ឃើញចរន្តភូមិសាស្ត្រនយោបាយសកលមិនស្រួល! មហាអំណាចអ៊ិស្លាម៤ទិស ចាប់ដៃគ្នាចុះហត្ថលេខាលើកិច្ចព្រមព្រៀងការពារជាតិ
ហៀប ស៊ីថេត
•
2 ម៉ោងមុន

រដ្ឋធានីអង់ការ៉ា៖ ក្រោយថ្នាក់ដឹកនាំកម្ពុជា បើកគម្របប៉ាកាចុះហត្ថលេខាលើកិច្ចព្រមព្រៀងការពារជាតិ ជាមួយប្រទេសតួកគីយ៉េ ក្រសួងការពារជាតិនៃប្រទេសនេះ បានបញ្ជាក់ថា ប្រទេសតួកគីយ៉េ កាតា ប៉ាគីស្ថាន និងឥណ្ឌូណេស៊ី បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងការពារជាតិមួយ កាលពីថ្ងៃពុធទី២១ ខែតុលា ដើម្បីលើកកម្ពស់សហប្រតិបត្តិការការពារជាតិ និងពង្រឹងសមត្ថភាពការពារខ្លួន...។

នៅក្នុងសេចក្តីថ្លែងការណ៍ ក្រសួងការពារជាតិនៃប្រទេសតួកគីយ៉េ អះអាងថា បណ្តាប្រទេសទាំង៤ខាងលើនេះ បានចុះហត្ថលេខាលើ«អនុស្សរណៈនៃការយោគយល់គ្នា ឬ (Badr Memorandum of Understanding)» នៅរដ្ឋធានីដូហា ដែលជាសញ្ញានៃបំណងប្រាថ្នារបស់ពួកគេ ក្នុងការបន្តពង្រីកកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅ និងអភិវឌ្ឍដៃគូសហការ។ ក្រសួងដដែលបានបន្តថា៖«កិច្ចព្រមព្រៀងនេះ មានសារសំខាន់ខ្លាំង ផ្នែកសេដ្ឋកិច្ច។ អនុស្សរណៈនេះ ស្វែងរកការជំរុញកិច្ចសហប្រតិបត្តិការលើផលិតកម្មយោធា បង្កើនសមត្ថភាពយោធា និងជួយដល់កិច្ចសហការក្នុងការបណ្ដុះបណ្ដាលបច្ចេកទេសយោធា ការស្រាវជ្រាវ និងការអភិវឌ្ឍ»។ ក្រសួងបន្ថែមថា៖«តាមរយៈការទាញយកផលប្រយោជន៍ពីសមត្ថភាពផលិតកម្មយោធាដ៏លេចធ្លោរៀងៗខ្លួនរបស់ប្រទេសនីមួយៗ គំនិតផ្តួចផ្តើមនេះ នឹងសម្រួលដល់កិច្ចសហប្រតិបត្តិការ និងការពង្រឹងសមត្ថភាពឧស្សាហកម្មការពារជាតិ និងបំពេញតម្រូវការរបស់បណ្តាប្រទេសជាមិត្ត និងសម្ព័ន្ធមិត្ត»។

សូមជម្រាបថា ប្រទេសតួកគីយ៉េ មានកម្លាំងកងទ័ពធំបំផុតទី២ នៅក្នុងសម្ព័ន្ធអង្គការណាតូ និងមានឧស្សាហកម្មការពារជាតិយ៉ាងរឹងមាំ ហើយប្រទេសនេះ បាននិងកំពុងជួយដល់បណ្តាប្រទេសនៅតំបន់កឈូងសមុទ្ទ រួមទាំងប្រទេសកាតា ដែលខ្លួនមានមូលដ្ឋានយោធានៅទីនោះ ដើម្បីពង្រឹងការការពារខ្លួន ចំពេលមានសង្គ្រាមអ៊ីរ៉ង់។ គេនៅចាំបានថា កាលពីខែសីហា តួកគីយ៉េ បានចុះហត្ថលេខាលើសន្ធិសញ្ញាការពារជាតិទៅវិញទៅមក ជាមួយប្រទេសប៉ាគីស្ថាន ជាប្រទេសមានអាវុធនុយក្លេអ៊ែរ និងប្រទេសអារ៉ាប៊ីសាអូឌីត។ ក្រោមសន្ធិសញ្ញានេះ មានន័យថា ការវាយប្រហារលើភាគីណាមួយ ត្រូវចាត់ទុកថា ជាការវាយប្រហារលើគ្រប់ភាគីទាំងអស់។ សូមជម្រាបថា រដ្ឋធានីអង់ការ៉ា ក៏មានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយឥណ្ឌូណេស៊ីផងដែរ ជាពិសេស នៅក្នុងឧស្សាហកម្មការពារជាតិ។

លោក ហាលូក ចចហ្កាន់ (Haluk Gorgun) ប្រធាននាយកដ្ឋានឧស្សាហកម្មការពារជាតិនៃប្រទេសតួកគីយ៉េ បានលើកឡើងថា កិច្ចព្រមព្រៀងនេះ បង្កើតបានជាគ្រឹះនៃកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រ ដើម្បីអភិវឌ្ឍការផលិត និងបច្ចេកវិទ្យារួមគ្នា។ លោកថ្លែងក្នុងសេចក្តីថ្លែងការណ៍មួយថា៖«ការចែករំលែកបច្ចេកវិទ្យា ការអភិវឌ្ឍរួមគ្នា និងការពង្រឹងសមត្ថភាពផលិតកម្មក្នុងស្រុក គឺជាបេះដូងនៃឧស្សាហកម្មការពារជាតិប្រកបដោយចីរភាព។ ក្នុងនាមប្រទេសតួកគី យើងឱ្យតម្លៃលើដៃគូសហការ..ជំរុញការអភិវឌ្ឍធនធានមនុស្ស និងហេដ្ឋារចនាសម្ព័ន្ធឧស្សាហកម្មរបស់ជាតិខ្លួនឯង»។ ជាចុងក្រោយ ប្រធាននាយកដ្ឋានឧស្សាហកម្មការពារជាតិរូបនេះ បន្ថែមថា៖«យើងជឿជាក់ថា អនុស្សរណៈនៃការយោគយល់គ្នា (Badr) នឹងរួមចំណែកក្នុងការបំពេញសមត្ថភាពបន្ថែមរបស់កាតា ប៉ាគីស្ថាន ឥណ្ឌូណេស៊ី និងតួកគីយ៉េ ឱ្យទៅជាគម្រោងជាក់ស្តែង»៕

លោក ហាលូក ចចហ្កាន់
លោក ហាលូក ចចហ្កាន់
អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត