សារមន្ទីរជាតិនឹងរៀបចំពិព័រណ៍«រូបចម្លាក់ខ្មែរដែលប្រគល់ត្រឡប់មកព្រះរាជាណាចក្រកម្ពុជាវិញ»រយៈពេលកន្លះឆ្នាំ
អ
អុន សម្ផស្ស
•
17 មិថុនា 2024 04:30 PM

រាជធានីភ្នំពេញ៖ ក្នុងគោលបំណង អបអរព្រះរាជ្រពិធីចម្រើនព្រះជន្មហ្លួងម៉ែ សារមន្ទីរជាតិ នឹងបើកពិព័រណ៍ «រូបចម្លាក់ខ្មែរដែលប្រគល់ត្រឡប់មកព្រះរាជាណាចក្រកម្ពុជាវិញ» រយៈពេល៦ខែ ដោយគិតចាប់ពីថ្ងៃទី១៨ ខែមិថុនា រហូតដល់ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤..។

សារមន្ទីរជាតិកម្ពុជានៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ បានជូនដំណឹងថា៖«ក្នុងឱកាសព្រះរាជពិធីចម្រើនព្រះជន្ម សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ សារមន្ទីរជាតិកម្ពុជា មានកិត្តិយសជម្រាបជូនសាធារណជនមេត្តាជ្រាបថា សារមន្ទីរជាតិកម្ពុជានឹងបើកពិព័រណ៍មួយស្តីពី «រូបចម្លាក់ខ្មែរដែលប្រគល់ត្រឡប់មកព្រះរាជាណាចក្រកម្ពុជាវិញ» រយៈពេល៦ខែ ចាប់ពីថ្ងៃអង្គារទី១៨ ខែមិថុនា ដល់ថ្ងៃពុធទី១៨ ខែធ្នូ ឆ្នាំ២០២៤»។ គួរជម្រាបថា បើតាមការចុះផ្សាយរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្ប: អំពីសារមន្ទីរជាតិកាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៤ បង្ហាញថា សារមន្ទីរជាតិនៅរាជធានីភ្នំពេញជាសារមន្ទីរធំជាងគេនៅប្រទេសកម្ពុជា ដែលជាទីតាំងប្រមូលផ្ដុំសម្បត្តិវប្បធម៌​ និងប្រវត្តិសាស្ត្រ​ដ៏សំខាន់។ សារមន្ទីរជាតិមានរក្សាទុក​រូបសំណាក និង​ភស្ដុតាងប្រវត្តិសាស្ត្រ​កម្ពុជា ចំនួនជាង​១ម៉ឺន៤ពាន់ តាំងពីសម័យបុរេប្រវត្តិ​ សម័យអង្គរ និងសម័យក្រោយៗមកទៀត។

សារមន្ទីរ​ជាតិ​នេះ ​ត្រូវ​បាន​កសាងនៅថ្ងៃទី១៥ ខែ​សីហា ឆ្នាំ១៩១៧​ តាម​របៀប​ស្ថាបត្យកម្ម ​ប្រពៃណីខ្មែរ ​ហើយ​ត្រូវ​បាន​សម្ពោធ​ក្នុង​ឆ្នាំ​១៩២០ ​ ​ដោយ​ព្រះបាទ​ស៊ី​សុវត្ថិ ។​ ​ផ្នែកខាងក្នុង​នៃសារមន្ទីរ​ជាតិ​ មាន​តម្កល់​វត្ថុ​បុរាណ​សល់​តាំងពី​សម័យ​មុន​អង្គរ​ ​ និង​សម័យ​អង្គរ ជាការប្រមូល​ថែរក្សា​ទុក​ដ៏​ល្អ​សម្រាប់​ពិភពលោក​ ធ្វើការ​ស្រាវជ្រាវ​អំពី​វត្ថុ​បុរាណ​ ​សិល្បៈ​ ​សាសនា​បុរាណវិទ្យា​ខ្មែរ​តាំងពី​សតវត្ស​រ៍ទី​៤ ​រហូត​ដល់​សតវត្ស​រ៍ទី​១៣​។ ​​ ផែ្អកតាមសិ្ថតិនៃភ្ញៀវក្នុងស្រុកទស្សនា សារមនី្ទរជាតិ​បង្ហាញ​ថា កំណើតភ្ញៀវក្នុងស្រុកចាប់​កើនខ្ពស់ពីឆ្នាំ១៩៩៧មក ហើយកំណើននេះកើនឡើងខ្ពស់ ជាងភ្ញៀវបរទេស។ សិ្ថតិនេះ​បញ្ជាក់​ឱ្យ​ឃើញ​ថា ​ប្រជាពលរដ្ឋខែ្មរ​បាន​ចាប់​អារម្មណ៍​កាន់តែ​ច្រើន​ឡើង​ចំពោះវិស័យសិល្បៈ វប្បធម៌‌ខែ្មរ ពិសេសនិស្សិតដែលមកពីបណ្តាស្ថាប័នអប់រំខេត្តក្រុងនានា។

ក្នុងទិសដៅលើកកម្ពស់ការយល់ដឹងរបស់ប្រជាពលរដ្ឋអំពីសិល្បៈ​វប្បធម៌‌ខែ្មរ​ជាពិសេស​សំដៅ​ចំពោះយុវជនជំនាន់ក្រោយ ដែលជាទំពាំងស្នងឫស្សី។ សារមនី្ទរបានផ្តល់ឱកាសបម្រើជូនសិស្សនិស្សិតព្រះសង្ឃ និងកងទ័ពចូលទស្សនាដោយឥតគិតថៃ្ល។ ចំពោះ​ប្រជាពលរដ្ឋ​ទូទៅ​ត្រូវទិញ​សំបុត្រក្នុងតមៃ្លទាប ប្រាំរយរៀលបើបៀ្របធៀបទៅនឹងតមៃ្លសំបុត្រចូលទស្សនាសម្រាប់ជនបរទេស ដែលមានតមៃ្ល២ដុល្លារ។ ក្នុង​ចំណោម​ភ្ញៀវ​ទស្សនា​សារមនី្ទរជាតិ​ក៏​មាន​ភ្ញៀវ​ជា​គ​ណៈប្រតិភូ ក្នុងស្រុក និងបរទេសចូលទស្សនា សារមនី្ទរជាតិជាផ្លូវការដែរ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត