ពលរដ្ឋឥណ្ឌូណេស៊ីដាក់ពាក្យប្តឹងប្រធានាធិបតី ពាក់ព័ន្ធនឹងវិបត្តិអ័ព្ទផ្សែងពុលពីភ្លើងឆេះព្រៃ
N
Nary Vann
•
13 ម៉ោងមុន

រដ្ឋធានីហ្សាការតា៖ ប្រជាជន និងក្រុមជនជាតិដើមភាគតិច នៅក្នុងខេត្តកាលីម៉ាន់តាន់ខាងលិច (West Kalimantan) នៃប្រទេសឥណ្ឌូណេស៊ី បានដាក់ពាក្យប្តឹងរួមគ្នាទៅកាន់តុលាការប្រឆាំងនឹងលោកប្រធានាធិបតី ប្រាបូវ៉ូ ស៊ូបៀនតូ (Prabowo Subianto) និងមន្ត្រីរដ្ឋាភិបាលចំនួន២៦រូបផ្សេងទៀត ដោយសារកង្វះចំណេះដឹងលើការដោះស្រាយបញ្ហាអ័ព្ទផ្សែងពុលពីភ្លើងឆេះព្រៃរ៉ាំរ៉ៃ...។

ការដាក់ពាក្យប្តឹងនេះ ធ្វើឡើងដោយសារតែការមិនពេញចិត្តចំពោះការខកខាន និងភាពធ្វេសប្រហែសធ្ងន់ធ្ងររបស់មន្ត្រីរដ្ឋាភិបាល ក្នុងការដោះស្រាយវិបត្តិភ្លើងឆេះព្រៃ ដែលបានបង្កជាអ័ព្ទផ្សែងយ៉ាងខ្លាំងក្លា គ្របដណ្ដប់លើកោះបរណេអូ និងបានជះឥទ្ធិពលដល់ប្រទេសជិតខាងដូចជា ម៉ាឡេស៊ី សិង្ហបុរី និងហ្វីលីពីន។ ក្រុមដើមបណ្តឹងរួមមានជនជាតិដើមភាគតិច ក្រុមយុវជន និងអង្គការសង្គមស៊ីវិលនានា ដែលជាអ្នករងគ្រោះផ្ទាល់ពីផ្សែងពុលនេះ។ ក្រុមអ្នកទាំងនោះ បានទាមទារឱ្យរដ្ឋាភិបាលប្រកាសអាសន្នជា «គ្រោះមហន្តរាយជាតិ» ដើម្បីបញ្ចេញកញ្ចប់ថវិកា និងធនធានបន្ថែមក្នុងការជួយសង្គ្រោះ ព្រមទាំងទាមទារឱ្យរដ្ឋាភិបាលផ្តល់សេវាថែទាំសុខភាព ដោយឥតគិតថ្លៃដល់ប្រជាពលរដ្ឋដែលកើតជំងឺផ្លូវដង្ហើម និងផ្តល់សំណងដល់គ្រួសារជនរងគ្រោះដែលបានស្លាប់។

វិបត្តិភ្លើងឆេះព្រៃនៅឆ្នាំ២០២៦នេះ ត្រូវបានគេកត់សម្គាល់ថា មានសភាពធ្ងន់ធ្ងរបំផុតក្នុងរយៈពេល១១ឆ្នាំចុងក្រោយ។ វាបានធ្វើឱ្យផ្ទៃដីរាប់ម៉ឺនហិកតាត្រូវបំផ្លាញ និងបង្កឱ្យប្រជាពលរដ្ឋជាង១ម៉ឺននាក់ កើតជំងឺផ្លូវដង្ហើមស្រួចស្រាល ជាពិសេស លើកុមារតូចៗ ព្រមទាំងតម្រូវឱ្យសាលារៀនជាច្រើន ត្រូវបិទទ្វារ។ បើតាមការចុះផ្សាយរបស់ Channel News Asia តំណាងរដ្ឋាភិបាលឥណ្ឌូណេស៊ី បានបញ្ជាក់ថា ខ្លួនគោរពចំពោះចំណាត់ការផ្លូវច្បាប់របស់ប្រជាពលរដ្ឋ ហើយកំពុងបន្តកិច្ចខិតខំប្រឹងប្រែងពន្លត់ភ្លើងទាំងតាមផ្លូវអាកាស និងផ្លូវគោក ព្រមទាំងបើកការស៊ើបអង្កេតលើក្រុមហ៊ុនចំនួន៩៥ ដែលអាចមានជាប់ពាក់ព័ន្ធនឹងការដុតព្រៃទាំងនោះ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត