
ក្រុងក្រចេះ៖ គិតត្រឹមម៉ោង៧ព្រឹក ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦នេះ កម្ពស់ទឹកទន្លេមេគង្គ-ក្រចេះ មានកម្ពស់១០,៤៨ម៉ែត្រ ខណៈរាជធានី-ខេត្តទាំង២៤ផ្សេងទៀត ទឹកមិនទ្បើងទេ មានតែស្រក។ យ៉ាងណា នៅថ្ងៃស្អែកត្រូវនឹងទី២៤តុលា ទឹកទន្លេមេគង្គ-ក្រចេះ នឹងកើនឡើងដល់កម្ពស់១០,៥៣ម៉ែត្រ។ នេះបើយោងតាមព្រឹត្តិបត្រព័ត៌មានកម្ពស់ទឹក ចេញដោយក្រសួងធនធានទឹក និងឧតុនិយម...។

ដើមចមដែលធ្វើឱ្យកម្ពស់ទឹកទន្លេមេគង្គ-ក្រចេះ កើនទ្បើង បើតាមក្រសួងធនធានទឹក បញ្ជាក់ថា ព្យុះឈ្មោះចម្ពី បានវិវត្តទៅជាព្យុះសង្ឃរា មានឥទ្ធិពលមកលើសមុទ្ទកម្ពុជា និងអាងទន្លេមេគង្គ។ កត្តានេះ ធ្វើឱ្យ តំបន់វាលទំនាប ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៦ មានសីតុណ្ហភាពមធ្យមអប្បបរមា២៥អង្សាសេ និងសីតុណ្ហភាពមធ្យមអតិបរមា៣៣អង្សាសេ។ ក្នុងនោះ ខ្យល់បក់មកពីទិសនិរតី និងទិសពាយ័ព្យ ល្បឿនមធ្យម៤ម៉ែត្រ ក្នុងមួយវិនាទី។ រីឯ តំបន់មាត់សមុទ្ទ សីតុណ្ហភាពមធ្យមអប្បបរមា២៥អង្សាសេ និងសីតុណ្ហភាពមធ្យមអតិបរមា៣៤អង្សាសេ ខ្យល់បក់មកពីទិសនិរតី និងទិសអាគ្នេយ៍ មានល្បឿនមធ្យម៤ម៉ែត្រក្នុងមួយវិនាទី។ រលកសមុទ្ទ មានកម្ពស់មធ្យមអប្បបរមាកន្លះម៉ែត្រ និងកម្ពស់មធ្យមអតិបរមា១,៧៥ម៉ែត្រឯណោះ។

ចំណែក តំបន់ខ្ពង់រាប មានសីតុណ្ហភាពមធ្យមអប្បបរមា២៤អង្សាសេ និងសីតុណ្ហភាពមធ្យមអតិបរមា៣១អង្សាសេ ខ្យល់បក់មកពីទិសនិរតី និងទិសបស្ចិម មានល្បឿនមធ្យម៥ម៉ែត្រក្នុងមួយវិនាទី ស្ថានភាពបែបនេះ បង្កឱ្យជួរភ្នំដងរែក តំបន់ជួរភ្នំក្រវាញ និងបណ្តាខេត្តមួយចំនួន អាចមានភ្លៀងធ្លាក់មកជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ គ្របដណ្ដប់លើផ្ទៃដី៣០ភាគរយ។ យ៉ាងណា ផ្លូវដើររបស់ ព្យុះសង្ឃរាចម្ពី នេះ មិនស្ថិតលើប្រទេសកម្ពុជានោះទេ គ្រាន់តែចំហាយនៃឥទ្ធិពលរបស់បក់បោកមកលើកម្ពុជា ដោយប្រយោលប៉ុណ្ណោះ។ ប្រទេសជប៉ុន កោះតៃវ៉ាន់ ទើបជាផ្លូវដើរពិតប្រាកដរបស់ព្យុះសង្ឃរាដ៏កមណាចនេះ៕





