កម្ពុជាបដិសេធការចោទប្រកាន់របស់ថៃ និងតវ៉ាចំពោះសកម្មភាពឯកតោភាគី នៅតាមទីតាំងបេតិកភណ្ឌវប្បធម៌ខ្មែរ
អ
អុន សម្ផស្ស
•
មួយម៉ោងមុន

រាជធានីភ្នំពេញ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជា នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ បានចេញសេចក្ដីថ្លែងការណ៍បដិសេធយ៉ាងម៉ឺងម៉ាត់ ចំពោះការចោទប្រកាន់ជាបន្តបន្ទាប់របស់អាជ្ញាធរយោធាថៃ ដែលថា កម្ពុជាបានប្រើប្រាស់ប្រាសាទបុរាណសម្រាប់គោលបំណងយោធា ព្រមទាំងបានសម្ដែងការតវ៉ាយ៉ាងដាច់ខាត ចំពោះសកម្មភាពឯកតោភាគីរបស់ថៃ នៅតាមទីតាំងបេតិកភណ្ឌវប្បធម៌របស់កម្ពុជា តាមបណ្តោយព្រំដែននៃប្រទេសទាំងពីរ...។

សេចក្ដីថ្លែងការណ៍ ក្រសួងចាត់ទុកការចោទប្រកាន់របស់ភាគីថៃ ជាការចោទប្រកាន់គ្មានមូលដ្ឋាន បំភ្លៃការពិត និងបង្វែរការយកចិត្តទុកដាក់ពីការខូចខាត ដែលកងកម្លាំងប្រដាប់អាវុធថៃ បង្កឡើងចំពោះបេតិកភណ្ឌវប្បធម៌កម្ពុជា។ ក្រសួងបញ្ជាក់ថា ប្រាសាទបុរាណ និងទីតាំងបុរាណវិទ្យា គឺជាទីតាំងដែលមានតម្លៃផ្នែកវប្បធម៌ ប្រវត្តិសាស្ត្រ និងសាសនា ព្រមទាំងមានសារសំខាន់សម្រាប់ការអភិរក្ស ការស្រាវជ្រាវ ការអប់រំ និងវិស័យទេសចរណ៍ មិនមែនជាមូលដ្ឋានយោធាឡើយ។ ក្នុងនាមជារដ្ឋភាគីនៃអនុសញ្ញាទីក្រុងឡាអេ ឆ្នាំ១៩៥៤ ស្តីពីការ[ការពារបេតិកភណ្ឌវប្បធម៌]ក្នុងករណីមានជម្លោះប្រដាប់អាវុធ និងអនុសញ្ញាឆ្នាំ១៩៧២ កម្ពុជា ប្តេជ្ញាចិត្តក្នុងងការការពារបេតិកភណ្ឌវប្បធម៌ ស្របតាមច្បាប់អន្តរជាតិ។

ជាមួយគ្នា កម្ពុជា ក៏បានតវ៉ាចំពោះវត្តមានកងកម្លាំងយោធាថៃ និងសកម្មភាពឯកតោភាគីនានារបស់ភាគីថៃ នៅ ប្រាសាទតាមាន់ធំ ប្រាសាទតាក្របី ប្រាសាទខ្នារ និងទីតាំងបុរាណវិទ្យាផ្សេងទៀតរបស់កម្ពុជា តាមបណ្តោយព្រំដែន។ សកម្មភាពទាំងនោះរួមមាន៖ សកម្មភាពរបស់យោធាថៃ បោសសម្អាតមីន សាងសង់ហេដ្ឋារចនាសម្ព័ន្ធ បណ្តាញអគ្គិសនី គម្រោងជួសជុល និងស្តារឡើងវិញ ព្រមទាំងសកម្មភាពផ្សេងៗ ដែលអាចប៉ះពាល់ដល់ទីតាំងបេតិកភណ្ឌទាំងនោះ។ ក្រសួងបារម្ភថា សកម្មភាពរបស់ភាគីថៃ អាចប៉ះពាល់ដល់អធិបតេយ្យភាព និងបូរណភាពទឹកដីរបស់កម្ពុជា ព្រមទាំងរារាំងដល់ដំណើរការដោះស្រាយបញ្ហាព្រំដែន ដែលនៅសេសសល់ដោយសន្តិវិធី។

សេចក្ដីថ្លែងការណ៍ដដែល ក៏បានរំឭកអំពីការខូចខាតដែលបានកើតឡើងចំពោះប្រាសាទព្រះវិហារ និងទីតាំងបេតិកភណ្ឌវប្បធម៌ផ្សេងទៀត ក្នុងអំឡុងពេលនៃការប៉ះទង្គិចប្រដាប់អាវុធក្នុងខែកក្កដា និងខែធ្នូ ឆ្នាំ២០២៥។ ការបំផ្លិចបំផ្លាញបេតិកភណ្ឌវប្បធម៌ ដែលមានតម្លៃមិនអាចកាត់ថ្លៃបាន និងមិនអាចជំនួសបាន ដែលការខូចខាតនេះ ត្រូវបានកត់ត្រាទុកជាឯកសារយ៉ាងច្បាស់លាស់ បានគូសបញ្ជាក់ពីភាពចាំបាច់បន្ទាន់នៃការបន្តអត់ធ្មត់ កុំឱ្យមានការបំផ្លាញបន្ត ការទទួលខុសត្រូវចំពោះទង្វើរបស់ខ្លួនដែលជាអ្នកបំផ្លាញ និងការគោរពយ៉ាងពេញលេញ ចំពោះអនុសញ្ញាអន្តរជាតិនានា ពាក់ព័ន្ធនឹងការការពារបេតិកភណ្ឌវប្បធម៌។ ក្រសួងវប្បធម៌ អំពាវនាវឱ្យអាជ្ញាធរថៃ បញ្ឈប់ការចោទប្រកាន់លើកម្ពុជា ដោយគ្មានមូលដ្ឋាន បញ្ឈប់សកម្មភាពជាឯកតោភាគី​ នៅតាមទីតាំងបេតិកភណ្ឌវប្បធម៌របស់កម្ពុជា និងគោរពអធិបតេយ្យភាព ព្រមទាំងបូរណភាពទឹកដីរបស់កម្ពុជា។

ផ្ទុយមកវិញ ថៃត្រូវបន្តដោះស្រាយបញ្ហាព្រំដែនដែលនៅសេសសល់ តាមមធ្យោបាយសន្តិវិធី និងយន្តការទ្វេភាគីដែលមានស្រាប់ ជាពិសេសគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោកកម្ពុជា-ថៃ (JBC)។ លើសពីនេះ កម្ពុជាទាមទារជាថ្មី ឱ្យមានការប្រគល់វត្ថុបុរាណ ដែលត្រូវបានយកចេញពីប្រាសាទខ្នារ និងដឹកយកទៅប្រទេសថៃ ត្រឡប់មកកម្ពុជាវិញ។ ក្រសួងសង្កត់ធ្ងន់ថា ប្រាសាទបុរាណ និងទីតាំងបេតិកភណ្ឌវប្បធម៌ ត្រូវតែទទួលបានការការពារ និងការគោរព មិនត្រូវយកទៅប្រើប្រាស់ជាឧបករណ៍នយោបាយ ឬជាទីតាំងប្រឈមមុខដាក់គ្នា ដោយកម្លាំងយោធានោះឡើយ។ កម្ពុជា ប្តេជ្ញាចិត្តក្នុងងការអភិរក្សបេតិកភណ្ឌវប្បធម៌ សម្រាប់មនុស្សជំនាន់ក្រោយ និងអំពាវនាវឱ្យគ្រប់ភាគីគោរពច្បាប់អន្តរជាតិ និងបំពេញកាតព្វកិច្ចក្នុងការការពារបេតិកភណ្ឌវប្បធម៌៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត