សមាជិកសភាជាន់ខ្ពស់អ៊ីរ៉ង់ ជំរុញឱ្យប្រើអាវុធនុយក្លេអ៊ែរ ចំពេលនាយករដ្ឋមន្រ្ដីអ៊ីស្រាអែល បញ្ជាឱ្យ​តាមផ្ដាច់ជីវិតមេដឹកនាំកំពូល ម៉ូចតាបា
S
Sinuon Nop
•
23 តុលា 2026 10:30 AM

រដ្ឋធានីតេហេរ៉ង់៖ ស្ថានការណ៍នៅតំបន់មជ្ឈិមបូព៌ា ផ្ដើមឡើងកម្ដៅកាន់តែខ្លាំង លើភាពតានតឹងដែលមានស្រាប់ ក្រោយលោកនាយករដ្ឋមន្រ្ដី បេនចាមីន នេតាន់យ៉ាហ៊ូ ​បញ្ជាកងទ័ពអ៊ីស្រាអែល ​ ទីភ្នាក់ងារចារកម្មជាតិទទួលបន្ទុកកិច្ចការបរទេស (Mossad) និងទីភ្នាក់ងារសន្ដិសុខមួយចំនួនទៀត តាមស្រាវជ្រាវ និងស្វែងរក ដើម្បីសម្លាប់មេដឹកនាំកំពូលអ៊ីរ៉ង់ថ្មី លោក ម៉ូចតាបា ខាមេនី ដែលកំពុងលាក់ខ្លួន ចាប់តាំងពីឡើងកាន់តំណែងរហូតមក ខណៈសមាជិកសភាជាន់ខ្ពស់អ៊ីរ៉ង់ កំពុង​​ជំរុញឱ្យរដ្ឋាភិបាលរដ្ឋធានីតេហេរ៉ង់ ប្រើប្រាស់អាវុធប្រហារប្រល័យលោក ប្រសិនបើ​សហរដ្ឋអាម៉េរិក វាយប្រហារមកលើអ៊ីរ៉ង់ម្ដងទៀត...។

ប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ និងនាយករដ្ឋមន្រ្ដីអ៊ីស្រាអែល លោក ណេតាន់យ៉ាហ៊ូ
ប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ និងនាយករដ្ឋមន្រ្ដីអ៊ីស្រាអែល លោក ណេតាន់យ៉ាហ៊ូ

លោកនាយករដ្ឋមន្រ្ដី នេតាន់យ៉ាហ៊ូ ​បានថ្លែងទៅកាន់​ពិធីបិទបញ្ចប់វគ្គសិក្សារបស់នាយទាហាន នៃកងកម្លាំងការពារអ៊ីស្រាអែល (IDF) ថា៖«មាន​មធ្យោបាយតែមួយគត់ ដើម្បីលុបបំបាត់នូវការគំរាមកំហែងទាំងនេះ ឱ្យអស់ទៅវិញជាស្ថាពរ មានតែការផ្តួលរំលំរបបដឹកនាំ នៅអ៊ីរ៉ង់។ ​នេះ​ជាការណែនាំរបស់ខ្ញុំ ទៅកាន់កងកម្លាំងការពារអ៊ីស្រាអែល​, Mossad និងស្ថាប័នសន្តិសុខផ្សេងៗទៀត»។ សារព័ត៌មានដ៏ល្បីល្បាញរបស់អាម៉េរិក New York Post ក៏បានចេញផ្សាយកាលពីល្ងាចថ្ងៃព្រហស្បតិ៍ទី២២តុលាថា ​លោក បេនចាមីន នេតាន់យ៉ាហ៊ូ បាន​​ណែនាំដល់កងកម្លាំងការពារអ៊ីស្រាអែល (IDF), ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ម៉ូសសាដ ដែលជាទីភ្នាក់ងារចារកម្ម និងជាកងកម្លាំងប្រតិបត្ដិការពិសេស និងស្ថាប័នសន្តិសុខផ្សេងៗទៀត ត្រូវ​ស្វែងរកមេដឹកនាំកំពូលអ៊ីរ៉ង់ លោក ម៉ូចតាបា ខាមេនី ដើម្បីផ្តួលរំលំរបបដឹកនាំប្រទេសអ៊ីរ៉ង់ ដោយលោកចាត់ទុកថា នេះជាមធ្យោបាយតែមួយគត់ ដើម្បីលុបបំបាត់នូវការគំរាមកំហែង ដោយអាវុធនុយក្លេអ៊ែរ ពីរដ្ឋាភិបាលរដ្ឋធានីតេហេរ៉ង់។

មេដឹកនាំកំពូលអ៊ីរ៉ង់ លោក ម៉ូចតាបា ខាមេនី (Mojtaba Khamenei)
មេដឹកនាំកំពូលអ៊ីរ៉ង់ លោក ម៉ូចតាបា ខាមេនី (Mojtaba Khamenei)

មេដឹកនាំអ៊ីស្រាអែល រូបនេះ សង្កត់ធ្ងន់​​ថា៖«ដរាបណារបបនេះ នៅមានវត្តមាន ហើយដរាបណាពួកគេនៅតែខិតខំប្រឹងប្រែង ស្វែងរកអាវុធដ៏គួរឱ្យភ័យខ្លាច នោះ ​ប្រទេសអ៊ីស្រាអែល និងពលរដ្ឋអ៊ីស្រាអែល នឹងត្រូវប្រឈមមុខនឹងការគំរាមកំហែង ដល់អាយុជីវិត។ ​ភារកិច្ចរបស់យើង ជាភារកិច្ចរបស់​ជាតិយើងទាំងអស់គ្នា គឺត្រូវសង្គ្រោះជាតិ»។​ ស្របពេលនេះដែរ បណ្ដាញទូរទស្សន៍ផ្សព្វ​ផ្សាយនៅពាសពេញ​ពិភពលោក ជាភាសាពែរក្ស (Persian អ៊ីរ៉ង់) អង់គ្លេស និងអារ៉ាប់ Iran International មានមូលដ្ឋាន​នៅរាជធានីឡុងដ៍ ចក្រភពព្រីតថែន បានចេញផ្សាយដំណឹងនេះ នៅព្រឹកថ្ងៃសុក្រទី២៣ ខែតុលានេះថា ប្រធានគណៈកម្មាធិការកិច្ចការផ្ទៃក្នុងរបស់សភាអ៊ីរ៉ង់ កាលពីថ្ងៃព្រហស្បតិ៍ បានអំពាវនាវដល់រដ្ឋាភិបាលរដ្ឋធានីតេហេរ៉ង់ ត្រូវតែសម្រេចចិត្ត ប្រើប្រាស់អាវុធដ៏គ្រោះថ្នាក់បំផុត ដោយរាប់បញ្ចូលទាំងអាវុធនុយក្លេអ៊ែរ ប្រសិនបើ សហរដ្ឋអាម៉េរិក ​វាយប្រហារមកលើប្រទេសអ៊ីរ៉ង់ ជាថ្មី។​

ប្រធានគណៈកម្មាធិការកិច្ចការផ្ទៃក្នុងរបស់សភាអ៊ីរ៉ង់ លោក ម៉ូហាមម៉េដ-សាឡេះ ចូការ (Mohammad-Saleh Jokar)
ប្រធានគណៈកម្មាធិការកិច្ចការផ្ទៃក្នុងរបស់សភាអ៊ីរ៉ង់ លោក ម៉ូហាមម៉េដ-សាឡេះ ចូការ (Mohammad-Saleh Jokar)

លោក ម៉ូហាមម៉េដ-សាឡេះ ចូការ ប្រធានគណៈកម្មាធិការកិច្ចការផ្ទៃក្នុងរបស់សភាអ៊ីរ៉ង់ បញ្ជាក់ថា៖«នៅក្នុងកិច្ច​ការការពារជាតិ និងក្នុងគោលបំណងរារាំងសត្រូវ ខ្ញុំសូមស្នើឱ្យអាជ្ញាធរ នៃសាធារណរដ្ឋអ៊ិស្លាមអ៊ីរ៉ង់ អនុញ្ញាតឱ្យមានការប្រើប្រាស់អាវុធ សម្រាប់រារាំង ដោយរាប់បញ្ចូល​ទាំងអាវុធនុយក្លេអ៊ែរផងដែរ ប្រសិនបើមានការវាយប្រហារពី​សហរដ្ឋអាម៉េរិក មកលើប្រទេសអ៊ីរ៉​ង់​»។ ទន្ទឹមគ្នា សមាជិកសភាជាន់ខ្ពស់អ៊ីរ៉ង់រូបនេះ ក៏បាន​អំពាវនាវឱ្យមេដឹកនាំអ៊ីរ៉ង់ ផ្អាកធ្វើកិច្ចសហប្រតិបត្តិការរបស់ខ្លួន ជាមួយ«សន្ធិសញ្ញា ស្ដីអំពីការមិនរីកសាយភាយអាវុធនុយក្លេអ៊ែរ» (Nuclear Non-Proliferation Treaty) នៅក្នុងករណី​មានការវាយប្រហារពីសហរដ្ឋអាម៉េរិកម្ដងទៀត។ បន្ថែមពីលើនេះ លោកក៏បាន​ព្រមានថា ប្រទេសណាមួយ ដែលអនុញ្ញាតឱ្យប្រើប្រាស់ទឹកដី ឬដែនអាកាសរបស់ខ្លួន សម្រាប់ការវាយប្រហារមកលើប្រទេសអ៊ីរ៉ង់ នោះ  នឹងត្រូវប្រឈមមុខជាមួយនឹង​«ការឆ្លើយតបដ៏​ធ្ងន់ធ្ងរ» និង«ត្រូវតែទទួលរងផលវិបាក ពីការវាយប្រហាររបស់រដ្ឋាភិបាលរដ្ឋធានីតេហេរ៉ង់»៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត