រាជរដ្ឋាភិបាល ចង់អភិវឌ្ឍសារមន្ទីរជាតិឱ្យក្លាយជាស្ថាប័នទំនើប រួមចំណែកជំរុញទេសចរណ៍វប្បធម៌ និងសេដ្ឋកិច្ចច្នៃប្រឌិត
S
Soriya Sou
•
មួយម៉ោងមុន

រាជធានីភ្នំពេញ៖ លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត មានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា មានផែនការអភិវឌ្ឍសារមន្ទីរជាតិ ឱ្យក្លាយជាស្ថាប័នទំនើបមួយ ដោយធានាបាននូវសុវត្ថិភាព ចីរភាព និងអាចបំពេញមុខងាររបស់ខ្លួនស្របតាមស្តង់ដារវិជ្ជាជីវៈ ក្នុងសម័យកាលទំនើប។ ការអភិវឌ្ឍនេះ គឺដើម្បីអាចឱ្យសារមន្ទីរជាតិ មានសមត្ថភាពទទួលភ្ញៀវជាតិ-អន្តរជាតិ បានកាន់តែច្រើន ដើម្បីរួមចំណែកដល់ការជំរុញទេសចរណ៍វប្បធម៌ និងសេដ្ឋកិច្ចច្នៃប្រឌិត...។

លោក វង្សី វិស្សុត ថ្លែងដូច្នេះ ក្នុងពេលអញ្ជើញជាអធិបតីក្នុងពិធីបង្ហាញ និងប្រគល់-ទទួលលទ្ធផលនៃការសិក្សាសមិទ្ធិលទ្ធភាពគម្រោងកែលម្អ ធ្វើទំនើបកម្ម និងពង្រីកសារមន្ទីរជាតិកម្ពុជា កាលពីរសៀលថ្ងៃទី២២តុលាម្សិលមិញ ដោយមានវត្តមានលោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងលោក អូលីវីយ៉េ រីឆាដ (Olivier Richard) ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា ព្រមទាំងតំណាងស្ថាប័នពាក់ព័ន្ធ និងអ្នកជំនាញជាច្រើនរូប អញ្ជើញចូលរួមផងដែរ។ ការបញ្ចប់វគ្គសិក្សាសមិទ្ធិលទ្ធភាពនៃគម្រោងនេះ នឹងផ្តល់នូវមូលដ្ឋានសិក្សាដ៏មានតម្លៃសម្រាប់ដំណាក់កាលបន្ទាប់ នៃការអភិវឌ្ឍសារមន្ទីរជាតិ។ លោក វង្សី វិស្សុត គូសបញ្ជាក់បន្ថែមថា ក្រៅពីមហិច្ឆតាអភិវឌ្ឍសារមន្ទីរជាតិ ឱ្យក្លាយជាស្ថាប័នទំនើប រាជរដ្ឋាភិបាល ក៏មានបំណងប្រែក្លាយសារមន្ទីរនេះ ទៅជាវេទិកាសម្រាប់ការស្រាវជ្រាវ ការអប់រំ ការចូលរួមរបស់សាធារណជន និងកិច្ចសន្ទនាវប្បធម៌អន្តរជាតិផងដែរ។

លោកវាយតម្លៃខ្ពស់ ចំពោះចំណងមិត្តភាពដ៏យូរអង្វែងរវាងកម្ពុជា និងបារាំង ក្នុងនោះ កិច្ចសហប្រតិបត្តិការលើវិស័យវប្បធម៌ និងបេតិកភណ្ឌ គឺជាផ្នែកមួយដ៏សំខាន់ និងមានអត្ថន័យជ្រាលជ្រៅនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ ក្នុងរយៈកាលជាង១៥០ឆ្នាំកន្លងមកនេះ។ ជាពិសេស ពិធីបង្ហាញ ប្រគល់ និងទទួលលទ្ធផលនៃការសិក្សាសមិទ្ធិលទ្ធភាពគម្រោងកែលម្អធ្វើទំនើបកម្ម និងពង្រីកសារមន្ទីរជាតិកម្ពុជា​ នាពេលនេះ គឺជាសក្ខីភាព បង្ហាញពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលបារាំង ក្នុងការបន្តជំរុញកិច្ចសហប្រតិបត្តិការលើវិស័យវប្បធម៌ និងបេតិកភណ្ឌ ដើម្បីបន្តថែរក្សាមរតកជាតិ និងផ្សព្វផ្សាយអារ្យធម៌ខ្មែរឱ្យកាន់តែទូលំទូលាយ លើឆាកអន្តរជាតិ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត