
រាជធានីភ្នំពេញ៖ មនុស្សជាច្រើននាក់ ត្រូវបានឃាត់ខ្លួនដោយសមត្ថកិច្ច ខណៈនារីរងគ្រោះពីអំពើ«សញ្ចារកម្ម»ត្រូវបានរំដោះយកទៅអប់រំណែនាំ ប្រឹក្សាស្មារតីពីអ្នកជំនាញ ក្នុងប្រតិបត្តិការមួយ ដែលសមត្ថកិច្ចប្រឆាំងការជួញដូរមនុស្ស សហការជាមួយអាជ្ញាធរមានសមត្ថកិច្ច ធ្វើសកម្មភាពឆ្មក់ចុះបង្ក្រាបលើទីតាំងហាង «អេសអឹម ស្ទីម និងម៉ាស្សា» ក្រោយសង្ស័យថា បានលួចបង្កប់អាជីវកម្មសេវាផ្លូវភេទខុសច្បាប់...។

ប្រភពព័ត៌មានពីមន្ត្រីនគរបាល បានឱ្យដឹងថា ប្រតិបត្តិការឆ្មក់បង្ក្រាបនេះ ធ្វើឡើងកាលពីយប់ថ្ងៃព្រហស្បតិ៍ទី២២ ខែតុលា ឆ្នាំ២០២៦ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ៩៥ កែងផ្លូវ៣៩៦ សង្កាត់បឹងកេងកងទី៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។ បន្ទាប់ពីកម្លាំងសមត្ថកិច្ចជំនាញចុះស្រាវជ្រាវ យកព័ត៌មាន និងតាមដានយ៉ាងយកចិត្តទុកដាក់មួយរយៈពេល រហូតកំណត់បានថា ទីតាំងអាជីវកម្មស្ទីម និងម៉ាស្សាខាងលើ បានលួចលាក់បង្កប់សេវាកម្មផ្លូវភេទខុសច្បាប់។ ក្រោយអាជ្ញាធរជំនាញធ្វើការត្រួតពិនិត្យ ទីតាំងខាងលើ មាននារីៗបម្រើសេវាសញ្ចារកម្មជាច្រើន ដែលម្ចាស់បានលួចលាក់បង្កប់នៅខាងក្នុង។

ក្នុងប្រតិបត្តិការបោសសម្អាត សមត្ថកិច្ចបាននាំខ្លួនអ្នកពាក់ព័ន្ធជាច្រើននាក់ រួមទាំងវត្ថុតាង យកឡើងរថយន្តបញ្ជូនទៅកាន់ការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីធ្វើការសាកសួរព័ត៌មានលម្អិតបន្ថែម និងចាត់ការតាមនីតិវិធីច្បាប់លើម្ចាស់ទីតាំង និងអ្នកជាប់ពាក់ព័ន្ធ អ្នកសមគំនិត ដើម្បីបញ្ជូនបន្តទៅកាន់តុលាការ៕









