
រាជធានីភ្នំពេញ៖ ប្រជាពលរដ្ឋរស់នៅក្នុងរាជធានីភ្នំពេញ បានសម្ដែងការមិនពេញចិត្តជាខ្លាំង និងរិះគន់មិនសំចៃមាត់ ចំពោះសកម្មភាពរបស់ក្រុមមនុស្សដែលត្រូវបានគេស្គាល់ថា ជា«កម្លាំងសម្ងាត់» ឬហៅជាទូទៅថា«កូនខ្លា» របស់ផ្នែកនគរបាលព្រហ្មទណ្ឌរាជធានី បន្ទាប់ពីលេចឮ និងកើតមានបាតុភាពអវិជ្ជមានមួយចំនួន ប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់ និងសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ....។

ជាក់ស្ដែង កាលពីយប់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ យុវជន២នាក់ បានដាក់ពាក្យប្ដឹងនៅប៉ុស្ដិ៍នគរបាលសង្កាត់បឹងសាឡាង នៃខណ្ឌទួលគោ ក្រោយមានមនុស្សមួយក្រុមប្រដេញតាមចាប់រូបគេ ដោយគ្មានមូលហេតុ។ ជនរងគ្រោះទាំង២នាក់ បានឱ្យដឹងថា មុនពេលកើតហេតុ មានមនុស្សមួយក្រុមប្រដេញតាមពួកគេ ដោយឃើញស្ថានភាពមិនស្រួល ពួកគេជម្លៀលខ្លួនមករកកន្លែងទីប្រជុំជន រួចបានដកទូរសព្ទថតស្រែកឆោរឡោ ទើបមនុស្សមួយក្រុមនោះ នាំគ្នាជិះចេញទីតាំងកើតហេតុ។ យ៉ាងណា មិនបានប៉ុន្មានម៉ោងផង វីដេអូនៃសកម្មភាពទាំងនោះ ត្រូវបានចែកចាយលើបណ្ដាញសង្គម ដោយទទួលរងនូវការរិះគន់ពីមហាជន ជាពិសេស អ្នករស់នៅរាជធានីផ្ទាល់ថា ក្រុមដែលអះអាងខ្លួនជា«កូនខ្លា» ឬកម្លាំងបង្កប់ទាំងនោះ តែងតែធ្វើសកម្មភាពចុះអន្តរាគមន៍ ឬឃាត់ខ្លួនពលរដ្ឋដោយគ្មានឯកសណ្ឋានច្បាស់លាស់ គ្មានបណ្ណសម្គាល់ខ្លួន និងពេលខ្លះ ប្រើប្រាស់កាយវិការខុសពីក្រមសីលធម៌របស់មន្ត្រីអនុវត្តច្បាប់ ថែមទៀតផង។

ការណ៍នេះ បានបង្កើតជាការភ័យខ្លាច និងបង្កើតការសង្ស័យក្នុងចំណោមសាធារណជន ព្រោះមិនអាចបែងចែកដាច់ រវាង«មន្ត្រីសមត្ថកិច្ចពិតប្រាកដ» និង «ក្រុមជនខិលខូច ដែលជ្រកក្រោមឈ្មោះសមត្ថកិច្ច ទៅប្រព្រឹត្តបទល្មើស»។ មហាជនរំពឹងយ៉ាងមុតមាំថា ថ្នាក់ដឹកនាំសមត្ថកិច្ចផ្នែកនេះ នឹងពិនិត្យមើលបញ្ហាខាងលើដោយយកចិត្តទុកដាក់បំផុត ដើម្បីពង្រឹងកិត្តិយស និងសេចក្តីថ្លៃថ្នូររបស់កងកម្លាំងនគរបាលជាតិ ព្រមទាំងធានាបាននូវសុវត្ថិភាព និងភាពកក់ក្ដៅ ជូនប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ។ ជុំវិញបញ្ហាខាងលើនេះ ការីនិពន្ធព័ត៌មានអង្គភាព SBM News បានស្នើសុំការបំភ្លឺពី លោក សំ វិច្ឆិកា អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលរាជធានី នៅព្រឹកថ្ងៃទី២៣ ខែតុលានេះដែរ ប៉ុន្តែមិនទាន់មានការឆ្លើយតបឡើយ គិតត្រឹមម៉ោងចេញផ្សាយនេះ៕








