
រដ្ឋធានីតេហេរ៉ង់៖ ស្របពេលទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ និងកងកម្លាំងប្រតិបត្ពិការពិសេសរបស់អ៊ីស្រាអែល កំពុងតាមប្រមាញ់មេដឹកនាំអ៊ីរ៉ង់ លោក ម៉ូចតាបា ខាមេនី ដើម្បីផ្ដួលរំលំរបបគ្រប់គ្រងអ៊ីរ៉ង់ឱ្យរាបទាបដល់ដី។ កងឆ្មាំបដិវត្តន៍អ៊ិស្លាមអ៊ីរ៉ង់ ក៏មិនព្រមចុះញ៉មដែរ ពួកគេថែមទាំងបានព្រមាន វាយប្រហារបំផ្លិចបំផ្លាញផលប្រយោជន៍របស់សហរដ្ឋអាម៉េរិក និងសម្ព័ន្ធមិត្ត រហូតធ្វើឱ្យលោកប្រធានាធិបតី ដូណាល់ ត្រាំ ក្ដៅចុងច្រមុះ និងបានគំរាមចាត់វិធានការសង្គ្រាមបន្ថែមទៀត លើប្រទេសអាស៊ីខាងលិចមួយនេះ...។

បណ្ដាញទូរទស្សន៍ Iran International មានមូលដ្ឋាននៅរាជធានីឡុងដ៍ នៃចក្រភពព្រីតថែន បានចេញផ្សាយព័ត៌មានដ៏រសើបនេះ នៅព្រឹកថ្ងៃសុក្រទី២៣ ខែតុលា ថា បើតាមសារព័ត៌មានសហរដ្ឋអាម៉េរិក The Wall Street Journal (WSJ) បានរាយការណ៍ ថា ក្រោយមេដឹកនាំអ៊ីរ៉ង់ ផ្ញើសារព្រមានដ៏ស្រួចស្រាវថា ខ្លួននឹងវាយប្រហារទៅលើអាកាសយានដ្ឋាននានា បណ្ដាញប្រព័ន្ធបង្ហូរប្រេង គោលដៅស៊ីវិល និងតំបន់សេដ្ឋកិច្ចនៅក្នុងប្រទេសជិតខាង ប្រសិនបើសហរដ្ឋអាម៉េរិក និងអ៊ីស្រាអែល បន្ដវាយប្រហារជាថ្មី មកលើប្រទេសអ៊ីរ៉ង់ម្ដងទៀត។ សារនេះ បានទទួលរងការប្រតិកម្មដ៏ខ្លាំងក្លាវិញ ពីលោកប្រធានាធិបតីសហរដ្ឋអាម៉េរិក ដូណាល់ ត្រាំ ដោយលោកបញ្ជាក់ថា សហរដ្ឋអាម៉េរិក អាចនឹងចាត់វិធានការបន្ថែមទៀត នៅក្នុងសង្គ្រាមរបស់ខ្លួន ប្រឆាំងនឹងប្រទេសអ៊ីរ៉ង។ លោកប្រធានាធិបតីសម្តីមិនសូវទៀងទាត់រូបនេះ ថែមទាំងបន្ថែមជាមួយនឹងការព្រមានផងដែរថា រដ្ឋាភិបាលរដ្ឋធានីវ៉ាស៊ីនតោន នឹងវាយប្រហារដ៏ខ្លាំងក្លាទៅលើប្រទេសអ៊ីរ៉ង់ ហើយ«អាចនឹងបន្តធ្វើបែបនេះ ឱ្យកាន់តែខ្លាំងថែមទៀត»។

ស្របគ្នានេះដែរ នាយករដ្ឋមន្រ្ដីអ៊ីស្រាអែលជិតផុតអាណត្តិ លោក បេនចាមីន នេតាន់យ៉ាហ៊ូ បានច្រានចោលចំពោះសេចក្ដីរាយការណ៍មួយ ដោយបានលើកឡើងថា លោក ដូណាល់ ត្រាំ បានរារាំងអ៊ីស្រាអែល អំពីការអនុវត្ដផែនការវាយប្រហារទៅលើប្រទេសអ៊ីរ៉ង់ ដោយលោកនាយករដ្ឋមន្រ្ដី បានហៅសេចក្ដីរាយការណ៍នោះថា«មិនត្រឹមត្រូវ»។ ជាមួយនឹងស្ថានការណ៍នៅតំបន់មជ្ឈិមបូព៌ា កំពុងឡើងកម្ដៅខ្លាំង បន្ថែមពីលើភាពតានតឹងដែលមានស្រាប់ ប្រភពការទូតតួកគីយ៉េ បានប្រាប់ដល់ទីភ្នាក់ងារសារព័ត៌មានអង់គ្លេស Reuters ថា តួកគីយ៉េ នឹងធ្វើជាម្ចាស់ផ្ទះទទួលក្រុមរដ្ឋមន្រ្ដីការបរទេស មកពីប្រទេសផ្សេងៗ រួមមាន៖ អេហ្ស៊ីប ប៉ាគីស្ថាន អារ៉ាប៊ីសាអូឌីត បារ៉ែន ចក្រភពព្រីតថែន បារាំង និងអាល្លឺម៉ង់។ ប្រមុខការទូតទាំងនេះ នឹងអង្គុយចរចាគ្នា ដោះស្រាយបញ្ហាជម្លោះនៅក្នុងតំបន់ នៅក្នុងទីក្រុងអ៊ីស្ដង់ប៊ូល (Istanbul) នាថ្ងៃសុក្រ ទី២៣ ខែតុលានេះតែម្ដង។

ដោយឡែក កងទ័ពជើងទឹកនៃកងឆ្មាំបដិវត្តន៍អ៊ិស្លាមអ៊ីរ៉ង (IRGC) បានបញ្ជាក់ កាលពីថ្ងៃព្រហស្បតិ៍ ថា កប៉ាល់ចំនួន៤គ្រឿង ដែលកំពុងផ្ទេរប្រេងពីកប៉ាល់មួយទៅកប៉ាល់ផ្សេងទៀត នៅភាគខាងជើង នៃឈូងសមុទ្ទពែរ្ស បានរងការវាយប្រហារ ហើយភ្លើងកំពុងឆាបឆេះ។ ចំណែកកប៉ាល់៣គ្រឿងផ្សេងទៀត បានបើកបុកមីន និងផ្ទុះឆេះពេញមួយយប់ នៅភាគខាងលិចនៃច្រកសមុទ្ទហ័រមូហ្ស។ បើតាមប្រធានក្រុមមិត្តភាពសភាអ៊ីរ៉ង់-ប៉ាគីស្ថាន បានឱ្យដឹងថា អ៊ីរ៉ង់ អាចនឹងបិទព្រំដែនគោករបស់ខ្លួន ជាប់ជាមួយប្រទេសប៉ាគីស្ថាន ប្រសិនបើរដ្ឋាភិបាលរដ្ឋធានីអ៊ិស្លាម៉ាបាដ បន្តរារាំងរថយន្តដឹកទំនិញ ចេញពីប្រទេសអ៊ីរ៉ង់ មិនឱ្យចូលទៅក្នុងប្រទេសរបស់ខ្លួន។ ក្រុមអ្នកវិភាគ បានប៉ាន់ប្រមាណថា រដ្ឋធានីតេហេរ៉ង់ នៅតែរក្សាស្តុកមីស៊ីល និងយន្តហោះគ្មានមនុស្សបើក ឬដ្រូនយ៉ាងច្រើន និងមានមីស៊ីលបាល្លិស្ទីក (Ballistic Missiles) ពីរាប់រយ ទៅរាប់ពាន់គ្រាប់។

ទន្ទឹមគ្នានេះដែរ ក្រុមមន្ត្រីសហរដ្ឋអាម៉េរិក និងក្រុមមន្រ្ដីក្នុងតំបន់ ជឿថា អ៊ីរ៉ង់ ក៏បានបន្តនូវការផលិតមីស៊ីលផ្លោងមានចំនួនកំណត់ ជាមួយនឹងការប្រើសមាសធាតុស្តុកទុក និងកន្លែងរូងក្រោមដី។ បើតាមសេចក្ដីរាយការណ៍ បានឱ្យដឹងថា ក្នុងអំឡុងសង្គ្រាមនាដំណាក់កាលដំបូង អ៊ីរ៉ង់បានបំផ្លាញមូលដ្ឋានយោធាសហរដ្ឋអាម៉េរិក ស្ថានទូត និងមូលដ្ឋានកងទ័ពជើងទឹក នៃកងនាវាទី៥ នៅប្រទេសបារ៉ែន។ ក្រៅពីនេះ អ៊ីរ៉ង់ ក៏បានវាយប្រហារទៅលើរោងចក្រថាមពល និងឧស្សាហកម្ម នៅក្នុងប្រទេសអារ៉ាប់រួម ឬអារ៉ាប់អេមីរ៉េត រោងចក្រឧស្ម័នសំខាន់មួយនៅប្រទេសកាតារ និងអាកាសយានដ្ឋាន នៅទីក្រុងឌូបៃ ប្រទេសអារ៉ាប់រួម គុយវ៉ែត និងបារ៉ែនផងដែរ៕





