបន់តាន់ជុងបាឡៃ (Tanjung Balai) នៃខេត្តសូម៉ាត្រាខាងជើង នៅដើមសប្តាហ៍នេះ។ លោកបន្ថែមថា អាជ្ញាធរបានឃាត់ខ្លួនជនជាតិឥណ្ឌូណេស៊ីចំនួន៧នាក់ និងជនជាតិតៃវ៉ាន់ម្នាក់ រួមមាន៖ កាពីទែននាវា វិស្វករ និងអ្នកបច្ចេកទេសប្រេង។ លោក សេតូ បានបញ្ជាក់ទៀតថា ថ្នាំញៀនខេតាមីនទាំងនោះ ត្រូវបានរកឃើញនៅក្នុងបាវចំនួន៥៨ ដែលមានទម្ងន់សរុប១,១៦តោន ហើយតម្លៃទីផ្សារងងឹតនៃថ្នាំញៀនដែលរឹបអូសបាននេះ មានទំហំរហូតដល់១៩២,៦៤លានដុល្លារអាម៉េរិក។

នាវាដឹកប្រេងនេះ បានចេញដំណើរពីទីក្រុងប៉ាសឺហ្គូដាំង (Pasir Gudang) ក្នុងប្រទេសម៉ាឡេស៊ី ឆ្លងកាត់ច្រកសមុទ្ទម៉ាឡាកា និងតម្រង់ទៅកាន់សមុទ្ទអាន់ដាម៉ាន (Andaman Sea) ដើម្បីផ្ទេរថ្នាំញៀនពីនាវាមួយទៅនាវាមួយទៀត។ លោក សេតូ អះអាងបន្តថា អាជ្ញាធរបានកត់សម្គាល់ឃើញ ភាពមិនប្រក្រតីនៅក្នុងប្រព័ន្ធប្រកាសអត្តសញ្ញាណស្វ័យប្រវត្តិ (AIS) របស់នាវានោះ មុនពេលឈានទៅដល់ការស្ទាក់ចាប់។ សូមជម្រាបថា ប្រទេសឥណ្ឌូណេស៊ី មានច្បាប់ថ្នាំញៀនយ៉ាងម៉ឺងម៉ាត់បំផុត ហើយកាលពីឆ្នាំ២០១៥ ប្រទេសនេះ បានប្រហារជីវិតជនជាតិអូស្ត្រាលី២នាក់ នៅក្នុងក្រុមរត់ពន្ធថ្នាំញៀន«Bali Nine»ពីបទព្យាយាមរត់ពន្ធថ្នាំញៀនប្រភេទហេរ៉ូអ៊ិន ចេញពីរមណីយដ្ឋានកោះបាលី៕



