
ទីក្រុងបាលី៖ តៃកុងរថយន្ត និងម៉ូតូ បានតម្រង់ជួរគ្នាយ៉ាងវែងអន្លាយ កកកុញនៅតាមស្ថានីយប្រេងឥន្ធនៈនានា ជុំវិញកោះទេសចរណ៍បាលីនៅប្រទេសឥណ្ឌូណេស៊ី ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ ដោយសារវិបត្តិខ្វះខាតប្រេងឥន្ធនៈយ៉ាងធ្ងន់ធ្ងរ ដែលបង្កឱ្យប្រជាជន និងភ្ញៀវទេសចរបរទេស ត្រូវរង់ចាំទិញប្រេងរាប់ម៉ោង...។

ការកកស្ទះនៅតាមស្ថានីយប្រេងឥន្ធនៈ បានកើតឡើងនៅគ្រប់ទិសទីលើកោះបាលី ព្រមទាំងតំបន់ទេសចរណ៍សំខាន់ៗមួយចំនួនផងដែរ។ ភ្ញៀវទេសចរម្នាក់បានរៀបរាប់ទាំងក្ដៅក្រហាយថា ខ្លួនត្រូវរង់ចាំទិញប្រេងតាំងពីម៉ោង៤:៣០ព្រឹក និងត្រូវរង់ចាំជិត៣ម៉ោង ទើបអាចចាក់ប្រេងបាន។ វិបត្តិនេះ មិនត្រឹមតែប៉ះពាល់ធ្ងន់ធ្ងរដល់អាជីវកម្មក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរំខានដល់ផែនការកម្សាន្តរបស់ភ្ញៀវទេសចរបរទេសរាប់ពាន់នាក់ផងដែរ។

ជុំវិញបញ្ហាខាងលើ អភិបាលខេត្តបាលី បានបញ្ជាក់ថា ស្តុកប្រេងមានគ្រប់គ្រាន់ ប៉ុន្តែការប្រជែងគ្នាទិញដោយការភ័យខ្លាច និងការដឹកជញ្ជូនប្រេងទៅកាន់ស្ថានីយមិនទាន់ពេលវេលា បានបង្កឱ្យមានការខ្វះខាតនៅតាមស្ថានីយប្រេង ដែលបានសន្យាថា ស្ថានភាពនេះ នឹងថយចុះកម្តៅវិញនៅថ្ងៃពុធដដែលនេះ។ ទន្ទឹមគ្នា ក្រុមហ៊ុនប្រេងរដ្ឋ Pertamina បានប្រកាសថា ខ្លួនកំពុងដោះស្រាយបញ្ហាខាងលើយ៉ាងយកចិត្តទុកដាក់ ដោយនាវាដឹកប្រេងឧបត្ថម្ភធន បានធ្វើដំណើរមកដល់កោះបាលីរួចរាល់ហើយ ដើម្បីបំពេញតម្រូវការបន្ទាន់។

វិបត្តិនៅកោះបាលីកើតឡើង ចំពេលដែលតម្លៃប្រេងឆៅសកលបានហក់ឡើងជាថ្មី ដោយសារការប្រយុទ្ធគ្នាយ៉ាងក្ដៅគគុកក្នុងសង្គ្រាមរវាងសហរដ្ឋអាម៉េរិក-អ៊ីស្រាអែល ប្រឆាំងអ៊ីរ៉ង់។ ប្រេងឆៅ Brent បានហក់ឡើងលើស១០៦ដុល្លារក្នុងមួយបារ៉ែល ខណៈប្រេងឆៅសហរដ្ឋអាម៉េរិក WTI ឡើងដល់ជិត៩៥ដុល្លារ ដែលជាការកើនឡើងជាង៧០ភាគរយ នៅក្នុងឆ្នាំនេះ ដោយសារការរំខានដល់ការនាំចេញប្រេងពីតំបន់មជ្ឈិមបូព៌ា៕




