កម្ពុជា-ឡាវ-វៀតណាម ធ្វើសមយុទ្ទទប់ទល់គ្រោះមហន្តរាយរួមគ្នាខ្នាតធំ នៅរដ្ឋធានីហាណូយ
N
Nary Vann
•
15 ម៉ោងមុន

រដ្ឋធានីហាណូយ៖ កងទ័ពនៃប្រទេសទាំងបី រួមមាន កម្ពុជា ឡាវ និងវៀតណាម បានរួមគ្នាបើកសមយុទ្ធការពារជនស៊ីវិលត្រីភាគីយ៉ាងធំមួយ នៅទីបញ្ជាការវរសេនាតូចលេខ២៤៩ នៃបញ្ជាការដ្ឋានកងវិស្វកម្ម ក្នុងរដ្ឋធានីហាណូយ កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦ ដើម្បីពង្រឹងសមត្ថភាពបញ្ជា និងកិច្ចសហប្រតិបត្តិការសង្គ្រោះបន្ទាន់ ពេលជួបគ្រោះមហន្តរាយធម្មជាតិ។  

ព្រឹត្តិការណ៍នេះ ទទួលបានការអញ្ជើញចូលរួម និងដឹកនាំផ្ទាល់ពីសំណាក់លោកនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា លោកនាយឧត្តមសេនីយ៍ ផាន់ វ៉ាន់ យ៉ាង (Phan Van Giang) រដ្ឋមន្ត្រីក្រសួងការពារជាតិវៀតណាម និងលោកនាយឧត្តមសេនីយ៍ ខាំលាង អូថាកៃសន (Khamliang Outhakaysone) រដ្ឋមន្ត្រីក្រសួងការពារជាតិឡាវ។ ក្រសួងការពារជាតិវៀតណាម បានបញ្ចេញកងទ័ពរហូតដល់២៣៨២នាក់ ព្រមទាំងបរិក្ខារ និងឧបករណ៍សង្គ្រោះទំនើបៗជាច្រើន ដើម្បីឆ្លើយតបនឹងគ្រោះមហន្តរាយផ្សេងៗ។ នៅក្នុងព្រឹត្តិការណ៍នោះ កងទ័ពកម្ពុជា៧២រូប និងកងទ័ពឡាវ៧៤រូប បានចូលរួមយ៉ាងសកម្មក្នុងការរៀបចំ និងប្រតិបត្តិការសង្គ្រោះផ្ទាល់នៅលើទីវាល ដើម្បីដកស្រង់បទពិសោធលើការបង្ការ ការកាត់បន្ថយគ្រោះមហន្តរាយ និងការឆ្លើយតបនឹងអាសន្ន រាប់ចាប់ពីខ្យល់ព្យុះ ទឹកជំនន់ ការបាក់ដី រហូតដល់ការបាក់បែកអគារ។

ថ្លែងនៅក្នុងពិធីនោះ លោកនាយឧត្តមសេនីយ៍ផាន់ វ៉ាន់ យ៉ាង បានសង្កត់ធ្ងន់ថា ការប្រែប្រួលអាកាសធាតុ គ្រោះធម្មជាតិ និងវិបត្តិបរិស្ថាន កំពុងក្លាយជាការគំរាមកំហែងសន្តិសុខយ៉ាងធ្ងន់ធ្ងរ។ ដូច្នេះ ការពង្រឹងសមត្ថភាពការពារជនស៊ីវិល មិនត្រឹមតែជាភារកិច្ចបន្ទាន់របស់ប្រទេសនីមួយៗប៉ុណ្ណោះទេ ប៉ុន្តែជាការរួមចំណែកដ៏សំខាន់ដល់សន្តិសុខរួមក្នុងតំបន់ និងជាសក្ខីភាពបង្ហាញពីការប្តេជ្ញាចិត្តខ្ពស់របស់កងទ័ពទាំងបី ក្នុងការការពារអាយុជីវិត និងទ្រព្យសម្បត្តិរបស់ប្រជាជន។ ជាលទ្ធផល បន្ទាប់ពីការខិតខំប្រឹងប្រែងយ៉ាងសកម្ម និងម៉ឺងម៉ាត់ កម្លាំងប្រយុទ្ធទាំងអស់បានបិទបញ្ចប់បេសកកម្មសមយុទ្ធនេះ ទៅតាមផែនការដែលបានគ្រោងទុក ដោយធានាបាននូវសុវត្ថិភាព១០០ភាគរយ ទាំងមនុស្ស និងគ្រឿងបរិក្ខារយោធា៕  

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត