កម្ពុជា មានបំណងកែលម្អសារមន្ទីរជាតិ ដើម្បីសម្រួលការដាក់តាំងវត្ថុបុរាណ
អ
អុន សម្ផស្ស
•
09 កញ្ញា 2025 12:30 PM

រាជធានីភ្នំពេញ៖ មន្ត្រីជំនាញកម្ពុជា និងអ្នកជំនាញមកពីប្រទេសបារាំង នៅរសៀលថ្ងៃទី៨កញ្ញា បានបើកកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍លើកទី៤ ស្តីពីការសិក្សាលទ្ធភាពនៃការស្តារនិតិសម្បទា និងពង្រីកសារមន្ទីរជាតិកម្ពុជា។ នេះបើយោងតាមការផ្សព្វផ្សាយរបស់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅរាត្រីថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៥...។

កិច្ចប្រជុំនេះដឹកនាំដោយ លោកស្រី ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងលោកស្រី យ៉ានិក លីន Yannick Lintz ប្រធានសារមន្ទីរសិល្បៈអាស៊ីហ្គីមេ សហប្រធាននៃគណៈកម្មាធិការអចិន្រ្តៃ អមដោយអ្នកជំនាញជាតិ និងអន្តរជាតិសរុបចំនួន២១នាក់ មានគោលបំណងកែលម្អសោភ័ណភាពសារមន្ទីរជាតិកម្ពុជា កែសម្រួលការដាក់តាំងសមុច្ច័យឱ្យមានភាពទាក់ទាញ ចំពោះភ្ញៀវជាតិ និងអន្តរជាតិ។ សារមន្ទីរជាតិ ស្ថិតនៅរាជធានីភ្នំពេញ គឺជាទីតាំងប្រមូលផ្ដុំសម្បត្តិវប្បធម៌ ​និងប្រវត្តិសាស្ត្រ​ដ៏សំខាន់។ សារមន្ទីជាតិ ត្រូវបានបើកឱ្យភ្ញៀវជាតិ និងអន្តរជាតិចូលទស្សនាជារៀងរាល់ថ្ងៃ ចាប់ពីម៉ោង៨:០០ព្រឹក ដល់ម៉ោង១៧:០០ល្ងាច។

សូមរំឭកថា សារមន្ទីរ​ជាតិ​ ត្រូវ​បាន​កសាង​​កាលពីអំឡុងខែសីហា ឆ្នាំ១៩១៧​ តាម​របៀប​ស្ថាបត្យកម្ម ​ប្រពៃណីខ្មែរ ​ហើយ​ត្រូវ​បាន​សម្ពោធ​ក្នុង​ឆ្នាំ​១៩២០​ ​ ដោយ​ព្រះបាទ​ស៊ី​សុវត្ថិ ក្រោយពីថៃ្ងសម្ពោធក្នុងឆ្នាំ១៩២០នោះ សារមនី្ទរក្រុងកម្ពុជាធិបតី ត្រូវបានប្តូរឈ្មោះជា «សារមនី្ទរអាល់ប៊ែរសារូត៍» ហើយនៅឆ្នាំ១៩៩៦ បានប្តូរឈ្មោះជា «សារមនី្ទរ ជាតិនៃកម្ពុជា»។ លុះ​មក​ដល់​ឆ្នាំ១៩៧៩ សារមនី្ទរ ត្រូវបានប្តូរឈ្មោះជា «សារមនី្ទរវត្ថុបុរាណ»។ បន្ទាប់មកក្នុងសម័យលោក ពេជ កែវជា អភិរក្សសារមនី្ទរត្រូវបាន ប្រែឈ្មោះថា «សារមនី្ទរជាតិនៃកម្ពុជា» រហូត​ដល់​សព្វ​ថៃ្ងនេះ។ នៅខាងក្នុង​សារមន្ទីរ​ជាតិ​ មាន​តម្កល់​វត្ថុ​បុរាណ​សល់​តាំងពី​សម័យ​មុន​អង្គរ​​ និង​សម័យ​អង្គរ។​​ វា​ជា​ការ​ប្រមូល​ថែរក្សា​ទុក​ដ៏​ល្អ​សម្រាប់​ពិភពលោក​ធ្វើការ​ស្រាវជ្រាវ​អំពី​វត្ថុ​បុរាណ​​សិល្បៈ​ ​សាសនា​បុរាណវិទ្យា​ខ្មែរ​តាំងពី​សតវត្ស​រ៍ទី​៤ ​រហូត​ដល់​សតវត្ស​រ៍ទី​១៣​៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត