រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ប្រកាសចាត់វិធានការក្តៅលើក្រុមជនស៊ីវិលក្លែងបន្លំធ្វើជាសមត្ថកិច្ច
ហាក់ អ៊ីឌី
•
23 តុលា 2026 03:00 PM

រាជធានីភ្នំពេញ៖ លោកឧបនាយករដ្ឋមន្ត្រីអភិសន្តិបណ្ឌិត ស សុខា បានប្រកាសពីការចាត់វិធានការក្តៅបន្ទាន់ និងគ្មានការលើកលែង ចំពោះក្រុមជនស៊ីវិលទាំងហ្លាយណាបន្លំខ្លួនជាសមត្ថកិច្ច ឬប្រើប្រាស់ឈ្មោះកងកម្លាំងនគរបាលជាតិ ដើម្បីប្រព្រឹត្តសកម្មភាពល្មើសច្បាប់ និងបង្កការក្តៅក្រហាយដល់ប្រជាពលរដ្ឋ។ នេះបើតាមសំណេរបង្ហោះលើគណនីហ្វេសប៊ុកផ្ទាល់របស់លោក នារសៀលថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦...។

ការប្រកាសចេញវិធានការក្តៅនេះ ធ្វើឡើងក្នុងគោលបំណងលុបបំបាត់ បាតុភាពអវិជ្ជមានក្នុងសង្គម ជាពិសេស សកម្មភាពរបស់ក្រុមជនខិលខូច ឬបុគ្គលស៊ីវិលមួយចំនួន ដែលតាំងខ្លួនជា«កម្លាំងសម្ងាត់» ឬ«កម្លាំងបង្កប់» ហើយចុះធ្វើសកម្មភាពគំរាមកំហែង ជំរិតទារប្រាក់ ឬធ្វើសកម្មភាពឃាត់ខ្លួនប្រជាពលរដ្ឋដោយខុសច្បាប់។ បន្ថែមលើនេះ លោកឧបនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា ប្រសិនបើមន្ត្រីចំណុះក្រសួងទាមទារឱ្យពលរដ្ឋផ្ដល់ផលប្រយោជន៍ណាមួយដល់ខ្លួន គឺជាសកម្មភាពល្មើសវិន័យ និងជាបទល្មើសព្រហ្មទណ្ឌ ដែលត្រូវអនុវត្តច្បាប់មិនលើកលែង ដែលនឹងត្រូវបណ្ដេញចេញពីក្របខ័ណ្ឌ ពិសេស ត្រូវកសាងសំណុំរឿង ពន្លាតការស៊ើបអង្កេត ដោយបញ្ជូនសំណុំរឿងទៅអង្គភាពប្រឆាំងអំពើពុករលួយ ចាត់ការបន្តដោយគ្មានការយោគយល់ឡើយ។ 

ទន្ទឹមនឹងនេះ រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ក៏បានលើកទឹកចិត្តដល់ប្រជាពលរដ្ឋទាំងអស់ ប្រសិនបើ ជួប ឬប្រទះឃើញ ឬមានតម្រុយព័ត៌មាន អំពីករណីជនស៊ីវិល និងមន្ត្រីសមត្ថកិច្ចប្រព្រឹត្តសកម្មភាពដូចបានបញ្ជាក់ខាងលើ សូមបងប្អូនប្រញាប់រាយការណ៍ ឬដាក់ពាក្យប្ដឹងទៅកាន់អាជ្ញាធរ ឬអង្គភាពនគរបាលដែលនៅជិតបំផុត ដូចជា ប៉ុស្ដិ៍នគរបាលរដ្ឋបាលឃុំ-សង្កាត់ អធិការដ្ឋានក្រុង-ស្រុក-ខណ្ឌ ឬស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត ហើយអង្គភាពមានសមត្ថកិច្ចទាំងនេះ ត្រូវទទួល និងចាត់ការពាក្យប្ដឹងនេះជាដាច់ខាត។ លើសពីនេះ ក្នុងករណីចាំបាច់ បងប្អូនអាចរាយការណ៍តាមប្រព័ន្ធទទួលពាក្យបណ្ដឹងអនឡាញ នៃអគ្គាធិការដ្ឋានក្រសួងមហាផ្ទៃ តាមរយៈតំណភ្ជាប់មួយនេះ៖ https://css-gdin.interior.gov.kh/home ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត